ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក​ហ៊ុន សែន​ឃោសនា​​ឲ្យ​យុវសិស្ស​បោះឆ្នោត​ឲ្យ​លោក​ព្រោះ​លោក​ធ្វើ​សាលារៀន​​


រូបឯកសារ៖ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចូលរួម​ការ​ប្រារព្ធ​ទិវា​សិទ្ធិកុមារ​នៅទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។ (REUTERS/Samrang Pring)
រូបឯកសារ៖ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចូលរួម​ការ​ប្រារព្ធ​ទិវា​សិទ្ធិកុមារ​នៅទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។ (REUTERS/Samrang Pring)

លោក​ ហ៊ុន សែន ​ថ្លែង​ដូច្នេះ​ក្នុង​ដំណើរ​ទៅ​កាន់​ខេត្ត​តាកែវ​ដើម្បី​​បន្ត​យុទ្ធនាការ​របស់​លោក​ក្នុង​ការ​ចុះ​ជួប​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​​២៥​រាជធានី​ខេត្ត ក្រុង។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នៅថ្ងៃ​អង្គារ​នេះ ​បាន​ថ្លែង​ទៅ​កាន់​សិស្ស​សាលា​មួយ​ក្រុម​នៅ​ក្នុង​ខេត្ត​តាកែវ​ថា​ កុំ​ឱ្យ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​លោក​ថា ​ពុំ​បាន​ធ្វើ​អ្វី​សោះ។ ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ផ្ដាំ​ផ្ញើ​សិស្ស​ទាំង​នោះ​ឱ្យ​ទៅ​ប្រាប់​ឪពុក​ម្ដាយ​របស់​ពួក​គេ​ផង​ដែរ។​

លោក​ ហ៊ុន សែន ​ថ្លែង​ដូច្នេះ​ក្នុង​ដំណើរ​ទៅ​កាន់​ខេត្ត​តាកែវ​ដើម្បីបន្ត​យុទ្ធនាការ​របស់​លោក​ក្នុង​ការ​ចុះ​ជួប​ប្រជា​ពលរដ្ឋ​នៅ​ក្នុង២៥​រាជធានី​ខេត្ត ក្រុង។ ​ក្នុង​ពេល​ចុះ​សំណេះ​សំណាល​ជាមួយ​ក្រុម​សិស្ស​នៃ​វិទ្យាល័យ​ ប៊ុន រ៉ានី ហ៊ុនសែន ​បាទី ​តាម​ផ្លូវ​ទៅ​កាន់ទី​រួមខេត្ត​តាកែវ ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ផ្ដល់​អគារ​សិក្សា​មួយ​ខ្នង​ដល់​វិទ្យាល័យ​នេះ។ ​ក្រោយ​ការ​ប្រកាស​ផ្ដល់​អគារ​សិក្សា​នេះ ​លោក​ ហ៊ុន សែន ​ក៏​បាន​អំពាវនាវ​ឱ្យ​ក្រុម​សិស្សពិចារណា​បោះ​ឆ្នោត​ឱ្យ​គណបក្សរបស់​លោក​និង​កុំ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល។​

លោក ​ហ៊ុន សែន ​មាន​ប្រសាសន៍​ឆ្លើយឆ្លង​ជាមួយ​សិស្សថា៖​

លោក ​ហ៊ុន សែន៖​ «រួចដល់​អាយុ​បោះ​ឆ្នោត​ឬ​នៅ​ហ្នឹង?»

សិស្ស​ឆ្លើយ៖​ «ដល់​ហើយ»។

លោក​ហ៊ុន សែន៖​«រួច​បោះ​ឱ្យ​ពី​ណា?»

សិស្ស​ឆ្លើយ៖​ «បោះ​ឱ្យ​សម្ដេច»។​

លោក​ហ៊ុន សែន៖​ «អើ​បើ​រៀន​នៅ​ក្រោម​សាលា​សម្ដេច​ហើយ​ មិន​បោះឱ្យ​សម្ដេច​ទេ​ ឱ្យ​ធ្វើ​ម៉េច? ​និយាយ​ត្រង់ៗ ​គេ​អត់​បាន​ធ្វើ​អី​សោះ​ ហើយ​ទៅ​បោះ​ឱ្យ​គេ?​ រួច​ដល់​អ្នកធ្វើ​ចង់ងាប់​មិន​បោះ​ឱ្យ​ ដល់​ទៅ​ពេល​សុំ​សាលា​គេ​ ​គេ​អត់ធ្វើ​ឱ្យ ​ធ្វើ​ម៉េច​ទៅ?​ អើ​ទៅ​ប្រាប់​ឪ​ម៉ែ​ផង»។​

លោក​ យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ថា​ ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន​គឺ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។ ​លោក​យឹម សុវណ្ណ​បង្ហាញ​ការ​ជឿជាក់​ថា ​ប្រជា​ពលរដ្ឋ​នឹង​ធ្វើ​ការ​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​ នៅ​ពេល​ពួកគាត់​ទៅ​បោះ​ឆ្នោត។​

លោក​មាន​ប្រសាសន៍​ថា៖​

«ហើយ​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​លើ​ប្រជា​ពលរដ្ឋ​ថា​ លោក​នឹង​មា​ន​សុភវិនិច្ឆ័យ​នៅ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​ប្រទេស​តាម​រយៈ​ការ​បោះឆ្នោត»។​

លោក គល់ ​បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្រែ្វល​ ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា ​វា​ជា​រឿង​ធម្មតា​ដែល​អ្នក​នយោបាយ​ឆ្លៀត​ឱកាស​ក្នុង​ការ​ស្វែង​រក​ការ​គាំទ្រ ​ពេលចុះ​ជួប​ប្រជា​ពលរដ្ឋ។ ​ទោះយ៉ាងណា ​លោក​យល់ថា​ ការ​ដើរ​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ផង ​និង​ជា​អ្នក​នយោបាយ​ផង​ក្នុង​ពេល​ចុះ​ជួប​ប្រជា​ពលរដ្ឋ​ ​នាំ​ឱ្យ​មាន​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​ដោយ​មិនមាន​តម្លាភាព ​និង​មិន​ស្មើភាព​ជាមួយ​គណបក្ស​ដទៃ។​

លោក​ គល់ បញ្ញា​ មាន​ប្រសាសន៍​ថា៖​

«បើ​ថា​អញ្ចឹង យើង​អាច​ចែក​ធនធាន​រដ្ឋ​ហ្នឹង​ទៅ​ឱ្យ​គណបក្ស​ផ្សេងៗ​ គេ​អាច​ធ្វើ​សកម្មភាព​អញ្ចឹងដែរ។​ អា​ហ្នឹង​យើង​ត្រូវ​ឱ្យ​អញ្ចឹងដែរ​ទៅ។ ​ឧទាហរណ៍​គេ​អាច​មាន​ឡាន ​មាន​សាំង ​ឬ​ក៏​មាន​អី​អញ្ចឹងទៅ ​ឬ​ក៏​មាន​ទីកន្លែង​របស់​រដ្ឋ​ដើម្បី​ធ្វើ​អញ្ចឹងដែរ​ដូច​គ្នា​ ​បាន​ន័យ​ថា​ យើង​មាន​ច្បាប់​មាន​គោល​ការណ៍​ បាន​ន័យ​ថា​ គណបក្ស​ផ្សេងៗ ​យ៉ាង​ហោចណាស់​គណបក្សមាន​អាសនៈ​ក្នុង​រដ្ឋសភា​អីហ្នឹង គេ​មាន​លទ្ធភាព​ប្រើប្រាស់​ធនធាន​រដ្ឋ​អញ្ចឹងដែរ​ទៅ។ ​អញ្ចឹងបាន​ការ​ប្រើប្រាស់​ហ្នឹង​វា​អត់​តម្លាភាព ​ មាន​តែគណបក្ស​កាន់​អំណាច​ប្រើ​បាន​ធនធាន​រដ្ឋ​ហ្នឹង​ដើម្បី​ធ្វើ​កិច្ច​ការ​នយោបាយ»។​

លោក ​គល់ បញ្ញា ​ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ផង​ដែរ ​ដោយ​លោក​លើក​ឡើង​ថា ​ថ្នាក់​ដឹកនាំ​ និង​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង​«រង​ការ​ដាក់​សម្ពាធ»​តាម​ផ្លូវ​ច្បាប់​ជា​បន្ត​បន្ទាប់។​

លោក​សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បដិសេធ​ការ​លើក​ឡើង​នេះ ​ដោយលោក​អះអាង​ថា ​លោក​ហ៊ុន សែន​ ក៏​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ការ​បែងចែក​ច្បាស់​លាស់​ក្នុង​ការ​ប្រើប្រាស់​ថវិកា​ជាតិ ​និង​ថវិការបស់​គណបក្ស។​

លោក​សុខ ឥសាន ​មាន​ប្រសាសន៍​ថា៖

«សម្ដេច​គាត់​មាន​ការ​ជ្រៅជ្រះ​ណាស់​អារឿង​ប្រើប្រាស់​ថវិកា​ក្នុង​នាម​រដ្ឋាភិបាល​ ឬ​ប្រើប្រាស់​មូលនិធិ​សម្រាប់​សប្បុរសជន​ក្នុង​នាម​គណបក្ស។​ អាហ្នឹង​វា​ផ្សេង​គ្នា ​មិន​ច្របូក​ច្របល់​ទេ ​សុទ្ធ​តែ​មាន​ការ​កត់​ត្រា​ត្រឹមត្រូវ​ មិន​ឱ្យ​មាន​ការ​ថ្លោះធ្លោយ​ទេ»។​

កាល​ពី​ចុងខែ​កក្កដា​ លោក​ហ៊ុន សែន​បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​២៥​រាជធានី​ខេត្ត ​ក្រុង​ ដោយ​លោក​អះអាង​ថា​ ដើម្បី​តាមដាន​សកម្មភាព​មន្ត្រី​ក្រោម​ឱវាទ ​ក៏​ដូច​ជា​ចុះ​ពិនិត្យ​មើល ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ​ពេល​ចុះ​ជួប​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ​លោក​ហ៊ុន សែន​ក៏​បាន​អំពាវនាវ​ និង​បង្ហាញ​ក្ដី​សង្ឃឹម​ផង​ដែរ​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បន្ត​បោះឆ្នោត​គាំទ្រ​រូប​លោក​ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​ត​ទៅ​ទៀត។​

ចំណែក​គណបក្ស​សង្គ្រោះជាតិ​ ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ បាន​ស្ងប់​ស្ងាត់​ក្នុង​ការ​ចុះ​មូលដ្ឋាន​ជួប​ប្រជា​ពលរដ្ឋ ​ដោយ​សារ​ប្រធាន​គណបក្ស​គឺ​លោក​សម រង្ស៊ី​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​គេច​ពី​ការ​ចាប់​ខ្លួន។​ ឯ​អនុ​ប្រធាន​គណបក្ស​នេះ​គឺ​លោក​កឹម សុខា​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ បន្ទាប់​ពីមាន​ដីកា​ជា​បន្តបន្ទាប់​ពី​តុលាការ​ពាក់ព័ន្ធ​នឹងសំណុំ​រឿង​ស្នេហា​ជាមួយ​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ​ដែល​គួរ​ឲ្យ​សង្ស័យ ​និងមាន​សារ​ព្រមាន​ពី​លោក​ហ៊ុន សែន​ទាក់ទង​នឹងការ​ចាប់​ខ្លួន​អនុប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ៕​

XS
SM
MD
LG