ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ជំនាញ​ជប៉ុន​សិក្សា​អំពី​លទ្ធភាព​កែទម្រង់​ការ​បោះឆ្នោត


ទិដ្ឋភាព​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​កាល​ពី​ឆ្នាំ​២០១២។
ទិដ្ឋភាព​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​កាល​ពី​ឆ្នាំ​២០១២។
ក្រុម​អ្នក​ជំនាញ​ការជប៉ុន​ដើម្បី​ការ​សិក្សា​អំពី​លទ្ធភាព​គាំទ្រ​ដល់​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ទំនង​ជាផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​បឋម​លើការ​កែ​សម្រួល​វិធីសាស្ត្រ​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ ស្រប​ពេល​ដែល​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិបាន​ជួបគ្នាក្រៅផ្លូវ​ការដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​ក្នុង​ពេល​ខាងមុខ។​

នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​និងអ្នក​នយោបាយជំទាស់​ដែល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ក្រោយ​ពី​ជំនួប​ជាមួយ​នឹង​ក្រុម​គណៈ​ប្រតិភូ​ជប៉ុន​កាល​ពី​រសៀល​ថ្ងៃ​ពុធ លោក​ទេព ​នីថា​ អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត មាន​ប្រសាសន៍​ថា​ ក្រុម​អ្នក​ជំនាញ​ការ​ជប៉ុន​ផ្តោត​ការ​ចាប់​អារម្មណ៍​លើ​ការ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត។​

«គាត់​បាន​លើក​ឡើង​ថា ​តើ​ឲ្យ​គណៈ​ប្រតិភូ​ជប៉ុន​ជួយ​ចំណុច​ណា​ខ្លះ? ហើយ​គ.ជ.ប.​បាន​បញ្ជាក់​ថា​ ការណ៍​ដែល​សំខាន់​នោះ​គឺ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​និង​ការ​អប់រំ​អ្នក​បោះឆ្នោត។​ ប៉ុន្តែ​គម្រោង​ប៉ាន់​ស្មាន​ថា​ នឹង​អស់​តម្លៃ​ប៉ុណ្ណា​នោះ ​យើង​មិន​អាច​ទស្សទាយ​បាន​ទេ​ ​ព្រោះ​ថា ​មិន​ដឹង​ ថា​តើ​ការ​សម្រេច​នោះ​នឹង​ធ្វើ​ការ​ចុះ​ឈ្មោះ​ដោយ​របៀប​ណា​ផង»។​

គណបក្ស​ជំទាស់​បាន​ទាមទារ​ឲ្យ​រុះ​រើ​សមាសភាព​ដឹក​នាំ​នៃ​គ.ជ.ប.​ និង​ដាក់​ស្ថាប័ន​នេះ​ឲ្យ​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ ​និង​ធ្វើ​ឲ្យ​មាន​សុក្រិតភាព​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត។​

លោក​ទេព នីថា​ បញ្ជាក់​ថា​ គណៈប្រតិភូ​ជប៉ុន​បាន​សាក​សួរ​អំពី​និតិវិធី​រើស​សមាស​ភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ និង​បុគ្គលិក​គ.ជ.ប.។​

សូម​បញ្ជាក់​ថា ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​គួយ ប៊ុនរឿន​ តំណាង​គណបក្ស​សង្គ្រោះជាតិ និង​លោក​ព្រំ សុខា​ តំណាង​គណបក្សប្រជាជន​កម្ពុជា​ បាន​ជួប​គ្នា​ដើម្បី​បង្ហាញ​ជំហរ​អំពី​ការរៀប​ចំ​ផែន​ការ​សម្រាប់ជំនួប​កំពូល​នៃ​មេដឹកនាំ​គណបក្ស​ទាំងពីរ។​ ប៉ុន្តែ​ជំនួប​នោះ​នៅ​មិន​ទាន់​ត្រូវ​បាន​កំណត់​ពេល​នៅ​ឡើយ​ទេ។​

លោក​គួយ ប៊ុនរឿន​បាន​បញ្ជាក់​ថា​ នោះ​គ្រាន់​តែ​ជា​ជំនួប​ក្រៅ​ផ្លូវការ​តែ​ប៉ុណ្ណោះ។​

«និយាយ​រួម​ទៅ​ ជា​លក្ខណៈ​ក្រៅ​ផ្លូវការ​ ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ទំនាក់​ទំនង​របស់​ការងារ​ក្រុម​បច្ចេក​ទេស​សម្រាប់​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ»។​

គម្រោង​ការ​ជួប​ចរចា​កម្រិតកំពូល​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​ការ​ផ្នែក​បោះឆ្នោតមក​ពី​ប្រទេស​ជប៉ុន​ចំនួន​ដប់​រូបកំពុង​សិក្សា​ពី​លទ្ធភាព​ជួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះឆ្នោតដែលបង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស់​យ៉ាង​ច្រើន។​

នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ ក្រុម​ប្រតិភូ​ជប៉ុន​នេះនឹង​ជួប​ជាមួយ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើ​ការងារ​ឃ្លាំ​មើល​ការ​បោះឆ្នោត៕
XS
SM
MD
LG