ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន​យល់​ស្រប​តាម​សំណើ​ខ្លះ​​របស់​គណបក្ស​សង្គ្រោះជាតិ

  • ហេង រស្មី

លោក ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក​ កឹម សុខា នៅ​មុន​ពេល​​ការ​ចរចា​រវាង​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ឆ្នាំ​មុន។
បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​កាន់​កាប់​អំណាច​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​ បាន​ធ្វើ​សម្បទាន​មក​ឲ្យគណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​គូ​ជម្លោះ​ដ៏​សំខាន់​នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា ​វិបត្តិ​នយោបាយ​ដែល​បាន​ជាប់​គាំង​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​កន្លង​មក​នេះ​ អាច​នឹង​ទម្លុះ​ទម្លាយភាព​ជាប់​គាំង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

កាល​ពី​ថ្ងៃ​អង្គារ​នៅ​ខេត្ត​កំពត​ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន បាន​យល់​ព្រម​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​មាន​ស្ថានីយ​ទូរទស្សន៍​របស់​ខ្លួន​ក៏​ប៉ុន្តែ​មិន​មែន​ជា​របស់​គណបក្ស​ទេគឺ​ជា​របស់​ក្រុម​ហ៊ុន​ឯកជន​តែ​ប៉ុណ្ណោះ។ ​ស្ថានីយ​ទូរទស្សន៍​នេះ​មិន​មែន​ជា​ស្ថានីយ​មួយ​ដាច់​ដោយ​ឡែក​ ដូច​ស្ថានីយ​ទូរទស្សន៍​ផ្សេង​ទៀត​ទេ​គឺ​ជា​ស្ថានីយ​ដែល​ទូរទស្សន៍​ជាតិ​កម្ពុជា​បំបែក​ចេញ​ពី​ Channel​ របស់​ខ្លួន។

លោក ហ៊ុន ​សែន​ ក៏​បាន​យល់​ព្រម​ឲ្យដាក់​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​ជា​ស្ថាប័នធម្មនុញ្ញ​ ក៏​ប៉ុន្តែ​ត្រូវ​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ ដោយ​ដាក់​ស្ថាប័ន​នេះ​ទៅ​ក្នុង​មួយ​ជំពូក​ទៀត​គឺ​ជំពូក​ទី​១៥។​

សម្បទាន​នយោបាយ​ថ្មីៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​លោក​បណ្ឌិតឡៅ​ ម៉ុង​ហៃ​ ​អ្នក​វិភាគ​ឯក​រាជ្យ​មើល​ឃើញ​ថា​ វិបត្តិ​នយោបាយ​នៅ​កម្ពុជា​អាច​នឹង​ទម្លុះ​ទម្លាយ​ភាព​ជាប់​គាំង​ក្នុង​ពេល​ឆាប់ៗខាង​មុខ​នេះ។​

លោក​មាន​ប្រសាសន៍​ថា​ នេះ​ជា​ច្រក​ចេញ​មួយ​នៃ​យុទ្ធសាស្ត្រ​ឈ្នះៗទាំង​អស់​គ្នា ​ដោយ​គ្មាន​ភាគី​ណាមួយ​ជា​អ្នក​ចាញ់​ ​ហើយ​ប្រសិន​បើ​ភាគី​ម្ខាង​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​ ដោយ​គ្មាន​សម្បទាន​ និង​ភាគី​ម្ខាង​ទៀត​ទាមទារ​ឲ្យមាន​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រហែល​ជាមិន​អាច​ចេញ​រួច​ទេ។​

លោក​និយាយ​ថា៖ ​«ស្ថានភាព​បែប​នេះ​ជា​ពិសេស​ភាព ​ដែល​ជាប់​គាំង​គឺ​បង្កើត​ភាព​មិន​ទៀង​ទាត់​ហ្នឹង​គឺ​ពិបាក​ក្នុង​ការ​រក​ស៊ី​ គឺ​ជីវភាព​រស់​នៅ​គឺ​មិន​ជា​ស្រណុក​ទេ​ ​ក្នុង​ភាព​មិន​ទៀង​ទាត់​បែប​នេះ»។​

ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​មិន​ទាន់​បាន​ព្រម​ព្រៀង​គ្នា​នៅ​ឡើងដើម្បី​ទម្លុះ​ភាព​ជាប់​គាំង​នយោបាយ។​ គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ធ្លាប់​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ បាន​បន្ត​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​ ​ដោយ​ប្រកាន់​ជំហរ​ថា​ ដរាប​ណា​ការ​ទាមទារ​របស់​ខ្លួន​លើ​កំណែ​ទម្រង់គ.ជ.ប.​មិន​ទាន់​បាន​ដោះ​ស្រាយ​នោះ​ នោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​រួម​ប្រជុំ​សភា​ទេ។​

លោកស៊ុន ​ឆ័យ​ សមាជិក​ក្រុម​ចរចា​ខាង​គណបក្ស​សង្គ្រោះជាតិ​ មាន​ប្រសាសន៍​ថា​ អ្វី​ដែល​ជាការ​ធ្វើ​សម្បទាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែនគឺគ្រាន់​តែ​ជាផ្នែក​មួយ​នៃ​ការ​ចរចាកន្លង​ទៅ​តែ​ប៉ុណ្ណោះ។​ ​លោក​បញ្ជាក់​ថា​ អ្វី​ដែល​គណបក្ស​ទាំង​ពីរ​នឹង​ត្រូវ​ជជែក​គ្នា​ទៀត​គឺ​នៅ​ចំណុចពាក់​ព័ន្ធនឹង​កំណែទម្រង់គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ដែល​យើង​ទាមទារ​ឲ្យផ្លាស់​ប្តូរ​មន្ត្រី​មួយ​ចំនួន​ដូច​ជា​លោក​អ៊ឹម​ សួស្តី​ ​និងលោកទេពនីថា​ជាដើម។​

លោក​និយាយ​ថា៖ «ស្ថាប័ន​បោះ​ឆ្នោត​នេះ​ឲ្យវា​ឯករាជ្យ​ហើយ​វា​ធានា​ដល់​ការ​បោះ​ឆ្នោត​នេះ​យុត្តិធម៌។​ ហើយ​បើ​ស្ថាប័ន​នេះ​នៅ​តែ​ធ្វើ​ការ​បន្លំ​ដូច​ជាបន្លំ​សន្លឹក​ឆ្នោត។​ ​ទោះបី​ជាយើង​ខំ​ទាមទារ​ឲ្យបោះ​ឆ្នោត​ឲ្យបាន​ឆាប់​ក៏​វា​អត់​មាន​ន័យ​អ្វី​ទេ»។​

លោក ជាម​ យៀប សមាជិក​ក្រុម​ចរចាគណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ។​ក៏ប៉ុន្តែ​លោកផៃស៊ីផានអ្នក​នាំពាក្យ​គណៈរដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា​គណបក្ស​សង្គ្រោះជាតិ​បាន​ចាប់​យក​កំណែ​ទម្រង់ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​ជាលេស​ដើម្បី​តតាំង​អំណាច​ជាមួយ​និង​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។​ ​

លោក​និយាយ​ថា៖ ​«គណបក្ស​ប្រជាជន​យើង​នៅ​តែ​ឈរ​លើ​អ្វី​ទៅ​ដែល​ជា​មាគ៌ា​លទ្ធិ​ប្រជាធិបតេយ្យ​អាស្រ័យ​ដោយ​និតិរដ្ឋ​នេះ​ឯង។​ អញ្ចឹង​យើង​អត់​មាន​ធ្វើ​ឲ្យមាន​ការ​សម្រេចចិត្ត​ណា​មួយ​ដែល​ប្រាស​ចាក​ពី​និតិរដ្ឋ​នោះ​ទេ។​ យើង​ចង់​បាន​អញ្ចឹង​ ពី​ព្រោះ​យើង​បាន​កសាង​មក​ដល់​ពេល​នេះ​ហើយ​ អត់​មាន​ជួប​វិបតិ្តអ្វីទេ»។​

លោក ​ហង្ស ​ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ដំណើរការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ឈ្មោះ​ថា​ នីចហ្វិក​បាន​និយាយ​ថា ​សភាព​ការណ៍​នយោបាយ​នៅ​កម្ពុជា​ហាក់​បី​ដូច​ជា​មាន​ភាព​ធូរ​ស្រាល​បន្តិច​ ក៏​ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ចរិត​ និង​ការ​គិត​គូរ​ផល​ប្រយោជន៍​ជាតិ​ធំ​ជា​ជាង​ផល​ប្រយោជន៍​បក្ស​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ​នោះ​ ទើប​អាច​ដោះ​ស្រាយ​បញ្ហា​របស់​ជាតិ​បាន៕
XS
SM
MD
LG