ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ៖ លោក​ហ៊ុនសែន​នឹង​បន្ត​រហូត​ដល់​ចប់​អណត្តិ​ទីប្រាំ​ទោះបី​មាន​សម្ពាធ

  • គង់ សុឋានរិទ្ធ

លោក​​នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung​ (ឆ្វេង) និងលោក​នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន​(ស្តាំ) ពិក្សាគ្នាក្រោយជំនួបរបស់អស់លោក ស្តីអំពី​ពាណិជ្ជ​ទ្វេ​ភាគីនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤។
ការទាមទារ​ឱ្យ​លោក​ហ៊ុន ​សែន ​ត្រូវ​ចុះចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ គឺជា​ដើមទុន​នយោបាយមួយរបស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​បង្វិល​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ងាក​មក​រក​តុ​ចរចា​ត្បិត​គណបក្សសង្គ្រោះ​ជាតិ​បានបរាជ័យ​នៅ​ក្នុង​ការទាមទារ​ឲ្យ​មាន​ការដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត។ ភាព​មិន​ប្រក្រតី​នេះ ដែល​គណបក្ស​ជំទាស់​ចោទ​ប្រកាន់ថា​ជា​ការ​រៀបចំ​របស់​គណ​បក្ស​កាន់​អំណាច​ដើម្បី​បន្លំ​សន្លឹក​ឆ្នោតដែល​ខ្លួន​គួរ​តែ​ទទួល​បាន​ជ័យ​ជម្នះ​ដឹកនាំ​រដ្ឋា​ភិបាល។

ក៏​ប៉ុន្តែ​ប្រាំ​បី​ខែ​ក្រោយ​ពី​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣ ​អ្នក​នយោ​បាយ​និ​ងអ្នក​វិភាគ​ជឿថា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​នឹង​បន្ត​ក្តោប​ក្តាប់​អំណាច​របស់​លោក​រហូត​ចប់​អណត្តិ​ប្រាំឆ្នាំរបស់​ខ្លួន។

លោក​បណ្ឌិត​កែម ឡី ​អ្នក​ស្រាវ​ជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​បកស្រាយ​ថា​មាន​កត្តា​ពីរ​ដែល​អាច​ជា​សញ្ញា​បង្ហាញ​ពី​ស្ថិរភាព​នៃ​ការ​គ្រប់​គ្រង​អំណាច​របស់​លោក​ហ៊ុន សែន ​រហូត​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​នោះ​គឺជាការ​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមិន​បាន​លើក​ពី​បញ្ហា​សង្គម​និង​ផែនការ​នយោបាយ​សម្រាប់​កិច្ច​អភិវឌ្ឍន៍​ប្រទេស​ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន ​នៅ​តែ​បន្ត​ដំណាល​គ្នា​នឹង​ការចរចា​ចេះ​តែ​អូស​បន្លាយ​ពេល​វេលា​ដោយ​មិន​បាន​ទទួល​ផ្លែផ្កា​ពេញ​លេញ។​រីឯ​កត្តា​ទី​២​នោះ​គឺ​ការរៀប​ចំ​រចនា​សម្ព័ន្ធ​សម្រាប់​ការពារ​អំណាចរួច​ជាស្រេច​របស់​លោក​នាយក​រដ្ឋ​មន្ត្រីតាម​រយៈ​ការផ្តល់​ការងារ​ជាទី​ប្រឹក្សា ​អតីត​កង​ប្រដាប់​អាវុធ​បង្វែរ​ទៅកាន់​កិច្ច​ការ​ស៊ីវិល ​និង​ការពង្រឹង​ភាព​ស្មោះ​ត្រង់​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ជាដើម។

«ការរៀបចំ​ចៅហ្វាយ​ខេត្ត​ដែល​ជា​អតីត​ទាហាន។ ការ​បង្កើត​ក្រុម​ការងារ​អចិន្ត្រៃយ៍​តាម​ខេត្ត​ដែល​ភាគ​ច្រើន​អំណាច​លើ​ទាហាន។​ចៅ​ហ្វាយ​ខេត្ត​និមួយៗ​ត្រូវ​ស្តាប់​បញ្ជា​។​ការ​តែងតាំង​ឧត្តមសេនីយ៍​ច្រើន​ក៏ជា​ការព្រួយ​បារម្ភ​អំពី​ការធ្វើរដ្ឋ​ប្រហារ​ដែរ»។

​ប្រសិន​បើ​គេ​ពិនិត្យ​មើល​ស្ថាន​ភាព​នយោបាយ​ក្រោយ​ពី​ការបោះឆ្នោត​ គេឃើញ​ថា​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធតែ​បានសាក​ល្បង​បង្ហាញ​សាច់ដុំ​ដាក់​គ្នា។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើប្រាស់​កម្លាំង​ប្រជា​ពលរដ្ឋ​ដើម្បី​ជាជន្ទល់​នៃ​ការតថ្លៃ​នយោបាយ។​រីឯ​គណបក្ស​ប្រជាជន​កម្ពុជាបាន​ប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ​ជា​មធ្យោបាយ​ធ្វើ​ការ​បង្រ្កាប។

​ជាលទ្ធផល​មនុស្ស​ជាច្រើន​បាន​រងរបួស​និង​យ៉ាង​ហោច​ណាស់​មនុស្សប្រមាណ​ជា​ប្រាំពីរនាក់​បាន​ស្លាប់​ក្នុង​ការបង្រ្កាប។

ក្រោយ​ពី​ការ​អួតដាក់​គ្នា​មួយ​ប៉្រាវ ​គណបក្ស​គូប្រជែង​ទាំង​ពីរ​បាន​ដកថយ​មក​ចរចា​យ៉ាង​ទៀង​ទាត់​ជា​រៀង​រាល់​ដើម​សប្តាហ៍។​

ការ​ចរចា​នេះ​មិន​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​រុញ​ច្រាន​លោក​ហ៊ុន ​សែន ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​នោះ​ទេ។​ប៉ុន្តែ​គឺ​ជា​ការ​រៀប​ចំគោល​ការណ៍​កែលម្អ​ប្រព័ន្ធ​បោះឆ្នោតដែល​ក្នុង​នោះ​មាន​ការ​រៀប​ចំ​សមាស​ភាព​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​និង​ការកំណត់​ពេល​បោះឆ្នោត​ដែល​គេ​មិន​ដឹង​ជាក់​លាក់​ថា​នោះ​ជា​ការបោះឆ្នោត​មុន​អណត្តិ​ឬ​យ៉ាងណា។

​ដូច្នេះ​ត្រង់​ចំណុច​នេះ​វា​ទំនង​ជា​ការផ្តល់​សម្បទាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​រវាង​គណបក្ស​ទាំង​ពីរ។​នោះ​គឺ​គណបក្ស​ជំទាស់​ឈប់​ទាមទារ​បណ្តេញ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ពី​តំណែង​ហើយ​គណៈ​បក្ស​ប្រជាជន​កម្ពុជា​យល់​ព្រម​ចាប់ផ្តើម​ចរចា​គ្នា​ឡើង​វិញ​អំពី​បញ្ហា​បោះឆ្នោត​ដែល​ជាដើម​ហេតុ​នៃ​ការ​តវ៉ា​របស់​គណបក្ស​ជំទាស់​ចាប់តាំង​ពីដើម​ទី។

​មួយ​វិញ​ទៀត​គណបក្ស​ជំទាស់​ក៏​មើល​ឃើញ​ឧទាហរណ៍​ពី​គ្រោះ​ថ្នាក់​យ៉ា​ង​ធ្ងន់​ធ្ងរក្រោយ​ពី​លទ្ធផល​នៃ​ការ​បង្ក្រាប​ក្រុម​អ្នកតវ៉ា​ក្រោយ​ពី​ការ​បោះឆ្នោត​ពី​ព្រោះ​ការ​រុញ​ច្រាន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន ពី​កៅអី​របស់​លោក​ក្នុង​កាលៈ​ទេសៈ​បែបនេះ​គ្មាន​អ្វី​ក្រៅ​ពីការ​ឆ្លើយ​តប​ដោយ​ការ​ក្រាល​ឈាម​នោះ​ទេ។​

សរុប​មកវិញការ​ដក​ថយ​មួយ​ជំហាន​របស់​គណបក្ស​សង្គ្រោះ​ជាតិនឹង​អនុញ្ញាត​ឲ្យ​លោក​ហ៊ុន សែន​ បន្ត​អំណាច​របស់​ខ្លួន​រហូត​ដល់​ផុត​អណត្តិ​ប្រាំ​ឆ្នាំ។ដំណាល​គ្នា​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចំណេញ​មក​វិញ​នូវ​ការបង្កើត​យន្តការ​បោះឆ្នោត​មួយ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​ឈាន​ដល់​ការ​សម្រេច​ជាចុង​ក្រោយ​នោះ។​ហើយ​ប្រព័ន្ធ​បោះឆ្នោត​ដែល​ត្រឹមត្រូវ ​ឯករាជ្យ​និង​គួរឲ្យ​ទុកចិត្ត​បាន​នេះ​ហើយ​ដែល​គណបក្ស​ជំទាស់​ជឿថា​នឹង​អនុញ្ញាត​ឲ្យ​ខ្លួនទទួល​បាន​ជ័យ​ជម្នះ​លើ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា។

នោះ​គឺ​មាន​ន័យ​ថា​សម្បទាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ផ្តល់​ឱកាស​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដឹកនាំ​អំណាច​តទៅទៀត​ក្នុង​អណត្តិ​នេះ។​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រង់ចាំ​ត្រង​យក​ជ័យ​ជម្នះ​នៅ​ក្នុង​ការបោះឆ្នោត​ប្រាំឆ្នាំ​ខាង​មុខ​ទៀត។

​លោកស្រី​មួ សុខហួរ ​តំណាងរាស្ដ្រ​មណ្ឌល​ខេត្ត​បាត់​ដំបង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រិះ​គន់​ពី​ភាព​អវិជ្ជមាន​ជាច្រើន​ក្នុង​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដូចជា​បញ្ហា​ពុក​រលួយ ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​និង​បញ្ហា​ដីធ្លី​ជាដើម។​លោកស្រី មាន​ប្រសាសន៍​ថា​ដូច្នេះ​ការ​ប្តូរ​នាយក​រដ្ឋ​មន្ត្រី​ត្រូវអាស្រ័យ​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

លោកស្រី​មួ សុខហួរ ​អះអាង​ថាគណបក្ស​សង្គ្រោះ​ជាតិ​នៅ​រក្សា​លក្ខខណ្ឌសម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ។

«ទី​១​គឺ​ស៊ើប​អង្កេតភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​កន្លង​មក​នេះ។​ទី​២​កែ​ទម្រង់​គជប។​ទី​៣​គឺ​បោះ​ឆ្នោត​មុន​អណត្តិ​ឬ​បោះឆ្នោត​សារ​ឡើងវិញ។​បញ្ហា​ទាំង​បី​នេះ​បើ​មិន​ព្រម​គឺ​សុំលោក​ហ៊ុន សែន​ចុះ​ចេញ»។​

​នៅ​ក្នុង​ពេល​នេះ​សល់​តែ​ប្រាំ​មួយ​ថ្ងៃ​ទៀត​ទេ ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នឹង​ឈាន​ដល់​គម្រប់​ប្រាំ​បី​ខែ។​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹក​នាំ​រដ្ឋសភា​ដោយ​ឯកបក្ស​និង​បង្កើត​រដ្ឋា​ភិបាល​ដោយ​ខ្លួនឯង​ដោយ​មិន​មាន​សំឡេង​គាំទ្រ​ពី​សមាជិក​សភា​ជំទាស់។

អ្វី​មួយ​ទៀត​ដែល​គេ​អាច​មើល​ឃើញ​ពី​និរន្តភាព​នៃ​ការ​គ្រប់​គ្រ​ង​អំណាច​ក្នុង​អណត្តិ​នេះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​នោះ​គឺ​ស្ថិរ​ភាព​ផ្នែក​សេដ្ឋកិច្ច។

​នៅ​ក្នុង​ពេល​នេះ​ក្រៅ​ពី​ការក្តោប​ក្តាប់​កងកម្លាំង​ប្រដាប់​អាវុធ​ណែន​នៅ​ក្នុង​ដៃ ​ចលនា​ពាណិជ្ជ​កម្ម​និង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​មិនទាន់​ទទួល​រង​ការ​ប៉ះទង្គិច​ដោយសារ​វិបត្តិ​នយោបាយ​នៅឡើយ​ទេ។​មូលហេតុ​ដោយសារ​អ្នក​ជំនួញ​ធំៗ​ស្ទើរ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​គឺ​ជា​មែក​ធាង​នៃ​គណបក្ស​កាន់​អំណាច​ហើយ​ការបណ្តាក់​ទុនពី​ក្រៅ​ប្រទេស​តែ​ងតែ​ឆ្លង​កាត់​លំហូរ​នៃ​ខ្សែ​បណ្តាញ​នេះ។

រីឯ​សហគមន៍​អន្តរជាតិ​មាន​ដូចជា​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក​ចំនួន​២៨​ប្រទេស ​ប្រទេស​អូស្រ្តាលី​ជាដើម​ដែល​បាន​ជំរុញ​ឲ្យ​មាន​ការដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មិន​បាន​ដាក់​លក្ខខណ្ឌជំរុញ​ឲ្យ​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ប្រទេស​នោះ​ទេ។​បើ​ទោះ​ជា​ក្នុង​ពេល​នេះ​គណបក្ស​ជំទាស់​បាន​ប្រឹង​ប្រែងស្វែង​រក​ការគាំទ្រ​នយោបាយ​ផ្នែក​អន្តរជាតិ​ក៏ដោយ។

ទោះ​ជា​បែប​នេះ​ក្តី​លោក​នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​និង​ជា​អ្នក​តាម​ដាន​ដំណើរការ​នយោបាយមួយរូប​មាន​ប្រសាសន៍​ថាកៅអី​នាយក​រដ្ឋ​មន្ត្រី​របស់​លោក​ហ៊ុន​ សែន ​នៅ​តែ​ផុយ​ស្រួយ​នៅ​ឡើយ។

លោកនី ចរិយា ​លើក​ឡើង​ថា​កង​ប្រដាប់​អាវុធ​ត្រូវ​ដាក់​ឲ្យ​នៅ​ពី​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដូច្នេះ​ការគ្រប់​គ្រង​ផ្នែក​សន្តិសុខ​ជាតិ​នឹង​ស្ថិតនៅរឹង​មាំ​ក៏ប៉ុន្តែ​បញ្ហាសេដ្ឋកិច្ច​អាច​ជា​ចំណោទ​សម្រាប់​ការ​ដឹកនាំ​ប្រទេស។

«មាន​ចំណុច​ពីរ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​សង្ស័យ​គឺ​ផ្នែក​សេដ្ឋកិច្ច។​ដោយសារ​ប្រទេស​យើង​ជា​ប្រទេស​ដែល​ទទួល​ជំនួយ ​តើ​ក្នុង​ការ​ទ្រ​ទ្រង់​សេដ្ឋកិច្ច​ជាតិ​ គាត់​អាច​ធានា​បាន​ដល់​កម្រិត​ណា?​ក្នុង​ពេល​បច្ចុប្បន្ន​ដែល​ជា​បញ្ហា​ដែល​យើង​ពិបាក​ក្នុង​ការ​ធ្វើ​ការសន្និដ្ឋាន»។

​ដោយឡែក​លោកឈាង វុន ​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស​និង​ជា​តំណាងរាស្ដ្រ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​លើក​ហេតុ​ផល​ចំនួនពីរ​មក​បកស្រាយ​ នោះ​គឺ​ជ័យ​ជម្នះ​របស់​គណបក្ស​របស់​លោក​ក្នុង​ការបោះឆ្នោត​និង​គ្មាន​ហេតុ​ផល​ផ្លូវ​ច្បាប់​សម្រាប់​បោះឆ្នោត​មុន​អណត្តិ​ជាការ​ក្រាល​ផ្លូវ​សម្រាប់​ការ​បន្តដំណើរ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​របស់​លោក​ហ៊ុន សែន ​ក្នុង​អណត្តិ​នេះ។

«ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ឈ្នះ​ឆ្នោត​ហើយ​ការ​បោះឆ្នោត​មុន​អណត្តិ​អីហ្នឹង​គឺ​គ្មាន​ច្បាប់​សម្រាប់​ធ្វើ​បែបនេះ​ទេ។​ដូច្នេះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នឹង​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​តទៅ​ទៀត​រហូត​ដល់​ចប់​អណត្តិ​រដ្ឋា​ភិបាល​នៅ​នឹង​កន្លែង»។

​លោក​បណ្ឌិត​កែម ឡី ​អ្នក​ស្រាវ​ជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម ​ទាញ​ចំណាប់​អារម្មណ៍​ថា​ប្រសិន​បើ​វិបត្តិ​នយោបាយ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​នោះ​ទេ ​ចំណោទ​សេដ្ឋកិច្ច​អាច​នឹង​កើត​មាន​ឡើង​ដ្បិតការ​គ្រប់​គ្រង​សេដ្ឋកិច្ច​របស់​គណបក្ស​កាន់​អំណាច​អាច​នឹង​ដំណើរ​ការ​បាន​តែ​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ​ដោយ​សារតែរដ្ឋា​ភិបាល​ត្រូវ​ការ​ជំនួយ​អន្តរជាតិ​ជាចាំបាច់៕
XS
SM
MD
LG