ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.៖ ផាក​៥​លាន​រៀល​ បើ​មន្ត្រី​មូលដ្ឋាន​​រំខាន​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​


ការ​សម្តែង​អំពី​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ក្នុង​វគ្គបណ្តុះបណ្តាល​មួយ​ស្តីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​​រៀបចំ​បញ្ជី​ឈ្មោះ​​បោះឆ្នោត​​ថ្មី​ឆ្នាំ​​២០១៦ ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
ការ​សម្តែង​អំពី​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ក្នុង​វគ្គបណ្តុះបណ្តាល​មួយ​ស្តីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​​រៀបចំ​បញ្ជី​ឈ្មោះ​​បោះឆ្នោត​​ថ្មី​ឆ្នាំ​​២០១៦ ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក កែវ​ ផល្លា​ ពន្យល់​ថា​ បើ​សិន​មាន​ករណី​អាជ្ញាធរ​មូលដ្ឋាន​រារាំង​ពលរដ្ឋ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ នោះ​ពលរដ្ឋ​អាច​ដាក់​ពាក្យ​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ទាំង​នោះ​បាន។​

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប.) ​នៅ​ថ្ងៃ​សុក្រ​នេះ​ ​បាន​បញ្ជាក់​ថា មន្ត្រី​ថ្នាក់​មូលដ្ឋាន​ណា​ដែល​រំខាន​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ពិន័យ​ចំនួន​៥លាន​រៀល។ ​

​លោក កែវ​ ផល្លា​ ជា​ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់​ និង​វិវាទកម្ម​នៃ​គ.ជ.ប.​ ឲ្យ​ដឹង​ថា ​ក្នុង​ករណី​ដែល​មន្ត្រី​មូលដ្ឋាន​ បដិសេធ​មិន​ព្រមបញ្ជាក់​ទី​លំនៅ​ ឬ​បញ្ជាក់​អត្តសញ្ញាណ​ ដែល​ជា​ឯកសារ​សំខាន់​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត​ នោះ​អាជ្ញាធរ​មូលដ្ឋាន​នឹង​ត្រូវ​រង​ការ​ចោទពី​បទ​«រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត» និង​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល។ ការ​លើក​ឡើង​របស់​លោក កែវ​ ផល្លា​ ​នេះ​ គឺ​យោង​តាម​មាត្រា​១៤២នៃ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។​

លោក កែវ​ ផល្លា​ ពន្យល់​ថា​ បើ​សិន​មាន​ករណី​អាជ្ញាធរ​មូលដ្ឋាន​រារាំង​ពលរដ្ឋ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ នោះ​ពលរដ្ឋ​អាច​ដាក់​ពាក្យ​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ទាំង​នោះ​បាន។​ ហើយ​យន្តការ​ដោះស្រាយ​ពាក្យ​បណ្តឹង​មាន​៣​ដំណាក់កាល​ គឺ​ទី១​ ប្តឹង​ទៅ​កាន់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ទី២​គឺ​ប្តឹង​ទៅ​គ.ជ.ប​ និង​ដំណាក់កាល​ចុង​ក្រោយ​គឺ​ប្តឹង​ទៅ​កាន់ក្រុម​ប្រឹក្សាធម្មនុញ្ញ។​

ថ្លែង​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ លោក កែវ​ ផល្លា​ អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ត្រូវ​អនុវត្ត​តាម​ច្បាប់​បោះឆ្នោត​ ព្រមទាំង​បំពេញ​តួនាទី​ខ្លួន​ដោយ​អព្យាក្រឹត្យ​មាន​តម្លាភាព​ និង​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​ណា​មួយ​នោះ​ទេ។

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា ​ខែ​មិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨។ ​ហើយ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​អ្នក​បោះឆ្នោត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​០១ ​ខែ​កញ្ញា​ដល់​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ៕

XS
SM
MD
LG