ចក្រភពអង់គ្លេស និងសហភាពអ៊ឺរ៉ុប លើកឡើងកាលពីថ្ងៃចន្ទថា ទ្វារនៅតែបើកចំហរដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ ដោយបានអំពាវនាវទៅវិញទៅមក ឲ្យមានការសម្របសម្រួលនិងស្វែងរកវិធីក្នុងការការពារដល់ដំណើរការពាណិជ្ជកម្មដែលមានទឹកប្រាក់រាប់ពាន់លានដុល្លាររវាងគូភាគីជិតខាងទាំងពីរនេះ។
ដោយនៅសល់រយៈពេលជាង២ខែទៀតប៉ុណ្ណោះ មុនពេលដែលចក្រភពអង់គ្លេស បញ្ចប់នូវដំណាក់កាលរៀបចំអន្តរកាលដែលគ្មានការផ្លាស់ប្តូរ គឺមុនប្រទេសអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនោះ ភាគីទាំងពីរកំពុងជាប់គាំង ក្នុងការស្វែងរកវិធីដើម្បីធានាដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដោយមិនមានភាគីណាមួយ ចង់ធ្វើសម្បទានរបស់ខ្លួនមុននោះទេ។
ក្នុងករណីដែលគ្មានកិច្ចព្រមព្រៀងណាមួយនៅទីបញ្ចប់ វិបត្តិរយៈពេល៥ឆ្នាំនៃការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុបនោះ វានឹងធ្វើឲ្យរាំងស្ទះដល់ប្រតិ្តបត្តិការផលិតកម្មនៃរោងចក្រជាច្រើន ដល់អ្នកលក់រាយ កសិករ និងប៉ះទង្គិចស្ទើរតែគ្រប់វិស័យទាំងអស់ គឺដូចជាការប៉ះពាល់សេដ្ឋកិច្ចដែលកំពុងទទួលរងគ្រោះពីវិបត្តិឆ្លងរាតត្បាតដោយជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរនោះផងដែរ។
តែសហភាពអឺរ៉ុបនៅតែសម្តែងការចង់ឃើញមានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយអង់គ្លេស តែបានបញ្ជាក់ជំហថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអង់គ្លេសរហូតដល់ដំណាក់កាលចុងក្រោយដើម្បីធានាថា កិច្ចព្រមព្រៀងដែលកើតឡើងជាកិច្ចព្រមព្រៀងដែលភាគីទាំងពីរអាចទទួលយកបាន។
ប្រទេសអង់គ្លេសក្នុងសប្តាហ៍ថ្មីៗនេះ បានទទូចដល់សហភាពអឺរ៉ុបឲ្យបន្តកិច្ចចរចាដើម្បីធ្វើឲ្យមានការខិតទៅរកកិច្ចព្រមព្រៀងជាពិសេសចំណុចនានាដែលនៅកំពុងពិភាក្សាគ្នា ហើយថា អង់គ្លេសទទួលបានការគោរពនូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួន៕