ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បិទ​រដ្ឋាភិបាល​អាមេរិក​មួយ​ផ្នែក​នៅ​តែ​គ្មាន​ដំណោះស្រាយ​ដដែល


ស្លាកសញ្ញា​ពី​ការ​បិទ​ទ្វារ​មួយ​ត្រូវ​បាន​ដាក់​នៅ​អគារ National Archives ដោយ​សារ​តែ​ការ​បិទ​ទ្វារ​រដ្ឋាភិបាល​ក្នុង​ក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។
ស្លាកសញ្ញា​ពី​ការ​បិទ​ទ្វារ​មួយ​ត្រូវ​បាន​ដាក់​នៅ​អគារ National Archives ដោយ​សារ​តែ​ការ​បិទ​ទ្វារ​រដ្ឋាភិបាល​ក្នុង​ក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។

រដ្ឋាភិបាល​អាមេរិក​ត្រូវ​បាន​បិទ​មួយ​ផ្នែក​រហូត​ដល់​យ៉ាង​ហោច​ណាស់​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ ឬ​ក៏​អាច​ជា​ច្រើន​ថ្ងៃ ឬ​ជា​ច្រើន​សប្ដាហ៍​ក៏​ថា​បាន ដោយសារតែ​លោក​ប្រធានាធិបតី Donald Trump នៅតែ​ប្រកាន់​ជំហរ​ដាច់​ណាត់​នៅ​ក្នុង​ការ​ទាមទារ​ថវិកា​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​ជាប់​ប្រទេស​ម៉ិកស៊ិក និង​ដោយសារ​តែ​គណបក្ស​ប្រជាធិបតេយ្យ​នៅតែ​ប្រឆាំង​ដាច់​អហង្ការ​ចំពោះ​រឿង​នេះ។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «មធ្យោបាយ​សំខាន់​បំផុត​ដើម្បី​បញ្ឈប់​ពួក​ឧក្រិដ្ឋជន គ្រឿង​ញៀន ការ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ទ្រង់ទ្រាយ​ធំ​គឺ​នៅ​ឯ​ព្រំដែន​ភាគ​ខាង​ត្បូង​របស់​សហរដ្ឋ​អាមេរិក។ យើង​ត្រូវការ​សន្តិសុខ​ព្រំដែន ហើយ​មនុស្ស​រាល់​គ្នា​ដឹង​ថា យើង​មិន​អាច​មាន​សន្តិសុខ​ព្រំដែន ដោយ​គ្មាន​ជញ្ជាំង​ព្រំដែន​នោះ​បាន​ទេ‍»។

លោក Dick Durbin សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Illinois ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​សៅរ៍ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​បិទ​រដ្ឋាភិបាល ថា «នៅ​ពេល​ពាក់​កណ្ដាល​យប់​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី Trump បាន​សម្រេច​បិទ​រដ្ឋាភិបាល ដោយសារ​តែ​ការ​ទាមទារ​ចង់​បាន​ជញ្ជាំង​ព្រំដែន​របស់​លោក។ នេះ​គឺ​ជា​គំនិត​ដែល​គ្មាន​ហេតុផល និង​គ្មាន​ក្ដី​មេត្តា‍»។

ការ​បិទ​រដ្ឋាភិបាល​លើក​នេះ គឺ​ជា​លើក​ទី ៤ ហើយ នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​សភា និង​សេតវិមាន​ប្រធានាធិបតី គ្មាន​លទ្ធភាព​ឯកភាព​គ្នា​លើ​ថវិកា និង​គោល​បំណង​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ។

នៅ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ ២០១៦ លោក Trump បាន​សន្យា​ម្ដង​ហើយ​ម្ដង​ទៀត​ថា ប្រទេស​ម៉ិកស៊ិក​ជា​អ្នក​ចំណាយ​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​នេះ។ ប៉ុន្តែ ឥឡូវ​នេះ សេតវិមាន​បាន​បញ្ជាក់​ថា ប្រទេស​ម៉ិកស៊ិក​នឹង​រួម​ចំណែក​ដោយ​ប្រយោល ដោយ​សហរដ្ឋ​អាមេរិក​ទទួល​បាន​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដែល​បាន​មក​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ចរចា​ឡើង​វិញ​រវាង​សហរដ្ឋ​អាមេរិក ប្រទេស​កាណាដា និង​ម៉ិកស៊ិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG