លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ទទួលស្គាល់បរាជ័យរបស់រដ្ឋាភិបាលក្នុងការនាំចេញអង្ករឲ្យបាន១លានតោន នៅឆ្នាំ២០១៥ ដោយសារតែការនាំចេញគឺបានតែ៥០%ប៉ុណ្ណោះនៃផែនការនាំចេញដែលបានកំណត់។
ការទទួលរបស់លោកនាយករដ្ឋមន្ត្រីកើតមាននៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយជំរឿនកសិកម្មនៅកម្ពុជា ដែលធ្វើឡើងនៅឯវិមានសន្តិភាព នៅក្នុងរាជធានីភ្នំពេញ។
ថ្លែងទៅកាន់មន្ត្រីរដ្ឋាភិបាល និងអ្នកចូលរួមផ្សេងទៀតនៅក្នុងពិធីនោះ លោក ហ៊ុន សែន ដែលបានកាន់អំណាចជាងបីទសវត្សរ៍ មានប្រសាសន៍ថា កង្វះខាតទុនក្នុងការទិញស្រូវពីប្រជាកសិករខ្មែរ និងរោងចក្រសម្រាប់កែច្នៃ ក៏ដូចជាការប្រកួតប្រជែងពីក្រៅប្រទេស ធ្វើឲ្យកម្ពុជាមិនអាចសម្រេចគោលដៅរបស់ខ្លួនបាន។
«គោលដៅប្រកបដោយមហិច្ឆតាលើបញ្ហាផលិតកម្មស្រូវ និងការនាំចេញអង្ករ ចំនួន១លានតោន គោលដៅទីមួយ គឺការផលិតកម្មស្រូវគឺជោគជ័យ ប៉ុន្តែគោលដៅទីពីរការនាំចេញអង្ករគឺមិនសម្រេច គឺមិនសម្រេចជោគជ័យនោះទេ។ ប៉ុន្តែយើងនឹងប្រឹងបន្ត អ្វីដែលមានយើងមានក្នុងដៃរួចហើយ គឺមិនឲ្យរបូតទេ ប៉ុន្តែត្រូវពង្រឹងសមត្ថភាពរបស់យើង ហើយត្រូវកាត់បន្ថយនូវតម្លៃដើមផលិត ចំពោះរាល់កសិកររបស់យើង»។
អ្នកនាំចេញអង្ករពីប្រទេសកម្ពុជាក៏ធ្លាប់បានថ្លែងថា ពួកគេមិនអាចសម្រេចបានការនាំចេញអង្ករឲ្យបានមួយលានតោនផងដែរ ដោយពួកគេបានចំណាយប្រាក់ជាច្រើនទៅលើគ្រឿងចក្រធុនធ្ងន់ ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិសម្រាប់ការនាំអង្ករចេញ ប៉ុន្តែពួកគាត់មិនអាចប្រកួតប្រជែងជាមួយអ្នកបញ្ជាទិញមកពីប្រទេសវៀតណាម ដែលបានទិញស្រូវពីកសិករដោយឲ្យតម្លៃខ្ពស់នោះទេ។
ប្រទេសកម្ពុជាអាចផលិតស្រូវបាន៥លានតោនជារៀងរាល់ឆ្នាំ ប៉ុន្តែទិន្នផលភាគច្រើនត្រូវការសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ឬត្រូវបានឈ្មួញកណ្តាលទិញ ឬនាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម ហើយត្រូវកែច្នៃ និងលក់នៅក្នុងប្រទេសទាំងនោះ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីនៃក្រសួងកសិកម្មកាលពីពេលកន្លងមក។
បើយោងទៅតាមលទ្ធផលនៃការស្ទង់មតិ ដែលចេញផ្សាយដោយអង្គការខុមហ្រ្វែលកាលពីដើមឆ្នាំ២០១៥នេះ បានរកឃើញថា មានប្រជាពលរដ្ឋប្រមាណ៥៦,៦%មិនពេញចិត្តនឹងគោលនយោបាយរដ្ឋាភិបាលអណត្តិទី៥រយៈពេលមួយឆ្នាំកន្លងទៅនេះទេ ហើយមានតែប្រជាពលរដ្ឋប្រមាណ៤៤,៤%តែប៉ុណ្ណោះ ដែលបាននិយាយថា បានពេញចិត្តខ្លះ និងមិនពេញចិត្តខ្លះ។
រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានសម្រេចពេញលេញនូវការបំពេញ និងការអនុវត្តគោលនយោបាយចំនួន៦ក្នុងចំណោមគោលនយោបាយទាំង១៦នៃគោលនយោបាយដែលមានសូចនាករច្បាស់លាស់។ គោលនយោបាយដែលអនុវត្តបានពេញលេញនោះគឺកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ ការកាត់បន្ថយភាពក្រីក្រអត្រា១%ក្នុងមួយឆ្នាំ ការបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាដើម។
គោលនយោបាយចំនួន៣ គឺគោលនយោបាយនាំអង្ករចេញឲ្យបាន១លានតោនក្នុងមួយឆ្នាំ ការរក្សាផ្ទៃដីដែលគ្របដណ្តប់ដោយព្រៃឈើ និងការដាក់ឲ្យដំណើរការរបបប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជននោះ រដ្ឋាភិបាលអនុវត្តមិនបានសម្រេចតាមការសន្យារបស់ខ្លួននោះទេ៕