ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ចរចា​ជាប់​គាំង​ជា​ថ្មី​នាំ​ឱ្យ​បក្ស​ប្រឆាំង​ផ្អាក​រហូត​ដល់​មាន​ជំនួប​កំពូល

  • ហេង រស្មី

លោក​ សុន ឆ័យ​ ប្រធាន​ក្រុម​​ចរចា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ក្រោយ​ជំនួប​ខ្លី​​​ប្រមាណ​កន្លះ​ម៉ោង​តែ​ប៉ុណ្ណោះ​​ ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​វិមាន​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤។ (ហេង រស្មី/វីអូអេ)
គណៈកម្មការ​ចម្រុះ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​បរាជ័យ​សារ​ជាថ្មី​ក្នុង​ការ​ចរចា​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​ដែល​កន្លង​មក​បាន​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​មិន​មាន​ភាព​ឯក​រាជ្យ​និង​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។​

ការ​ចរចា​នៅ​ថ្ងៃ​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ប្រមាណ​កន្លះ​ម៉ោង​តែ​ប៉ុណ្ណោះក្រោយ​មក​បាន​បិទ​បញ្ចប់​ទៅ​វិញ​ដោយ​មិន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​ដូច​លើក​មុនៗ​ទេ។​

គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មិនា​កន្លង​ទៅ​នេះ​បាន​ព្រមព្រៀង​គ្នា​លើ​ចំណុច​មួយ​ចំនួន​ទាក់​ទឹន​នឹង​កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​ហើយ​បាន​សន្យា​ថា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ត្រូវ​ពិភាក្សា​អំពី​របៀប​វារៈ​សម្រាប់​យក​នៅ​ដាក់​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ​នាពេល​ខាង​មុខ។​ក៏ប៉ុន្តែ​ផែនការ​នេះ​បាន​ជាប់​គាំង​ដោយ​សារ​គណបក្ស​ទាំង​ពីរ​មាន​ជំហរ​ខ្វែង​គ្នា។​

ការ​ចរចា​លើក​មុនៗ​មន្ត្រី​គណបក្ស​ទាំង​ពីរ​ដែល​មាន​សមាសភាព​ម្ខាងៗ​ចំនួន​៦​នាក់​តែង​តែ​ធ្វើ​សន្និសីទរួម​គ្នា​ដោយ​ឈរ​ម្ខាងៗ​ម្នាក់។ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ​គណបក្ស​ទាំង​ពីរ​បាន​ធ្វើ​សន្និសីទកាសែត​បែក​គ្នា​ទៅ​វិញ។​

ក្រុម​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ​លោក​ សុន​ ឆ័យ​ បាន​ចេញ​មក​ប្រាប់​ក្រុម​អ្នក​កាសែត​មុន​គេ។ បន្ទាប់​មក​ក្រុម​គណៈកម្មការ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ ប៊ិន ឈិន​ និយាយ​តាម​ក្រោយ។ តែ​ទឹក​មុខ​មន្ត្រី​មក​ពី​គណបក្ស​ទាំង​ពីរ​មិន​សូវ​ស្វាគមន៍​គ្នា​ដូច​លើក​មុនៗ​ទេ។

លោក​ សុន ឆ័យ​ ប្រធាន​ក្រុមចរចា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​ការ​ជាប់គាំង​កិច្ច​ពិភាក្សា​នេះ ​ដោយ​សារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឱ្យ​មាន​ការ​លើក​យក​ចំណុច​សំខាន់​ចាំបាច់​ក្នុង​ចំណោម​ចំណុច​ទាំង​១៤​សម្រាប់​ជារៀប​វារៈ​នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ។ ​ក៏ប៉ុន្តែ​ត្រូវ​បាន​គណបក្ស​ប្រជាជន​ជំទាស់។

លោក​មាន​ប្រសាសន៍​ថា​ យើង​នៅ​តែ​ប្រកាន់​ជំហរ​ស្នើ​ឱ្យ​មាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឱ្យ​ទៅជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ​ហើយមាន​ការ​សម្រេច​តែង​តាំង​ដោយ​សំឡេង​២ភាគ​៣​នៃ​សមាជិក​សភា​ទាំង​មូល។​

លោក​បាន​បញ្ជាក់​ថា​ស្ថាប័ន​គ.ជ.ប​ត្រូវ​តែ​ឯក​រាជ្យ​ដោយ​មាន​ការ​ទទួល​ស្គាល់​យ៉ាង​ហោច​ណាស់​មាន​គណបក្ស​ធំពីរ​ឬក៏​គណបក្ស​ធំៗ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។​

លោក​សុន ឆ័យបាន​បន្ថែម​ថា៖ «ពាក់​ព័ន្ធ​នឹង​ចំណុច​ដែល​យើង​បាន​ស្នើ​លើ​ប្រធាន​បទ​ទាំង​៧​របស់​យើង។ ​ហើយ​ប្រធាន​បទ​ទី​៧​ពាក់​ព័ន្ធ​ទៅនឹង​ការ​បោះ​ឆ្នោត​ឡើង​វិញ​ហើយ​ខាង​គណបក្ស​ប្រជាជន​ លោក​ថា​រឿង​ហ្នឹង​ជារឿង​រសើប​ វាជារឿង​ដែល​គណៈកម្មការ​ដែល​តំណាង​ឱ្យ​គណបក្ស​មិន​អាច​ដោះ​ស្រាយ​បាន​គួរ​តែ​ទុក​ទៅ​ឱ្យ​មាន​ការ​ប្រជុំ​ថ្នាក់​ដឹក​នាំ​កំពូល​ដោះ​ស្រាយ​ទៅ​ពាក់​ព័ន្ធ​នឹង​បញ្ហា​បោះ​ឆ្នោត​ឡើង​វិញ​នោះ»។​

លោក​ ប៊ិន ឈិន​ ប្រធាន​គណៈកម្មការ​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថាគណ​បក្ស​ប្រជាជន​កម្ពុជា​បាន​គោរព​តាម​សេចក្តី​ប្រកាស​រួម​កាល​ពី​ថ្ងៃទី​១៧​កន្លង​ទៅ​នេះ។​ នៅ​ត្រង់​ចំណុច​ទី២​បាន​ចែង​ថា៖«​ដើម្បី​រៀប​ចំក្រប​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ​ គណៈ​កម្មការ​ចម្រុះត្រូវ​រៀប​ចំ​ឱ្យ​មាន​សិក្ខាសាលា​ជាតិ​មួយ​ដើម្បី​បើក​ទូលាយ​និង​មាន​ការ​ចូល​រួម​យោបល់​និង​អនុសាសន៍​នានា​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ រួម​ទាំង​ដៃ​គូ​អភិវឌ្ឍន៍​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី សង្គម​ស៊ីវិល​ដែល​មាន​ជំនាញ​លើ​ការ​បោះ​ឆ្នោត​ ព្រម​ទាំង​តួរ​អង្គពាក់​ព័ន្ធ»។​

លោក​បញ្ជាក់​ថា​មិន​ទាន់​បាន​ធ្វើ​សិក្ខាសាលា​ផង​គណបក្ស​សង្គ្រោះជាតិ​បាន​ស្នើ​ឱ្យ​សរសេរ​លិខិត​ទៅ​ថ្នាក់​ដឹកនាំ​ឱ្យ​សរសេរ​អំពី​រឿង​ហ្នឹង​តែ​លោក​បានបញ្ជាក់​ថាលោក​មិន​ហ៊ាន​ទេ។​

លោក​និយាយ​ថា៖ «ខាង​ភាគី​គណបក្ស​ប្រជាជន​មិន​មាន​ទំនោរ​ចង់​ផ្អាក។ ​ការ​ចរចា​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​ក៏​គណបក្ស​ប្រជាជន​ជជែក​ដែរ​ហើយ​គ្រាន់​តែ​បញ្ជាក់​ជំហរ​ថា​វាមិន​បាច់​ថា​ទាល់​តែ​ដាក់​គ.ជ.ប​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ហៅ​កែទម្រង់​ទេ»។​

នៅ​ក្នុង​ការ​វិវត្តន៍​ចុងក្រោយ​នេះ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជា​ឯកតោភាគី​ផ្អាក​ការ​ចរចា​របស់​ក្រុម​ការងារ​នេះ​រហូត​ដល់​មេដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​ជួប​ប្រជុំ​គ្នា​សិន។ នេះ​បើ​តាម​សេចក្តី ជូន​ដំណឹង​របស់​គណបក្ស​ប្រឆាំង​ប៉ុន្តែ​មិន​កំណត់​ថា​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​នឹង​ជួប​ចរចា​គ្នា​នៅ​ពេល​ណា​នោះ​ឡើយ៕
XS
SM
MD
LG