ក្រុមសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រីអង្គការសង្គមស៊ីវិលប្រមាណ៧០នាក់ នៅថ្ងៃសុក្រនេះ បានប្រារព្ធខួបលើកទី៦នៃការបង្ក្រាបដ៏ហិង្សាពីកងកម្លាំងប្រដាប់អាវុធលើក្រុមកម្មករដែលទាមទារការដំឡើងប្រាក់ខែនៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។
ការប្រារព្ធខួបលើកទី៦នៃហេតុការណ៍វាយបង្រ្កាបនេះ បានធ្វើឡើង ក្នុងបរិយាកាសស្ងប់ស្ងាត់នៅក្នុងការិយាល័យ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central)។ ក្រុមសកម្មជននិយាយថា ពួកគេមិនចង់ធ្វើពិធីហែរក្បួន ដើម្បីរំឭកសាធារណជនពីការបង្ក្រាបនេះ ដោយសារបារម្ភពីការរំខានរបស់អាជ្ញាធរក្នុងទីក្រុងភ្នំពេញ។
ក្រុមសកម្មជន និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានធ្វើពិធីតាមបែបព្រះពុទ្ធសាសនា ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធ អ្នកដែលបានលះបង់ជីវិតដើម្បី ទាមទារការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន១៦០ដុល្លារអាមេរិក សម្រាប់កម្មករកាត់ដេរ។
បាតុកម្មដែលបានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះ បានក្លាយជាអំពើហិង្សា ហើយក៏បានបង្កឲ្យមនុស្សបួននាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួនមកដល់បច្ចុប្បន្ននេះ។
សាច់ញាតិនៃជនរងគ្រោះដែលបានស្លាប់ និងបាត់ខ្លួន ក្នុងហេតុការណ៍បង្ក្រាបដ៏ហិង្សានោះបាននិយាយថា ពួកគេមិនទាន់ទទួលបានយុត្តិធម៌ចំពោះការស្លាប់ និងការរកមិនឃើញសាកសពនៃអ្នកដែលជាទីស្រឡាញ់របស់ពួកគេនៅឡើយ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រនេះ ដោយបានរំឭកដល់ព្រឹត្តិការណ៍កាលពី៦ឆ្នាំមុនថា មួយថ្ងៃមុនការបាញ់បង្រ្កាបកងទាហានប្រដាប់ដោយកាំភ្លើងមកពីបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានប្រើអំពើហិង្សាវាយដំលើកម្មករ និងបានចាប់ខ្លួនកម្មករចំនួន១០នាក់ និងប្រធានសហជីពមួយចំនួនទៀត នៅខាងមុខរោងចក្រ យ៉ាកជីន ក្នុងរាជធានីភ្នំពេញ។ ការវាយបង្ក្រាបនោះ ធ្វើឡើង ចំពេលដែលអតីតគណបក្សជំទាស់កំពុងធ្វើពហិការមិនចូលប្រជុំសភាដោយសារភាពចម្រូងចម្រាសនៃលទ្ធផលបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣។
អង្គការលីកាដូបានបញ្ជាក់ឲ្យដឹងទៀតថា ក្រៅពីមនុស្ស៤នាក់ដែលបានស្លាប់ និងម្នាក់ទៀតដែលបាត់ខ្លួន ការបង្រ្កាបដោយហិង្សានៅលើផ្លូវវេងស្រេង បានបណ្ដាលឱ្យមានមនុស្ស៣៨នាក់រងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល៕