ប្រទេសកូរ៉េខាងជើងបានរាយការណ៍អំពីករណីសង្ស័យដំបូងនៃការឆ្លងជំងឺកូវីដ១៩ ដោយបានរិះគន់លើជនផ្ដាច់ខ្លួនម្នាក់ដែលនៅពេលថ្មីៗនេះបានចូលមកក្នុងប្រទេសកូរ៉េខាងជើងវិញ។
ប្រព័ន្ធផ្សព្វផ្សាយ KCNA របស់កូរ៉េខាងជើងបានរាយការណ៍ថា អ្នកផ្ដាច់ខ្លួនម្នាក់ ដែលត្រូវបាន «សង្ស័យថាបានឆ្លងវីរុសដ៏កាចសាហាវនេះ» គឺជាអ្នកដែលបានគេចខ្លួនទៅប្រទេសកូរ៉េខាងត្បូងកាលពី ៣ ឆ្នាំមុន ប៉ុន្តែបានត្រឡប់មកកាន់ប្រទេសកូរ៉េខាងជើងវិញកាលពីថ្ងៃទី ១៩ ខែកក្កដា កន្លងទៅនេះ «បន្ទាប់ពីបានឆ្លងព្រំដែនដោយខុសច្បាប់»។
ទីភ្នាក់ងារព័ត៌មាន KCNA បានបញ្ជាក់ថា «លទ្ធផលមិនទាន់ប្រាកដត្រូវបានធ្វើឡើងដោយការធ្វើតេស្តវេជ្ជសាស្ត្រមួយចំនួនលើវត្ថុរាវនៃសរីរាង្គដង្ហើមខាងលើ និងឈាមរបស់អ្នកផ្ដាច់ខ្លួននោះ» ប៉ុន្តែមិនបានបញ្ជាក់ឲ្យបានច្បាស់ថាតើអ្នកជំងឺនោះបានឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ១៩ ឬក៏អត់នោះទេ។
ទីភ្នាក់ងារព័ត៌មាននេះបានបន្ថែមថា៖ «ជននោះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកយ៉ាងតឹងរ៉ឹង ដែលជាជំហានដំបូង ហើយរាល់មនុស្សទាំងអស់ក្នុងទីក្រុង Kaesong ដែលបានប្រាស្រ័យទាក់ទងនឹងជននេះ និងអ្នកដែលបានធ្វើដំណើរទៅកាន់ទីក្រុងនោះក្នុងរយៈពេល ៥ ថ្ងៃចុងក្រោយ ត្រូវបានធ្វើការស៊ើបអង្កេតយ៉ាងដិតដល់ ធ្វើតេស្តវេជ្ជសាស្ត្រ និងដាក់ឲ្យនៅដាច់ដោយឡែក»។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានរៀបចំប្រជុំគណៈកម្មាធិការគោលនយោបាយគណបក្សកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយនៅពេលនោះ លោកបានទទួលស្គាល់ថា «វីរុសដ៏កាចសាហាវនេះអាចបានចូលមកដល់ប្រទេសកូរ៉េខាងជើងហើយ»។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន KCNA។
សេចក្ដីរាយការណ៍នោះបានបញ្ជាក់ថា លោក Kim Jong Un បានប្រកាសដាក់ភាពអាសន្ននៅតំបន់ដែលរងការប៉ះពាល់នោះ និង «បានចាត់វិធានការជាមុននូវការបិទទីក្រុង Kaesong ទាំងស្រុង និងបិទការធ្វើដំណើររវាងសង្កាត់នីមួយៗ និងតំបន់នីមួយៗនៃទីក្រុងនេះនៅពេលរសៀលថ្ងៃទី ២៤ ខែកក្កដា បន្ទាប់ពីទទួលបានដំណឹងអំពីរឿងនេះ»៕