ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកបោះឆ្នោតត្រូវចុះឈ្មោះឡើងវិញទាំងអស់គ្នាទើបអាចបោះឆ្នោតបាន

  • ហ៊ាន សុជាតា

កុំព្យូទ័រ និង​កាម៉េរា ប្រើប្រាស់​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដាក់តាំង​បង្ហាញ​ក្នុង​ពិធី​ប្រកាស​ផ្លូវការ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ពលរដ្ឋ​កម្ពុជា​ រួម​មាន​ប្រជាជន​ចំណាក​ស្រុក​ អ្នក​ប្រកប​របរ​ក្នុង​ក្រុង​ភ្នំពេញ​ និង​និស្សិត ដែល​ VOA ​បាន​ជួប​សម្ភាស​ បាន​បញ្ជាក់​អំពី​ឆន្ទៈ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក៏​ប៉ុន្តែ​ការ​ទទួល​បាន​ព័ត៌មាន​នៅ​មិន​ទាន់​គ្រប់គ្រាន់​ ហើយ​អ្នក​ខ្លះ​នៅ​មាន​លទ្ធភាព​តិចតួច​នៅ​ឡើយ។​

នៅ​សល់​ពេល​តែ​២​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កំព្យូទ័រ​នឹង​ឈាន​ចូល​មក​ដល់​ នា​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ។​

ពលរដ្ឋ​កម្ពុជា​ រួម​មាន​ប្រជាជន​ចំណាក​ស្រុក​ អ្នក​ប្រកប​របរ​ក្នុង​ក្រុង​ភ្នំពេញ​ និង​និស្សិត ដែល​ VOA ​បាន​ជួប​សម្ភាស​ បាន​បញ្ជាក់​អំពី​ឆន្ទៈ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក៏​ប៉ុន្តែ​ការ​ទទួល​បាន​ព័ត៌មាន​នៅ​មិន​ទាន់​គ្រប់គ្រាន់​ ហើយ​អ្នក​ខ្លះ​នៅ​មាន​លទ្ធភាព​តិចតួច​នៅ​ឡើយ។​

លោក​រ៉ាយ សារ៉ន​ វ័យ​៥០​ឆ្នាំ​ ជា​ពលរដ្ឋ​ចំណាក​ស្រុក​មួយ​រូប​ក្នុង​ប្រទេស​ថៃ។អ្នក​ស្រុក​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​ ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ ​នីតិវិធី​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ឬថា តើ​ឯកសារ​ណា​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​បោះឆ្នោត​នៅ​ឡើយ​នោះ​ទេ។

«រឿង​គម្រោង​បោះឆ្នោត​នេះ​មិន​ចង់​ខាន​ទេ។ ​ប្រហែល​ជា​ទៅ។​ បើ​ថា​ រយៈពេល​នៅ​១​ខែ​ជាង​ សុំ​ច្បាប់​គេ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ ​រឿង​បោះឆ្នោត​នេះ​សំខាន់​ណាស់​សម្រាប់​ខ្មែរ​យើង។ ​បោះឆ្នោត​ប្រជាធិបតេយ្យ​ បើ​យើង​មិន​បាន​បោះឆ្នោត​ទេ​ ដូច​យើង​មិនមែន​ពលរដ្ឋ​ខ្មែរ។ ​ម្ល៉ោះ​ហើយ​ យើង​ត្រូវ​បោះឆ្នោត។​ ទោះ​បី​អ្នកណា​ឡើង​ជា​នាយក​រដ្ឋមន្ត្រី​ក៏​ដោយ​ តែ​យើង​ប្រជា​ពលរដ្ឋ​ក៏​ត្រូវ​តែ​ជួយ​ជាតិ​មាតុភូមិ​ បោះឆ្នោត​អាក់​ខាន​មិន​បាន»។​

លោក​តក់ ផាត់យុទ្ធ វ័យ​២៣​ឆ្នាំ​ មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ​ ហើយ​បច្ចុប្បន្ន​លោក​ស្នាក់​នៅ​ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ។ ដូចគ្នា​ដែរ​ លោក​ក៏​មិន​ទាន់​បាន​ដឹង​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ​ដែរ​ ហើយ​លោក​បារម្ភ​ថា​ លោក​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ត្រឡប់​មក​កម្ពុជា​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ។​

«សំខាន់​ខ្លាំង ​ព្រោះ ប្រទេស​យើង​តម្រូវ​ឲ្យ​មាន​អញ្ចឹង។ វា​សំខាន់​សម្រាប់​យើង​ពេល​បោះឆ្នោត។ ប្រជាជន​ត្រូវ​បោះឆ្នោត​ទាំងអស់​គ្នា។ តែ​វា​មិន​សូវ​មាន​ពេល។ ​ ការ​ចំណាយ​ច្រើន​ ទៅ​មក​ ឆ្ងាយ​ ខាត​ពេល​ធ្វើ​ការងារ។ ​បើ​ថា ​គេ​ឲ្យ​ចុះឈ្មោះ​នៅ​ប្រទេស​ថៃ ​ប្រហែល​មាន​ច្រើន​ជាង​ការ​ចុះ​នៅ​ប្រទេស​ខ្មែរ​ផ្ទាល់​ ព្រោះ​វា​ស្រួល​ ជិត​ មិន​ពិបាក​ទៅ​មក»។​

លោក​ ស៊ិក ប៊ុនហ៊ុក ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត នៅក្នុង​ពិធី​ប្រកាស​ផ្លូវការ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
លោក​ ស៊ិក ប៊ុនហ៊ុក ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត នៅក្នុង​ពិធី​ប្រកាស​ផ្លូវការ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

យ៉ាង​ណាក៏ដោយ​ ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​ចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កំព្យូទ័រ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ស៊ិក ប៊ុនហុក​ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) លើក​ឡើង​ថា គ.ជ.ប.​នឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​ការ​បោះ​ឆ្នោត​នេះ​ឲ្យ​បាន​ទូលំទូលាយ​ ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា​នៅ​គ្រប់​ប្រទេស​អាច​បាន​ដឹង​ឮ។​

«ហើយ​យើង​ដឹង​ថា​ រឿង​ធំ​ណាស់​ ប្រជាពលរដ្ឋ​គេ​ត្រូវ​តែ​ដឹង​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​គ្រប់គ្នា ​ដើម្បី​គេ​លៃ​ពេល​មក​ចូលរួម។​ មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទើប​គេ​បោះឆ្នោត​កើត។ ហើយ​ព័ត៌មាន​ដែល​គាត់​មិន​ទាន់​បាន​ដឹង​ ពី​ព្រោះ​ការងារ​នេះ​ យើង​កំពុង​ដំណើរ​ការ​រៀបចំ​នូវ​ការ​ផ្សព្វផ្សាយ»។​

ទិន្នន័យ​របស់​ គ.ជ.ប.ក្នុង​ឆ្នាំ​២០១៦ ​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​ជាង​៩​លាន​នាក់​មាន​អាយុ​អាច​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​៤​ចំនួន​១៦៣៣​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។ ​រីឯអ្នក​បោះ​ឆ្នោត​លើក​ទី​១​មាន​ចំនួន​ជាង​១​លាន​នាក់។​

កញ្ញា​ខាន់ សៀកអេង វ័យ​១៨​ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង។ នេះ​លើក​ទី​១​ហើយ​ ដែល​យុវតី​រូប​នេះ​អាច​មាន​សិទ្ធិ​បោះឆ្នោត។

«ចំពោះ ការ​បោះឆ្នោត​ហ្នឹង​ អាច​យក​អត្តសញ្ញាបណ្ណ​ សៀវភៅ​គ្រួសារ​ សំបុត្រ​កំណើត​យើង​ហ្នឹង។ ​ចំពោះ​ការ​បោះឆ្នោត​នេះ​គឺ​វា​មាន​សារៈសំខាន់​ណាស់។ ​វា​គឺ​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ ដែល​ត្រូវ​ជ្រើសរើស​មនុស្ស​ម្នាក់​ដែល​មក​គ្រប់គ្រង​ភូមិ​ឃុំ ​ឬ​ក៏​ប្រទេស​ជាតិ​ទាំង​មូល​ ដើម្បី​ឲ្យ​ប្រទេស​មាន​ស្ថិរភាព​ និង​សន្តិសុខ»។​

អ្នក​រត់​ម៉ូតូ​ឌុប​មួយ​រូប​មក​ពី​ឃុំ​កោះ​ឧកញ៉ាតី​ ខេត្ត​កណ្តាល​គឺ​លោក​គឹម ប៊ុនធាន​ វ័យ​៤៧ឆ្នាំ​ ​បាន​ឲ្យ​ដឹង​ថា​ លោក​នឹង​យក​អត្តសញ្ញាណបណ្ណថ្មី​របស់​លោក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា​ខែ​ក្រោយ​នេះ។​

«ខ្ញុំ​នឹង​ទៅ​បោះឆ្នោត ឲ្យ​ប្រជា​ពលរដ្ឋ​ទាំងអស់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​កុំ​ឲ្យ​ខាត។​ ជា​សារៈ​សំខាន់​ចំពោះ​ប្រជា​ពលរដ្ឋ ​ដើម្បី​ដឹកនាំ​ទៅ​រក​ផ្លូវ​ល្អ​ ដើម្បី​កសាង​ផ្លូវថ្នល់​ កសាង​សាលា​រៀន​ កសាង​ជីវភាព​គ្រួសារ​របស់​ពលរដ្ឋ»។​

លោក​ឡាត់ ឃី​ វ័យ​៤៥ឆ្នាំ​ ជា​អ្នក​រត់​រឺម៉ក​កង់​៣​ក្នុង​ក្រុង​ភ្នំពេញ​ ​បាន​អះអាង​ថា លោក​នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ ដើម្បី​អាច​បាន​បោះ​ឆ្នោត​ឃុំ​ សង្កាត់​នៅ​ដើម​ឆ្នាំ​២០១៧ ​និង​បោះឆ្នោត​សកល​ឆ្នាំ​២០១៨។​ លោក​បន្ថែម​ថា ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​ពលរដ្ឋ​ឲ្យ​បាន​ពេញ​លេញ​ក្នុង​ការ​ជ្រើស​រើស​មេដឹកនាំ​ដែល​ខ្លួន​ពេញ​ចិត្ត។​

លោក​ឡាត់ ឃី​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ភូមិ​ឃុំ​របស់​លោក​មានភាព​រកាំ​រកូស​ខ្លះ​ទាក់ទង​នឹង​ឯកសារ​ប្រើប្រាស់​សម្រាប់​ការ​ចុះឈ្មោះ​បោះ​ឆ្នោត។​

«យើង​ត្រូវ​បោះឆ្នោត។ ​ឃើញ​អ្នក​ណា​ល្អ​ យើង​បោះ​ឲ្យ​អ្នក​ហ្នឹង។​ ប៉ុន្តែ​យើង​ត្រូវ​មាន​អត្ត​សញ្ញាណ​បណ្ណ ។​ ឧបមា​ថា​ យើងបាត់​ យើង​ត្រូវ​ទៅ​ភូមិ​ឃុំ​បញ្ជាក់ថា​ យើង​ជា​ពលរដ្ឋអាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន។ ​បើ​យើង​មិន​ទៅ​បោះឆ្នោត ​មាន​ន័យ​ថា​ យើង​មិន​មែន​ពលរដ្ឋ​ទេ។ ​ពេល​ខ្លះ​ក៏​ពិបាក​ដែរ។​ ឮ​គេថា​ ពេល​ទៅ​អញ្ចឹងខុស​នេះ ​ខុស​នោះ ធ្វើ​ឲ្យ​អ្នក​ចង់​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង​អត់មាន​ពេល​វេលា​ទេ។​ ទៅ​អត់ៗ​អញ្ចឹង ខាត​ពេល​វេលា​រកស៊ី​ ធ្វើការ។​ អញ្ចឹង​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ធ្វើ​ម៉េច​ឲ្យ​ពលរដ្ឋ​ងា​យ​ស្រួល»។

សមាជិក​ទាំង​៩រូប​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត នៅក្នុង​ពិធី​ប្រកាស​ផ្លូវការ​ពី​ការចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កំព្យូទ័រ ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
សមាជិក​ទាំង​៩រូប​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត នៅក្នុង​ពិធី​ប្រកាស​ផ្លូវការ​ពី​ការចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កំព្យូទ័រ ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ថ្លែង​នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​មួយកាល​ពី​សប្តាហ៍​មុន​ លោក​កែវ ផល្លា​ ជា​ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់​ និង​វិវាទ​កម្ម​នៃ​គ.ជ.ប.​ បាន​លើក​ឡើង​ថា​ ​ក្នុង​ករណី​មាន​មន្ត្រី​មូលដ្ឋាន​ណាមាន​និន្នាការ​នយោបាយ​ ហើយ​បដិសេធ​មិន​ព្រម​បញ្ជាក់​ទី​លំនៅ​ ឬ​បញ្ជាក់​អត្តសញ្ញាណ​ ដែល​ជា​ឯកសារ​សំខាន់​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត​ នោះ​អាជ្ញាធរ​មូលដ្ឋាន​នឹង​ត្រូវ​រង​ការ​ចោទពី​បទ​«រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត»​ ហើយនឹង​ប្រឈម​ការ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៥លាន​រៀល។​

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ខែ​មិថុនា​ឆ្នាំ​២០១៧ខាង​មុខ​ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨។​ ហើយ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​អ្នក​បោះឆ្នោត​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១​ ខែ​កញ្ញា​ដល់​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ៕​

សេចក្តី​រាយការណ៍​បន្ថែម​ពី​ប្រទេស​ថៃ​ដោយ​ អូន​ ឆេងប៉រ​

XS
SM
MD
LG