ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​យោធា​ថៃ​​ចាត់ចែង​ទាំង​កិច្ចការ​តូចតាច


មេបញ្ជាការ​យោធា​ថៃ ឧត្តមសេនីយ៍ Prayuth Chan-ocha ថ្លែង​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​នឹង​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​ប្រទេស​នានា​ នៅ​ឯ​បញ្ជាការដ្ឋាន​កងទ័ព​ថៃ​នៅ​រាជធានី​បាងកក កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា​ ឆ្នាំ​២០១៤។
មេបញ្ជាការ​យោធា​ថៃ ឧត្តមសេនីយ៍ Prayuth Chan-ocha ថ្លែង​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​នឹង​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​ប្រទេស​នានា​ នៅ​ឯ​បញ្ជាការដ្ឋាន​កងទ័ព​ថៃ​នៅ​រាជធានី​បាងកក កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា​ ឆ្នាំ​២០១៤។
មេបញ្ជាការ​ថៃ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​មួយ​ដើម្បី​គាំទ្រ​សហគ្រាស​តូច​និង​មធ្យម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។​ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​យោធា​ ដែល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វីៗ​គ្រប់​សព្វ​បែប​យ៉ាង​ដោយ​ខ្លួនឯង​នោះ​ តាំងពី​ការ​កំណែ​ទម្រង់​ នយោបាយ​ទូលំ​ទូលាយ​រហូត​ដល់​កំណត់​អ្នក​ផ្សាយ​ណា​ អាច​ផ្សាយ​ការ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​បាន​ អ្នក​ខ្លះ​និយាយ​ថា​ក្រុម​យោធា​ នេះ​កំពុង​តែ​ជ្រៀតជ្រែក​ចូល​សូម្បី​ក្នុង​ការ​គ្រប់គ្រង​តូចតាច​ក៏​ដោយ​។

សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​អាកាសចរណ៍​របស់​រដ្ឋ​ត្រូវ​គេ​ប្រាប់​ថា​ ពួកគេ​មិន​អនុញ្ញាតិ​ឲ្យ​ធ្វើ​ការ​ហោះហើរ​ដោយ​ឥត​បង់ប្រាក់​ទៀត​ទេ។​ កម្មវិធីសិក្សា​ស្តី​ពី​កាតព្វកិច្ច​របស់​ពលរដ្ឋ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​មុខវិជ្ជា​ សិក្សា​សង្គម​នៃ​កម្មវិធី​សិក្សា​របស់​សាលារៀន។ កាលពី​ថ្ងៃ​អាទិត្យ​មាន​ការ​ចាក់​បញ្ចាំង​ជូន​ដោយ​ឥត​គិតថ្លៃ​ទូទាំង​ប្រទេស​នូវ​ខ្សែ​ភាពយន្ត​មួយ​ដែល​និយាយ​អំពី​ភាព​អង់អាច​ក្លាហាន​នៃ​ព្រះមហាក្សត្រ​ដែល​សោយរាជ្យ​កាល​ពី​៤០០​ឆ្នាំ​មុន។ មាន​ការ​ចាត់វិធាន​ការ​បង្រ្កាប​ក្រុម​អ្នក​បើក​តាក់ស៊ី​ម៉ាហ្វីយ៉ា​ នៅ​ឯ​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ​ដែលជាប់​ឆ្នេរ​សមុទ្រ​ Andaman។

ទាំងនេះ​ជា​អនុក្រឹត្យ​និង​សកម្មភាព​ថ្មីៗ​ដែល​ធ្វើ​ឡើង​ដោយ​កងយោធា​ចាប់​តាំងពី​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា​ កន្លង​មក​នេះ។

មេ​ទាហាន​ជា​អ្នក​ក្តោបក្តាប់​អំណាច​ទាំងអស់​នា​ពេល​បច្ចុប្បន្ន​នេះ​ លើកលែង​តែ​អំណាច​មួយ​ចំនួន​ដែល​បម្រុង​ទុក​សម្រាប់​ព្រះ​មហាក្សត្រ​ដែល​កំពុង​មាន​សុខភាព​មិន​ល្អ​ នេះ​បាន​សម្អាង​ថា​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​ ចាំបាច់​ព្រោះ​ភាព​តានតឹង​នយោបាយ​ដ៏​អូស​បន្លាយ​បាន​ក្លាយ​ជា​វិបត្តិ​សន្តិសុខ​ជាតិ។

ឧត្ដមសេនីយ៍​ Prayuth Chan-ocha​ បាន​សន្យា​ថា​នឹង​ត្រឡប់​មក​រក​លទ្ធិ​ប្រជាធិបតេយ្យ​វិញ​ ប៉ុន្តែ​ក្នុង​ករណី​បន្ទាប់​ពី​ការ​ធ្វើ​កំណែ​ទម្រង់​រួចរាល់​ហើយ​ប៉ុណ្ណោះ។

ឧត្ដមសេនីយ៍​ដែល​កាន់​អំណាច​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​មិន​បង្ហួរ​ឈាម​នេះ​ បាន​ជ្រើសរើស​មេ​បញ្ជាការ​កងទ័ព​អាកាស​ម្នាក់​ឲ្យ​ចាត់ចែង​លើ​សេដ្ឋកិច្ច​និង​ដាក់​មេ​បញ្ជាការ​កង​ទ័ពជើង​ទឹក​ម្នាក់​ឲ្យ​គ្រប់គ្រង​វិស័យ​ទេសចរណ៍។

លោក Michael Montesano​ ជា​អ្នក​គ្រប់គ្រង​កម្មវិធី​ សិក្សា​ពី​ប្រទេសថៃ​ នៅ​ឯ​វិទ្យាស្ថាន​ សិក្សា​ពី​អាស៊ី​អាគ្នេយ៍។

លោក Montesano ថ្លែងថា៖«វា​ដូច​ជា​នៅ​ថ្មីៗ​ពេក​នឹង​អាច​សន្និដ្ឋាន​ ប៉ុន្តែ​អ្វីៗ​ទាំងអស់​ដែល​បង្ហាញ​ពី​គោល​នយោបាយ​សេដ្ឋកិច្ច​ដែល​ រដ្ឋាភិបាល​យោធា​ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​កងយោធា​មាន​ការ​យល់ដឹង​តិចតួច​ពី​សកម្មភាព​សេដ្ឋកិច្ច​ជា​ទូទៅ»។

វិធានការ​ទាំង​នេះ​រួមបញ្ចួល​ការ​ពន្លឿន​ការ​ចំណាយ​ថវិកា​កាត់​បន្ថយ​តម្លៃ​ប្រេង​និង​ស្នើសុំ​ឲ្យ​អ្នក​ផលិត​ រក្សា​នូវ​តម្លៃ​សម្រាប់​របស់​ប្រើប្រាស់។ រដ្ឋាភិបាល​យោធា​ក៏​បាន​បង់​ថវិកា​ទៅ​ឲ្យ​កសិករ​ដែល​បាន​សន្យា​ថា​នឹង​ផលិត​ស្រូវ​ក្នុង​កម្មវិធី​ស្រូវ​មួយ​ដែល​ត្រូវ​អនុវត្ត​យ៉ាង​ឆ្គាំឆ្គង​ដោយ​រដ្ឋាភិបាល​លោកស្រី​ Yingluck ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​ថ្មីៗ​នេះ។

អ្នក​សេដ្ឋកិច្ច​ម្នាក់​ លោកKampon Adireksombat​ នៅ​ឯ​ក្រុមហ៊ុន​ Tisco Securities​ ណែនាំ​ទាហាន​ឲ្យ​ពន្យារ​ពេល​ការ​សម្រេចចិត្ត​ដ៏​ធំ​នេះ​រហូត​ដល់​គេ​អាច​រក​បាន​នូវ​មន្រ្តី​ដែល​មាន​សមត្ថភាព​ជំនាញ​និង​អ្នក​បច្ចេកទេស។

លោក Kampon និយាយ​ថា៖ «រដ្ឋាភិបាល​យោធា​ គួរ​តែ​រងចាំ​រដ្ឋាភិបាល​ចាត់តាំង​ជាមួយ​នឹង​គណៈរដ្ឋមន្រ្តី​ ដើម្បី​ចាត់ចែង​អ្វីៗ​ដែល​មាន​ផល​ប៉ះពាល់​រយៈ​ពេល​មធ្យម​និង​យូរ​អង្វែង​ដល់​សេដ្ឋកិច្ច។ ប្រសិន​បើ​យើង​ក្រឡេក​ទៅ​មើល​ការ​វិវត្ត​នា​ពេល​បច្ចុប្បន្ន​វិញ​ ពួកគេ​ដូចជា​ចាប់​យក​ការងារ​ច្រើន​ហួស​ប្រមាណ​ពេក​ហើយ»។

លោក Montesano​ អ្នក​ជំនាញ​ឯកទេស​សិក្សា​ប្រទេស​ថៃ​ នៅ​ឯ​ប្រទេស​សិង្ហបុរី​និយាយ​ថា​ មាន​វិធី​ពីរ​យ៉ាង​ក្នុង​ការ​ពិនិត្យ​មើល​ការ​សម្រេច​ចិត្ត​ទាំងនេះ​ របស់​រដ្ឋាភិបាល​យោធា​មិន​ថា​តូច​ឬ​ក៏​ធំ។

លោក Montesano ថ្លែង​ថា៖ «សេចក្តី​សម្រេច​ចិត្ត​ទាំងនេះ​អាច​បង្ហាញ​ថា​ ពួកគេ​អាច​យល់ដឹង​មិន​បាន​ជ្រាលជ្រៅ​ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​វិបត្តិ​នយោបាយ​ដ៏​យូរ​នៅ​ប្រទេស​ថៃ​នេះ​ ឬ​វា​គ្រាន់​តែ​ជា​ថ្នូរ​ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​ ប្រជាជន​ពី​គម្រោង​រយៈ​ពេលយូរ​របស់​កងយោធា​ក្នុង​ជួរ​រដ្ឋាភិបាល»។

គាត់​បន្ថែម​ទៀត​ថា​គាត់​សង្ស័យ​ថា​មូលហេតុ​ទី​២​ជា​មូលហេតុ​ពិត។

ការ​សម្រេច​ចិត្ត​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​មិន​យូរ​ប៉ុន្មាន​មុន​នឹង​ការ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​ប្រេស៊ីល​បាន​ចាប់ផ្តើម​ ដែល​ទទួល​ការ​អបអរ​ មិន​មែន​ការ​ចំអក​ទេ។ កងយោធា​បាន​ធ្វើ​អន្តរាគមន៍​ ទៅ​លើ​ជម្លោះ​ផ្លូវ​ច្បាប់​មួយ​ទាក់ទិន​នឹង​សិទ្ធិ​ក្នុង​ការ​ផ្សព្វផ្សាយ​ ដែល​រួមមាន​ការ​ចាក់ផ្សាយ​ការ​ប្រកួត​ទាំង​៦៤​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​មិន​គិត​ថ្លៃ​ទាំងអស់។

លោកKampon​ ដែល​ជា​អ្នក​សេដ្ឋកិច្ច​ម្នាក់​នៅ​ទីក្រុង​បាងកក​ចាត់ទុក​ថា​នេះ​ជា​ជម្រើស​តាម​លក្ខណៈ​ជាក់ស្តែង​មួយ​ដែល​អ្នក​ធ្វើ​រដ្ឋប្រហារ​បាន​ធ្វើ។

លោក Kampon និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ពួកគេ​គ្រាន់តែ​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំងនោះ​នៅ​ផ្ទះ។ បំរាម​គោចរ​ នៅ​តែ​មាន​ប្រសិទ្ធភាព​នៅ​ទីក្រុង​បាងកក។ ប្រសិន​បើ​មិនមាន​កម្មវិធី​បាល់ទាត់​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​ទូទាំង​ប្រទេស​នោះ​ អ្នក​គាំទ្រ​កីឡា​បាល់ទាត់​នឹង​ចេញ​មកក្រៅ​ផ្ទះ​ដើម្បី​មើល​ទូរទស្សន៍។ ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​យោធា ​មិន​ចង់ឃើញ​សកម្មភាព​អញ្ជឹង​នោះ​ទេ។

ឧត្ដមសេនីយ៍ Prayuth​ ដែល​មាន​អាយុ​ ៦០ឆ្នាំ​មាន​អាជីព​ជា​ទាហាន​ដែល​មាន​វិន័យ​ហ្មត់ចត់​ បន្ត​បញ្ជាក់​ថា​ ការ​ធ្វើ​រដ្ឋប្រហារ​គួរ​ត្រូវ​គេ​រីករាយ​និង​ចាត់​ទុក​ថា​ជា​រឿង​សប្បាយ​មួយ។

ដើម្បី​ជួយ​ក្នុង​រឿង​នេះ​ គាត់​បាន​សរសេរ​នូវ​ទំនុក​សម្រាប់​បទ​ថ្មី​មួយ​ដែល​មាន​ចំណងជើង​ថា​ «ប្រគល់​សុភមង្គល​ដល់​ប្រជាជន​វិញ»។ បទ​នេះ​ទទួល​បាន​ការ​និយម​បង្គួរ​ក្នុង​បណ្តាញ​ Youtube ដែល​មាន​ការ​ទស្សនា​រហូត​ដល់តែ​ ២២០.០០០​ដង​បើ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍។

អម​ដោយ​តន្ត្រី​ប្រគុំ​ដោយ​ក្រុម​តន្ត្រី​កងយោធា​ភូមិន្ទ​ថៃ​ អ្នក​ចំរៀង​ម្នាក់​ ច្រៀង​រហ៊ឹម​តាម​ពាក្យ​របស់​លោក​ឧត្ដមសេនីយ៍​ ដែល​ថា​ប្រទេសថៃ​កំពុង​ប្រឈមមុខ​គ្រោះថ្នាក់​នៃ​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ ប្រៀបដូច​នឹង​អណ្តាត​ភ្លើង​ ដែល​កំពុង​ឆាបឆេះ។ អត្ថន័យ​បទ​នេះ​សន្យា​ថា​ភាព​សប្បាយ​រីករាយ​នឹង​ត្រឡប់​មកវិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ និង​ថែ្លង​អំណរ​គុណ​ដល់​ប្រជាជន​ដែល​អនុញ្ញាតិ​ឲ្យ​កងយោធា​ជ្រៀត​ ធ្វើ​អន្តរាគមន៍​ មុន​នឹង​យឺត​ពេល។

កងយោធា​បាន​ធ្វើ​អន្តរាគមន៍ជាច្រើន​លើក​មក​ហើយ​ពី​មុន​មក។ នេះ​ជា​ការ​ប៉ុនប៉ង​ ធ្វើ​រដ្ឋប្រហារ​លើក​ទី​១៩​ ឬ​ជោគជ័យ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​លើក​ទី​១៩​ ហើយ​ចាប់​តាំងពី​ឆ្នាំ​១៩៣២។ អ្នក​ដែល​ស្ថិត​នៅ​គ្រប់​មជ្ឈដ្ឋាន​នយោបាយ​ប្រទេសថៃ​ដែល​បែក​ខ្ញែក​គ្នា​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទស្សន៍ទាយ​ថា​តើ​ ឧត្ដមសេនីយ៍​ទាំងនេះ​នឹង​ច្រៀង​ឬ​មិន​ច្រៀង​បទ​នេះ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ទេ។

ប្រែ​សម្រួលដោយ ស្រេង លក្ខិណា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG