ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារព័ត៌មានថៃ៖ ជនជាតិថៃ៩នាក់រត់ចេញពីកាស៊ីណូនៅក្រុងប៉ោយប៉ែត ហើយរាយការណ៍អំពីការបង្ខំឲ្យហៅទូរស័ព្ទបោកបញ្ឆោត


រូបដកស្រង់ពីគេហទំព័រ The Nation របស់​ប្រទេសថៃ បង្ហាញ​មន្ត្រីថៃ​សន្ទនា​ជាមួយ​ជនជាតិ​ថៃ​ដែល​បាន​រត់​គេច​ខ្លួន​ពី​កាស៊ីណូ​មួយ​នៅ​ប្រទេស​កម្ពុជា។ (Web Screenshot)
រូបដកស្រង់ពីគេហទំព័រ The Nation របស់​ប្រទេសថៃ បង្ហាញ​មន្ត្រីថៃ​សន្ទនា​ជាមួយ​ជនជាតិ​ថៃ​ដែល​បាន​រត់​គេច​ខ្លួន​ពី​កាស៊ីណូ​មួយ​នៅ​ប្រទេស​កម្ពុជា។ (Web Screenshot)

សារ​ព័ត៌មាន​ថៃ​បាន​ចុះ​ផ្សាយ​ថា​ ជនជាតិ​ថៃ​ ៩ ​នាក់​បាន​រត់​ចេញ​ពី​កាស៊ីណូ​មួយ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ ​ដើម្បី​គេច​ពី​ការ​បង្ខាំង​និង​ការ​បង្ខំ​ឲ្យ​ហៅ​ទូរសព្ទ​បោក​បញ្ឆោត​ជនជាតិ​ថៃ​ដូច​គ្នា។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ថៃ​ឈ្មោះ ​The Nation ​ដែល​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​អង្គារ

ជនជាតិ​ថៃ​ ៩ ​នាក់ ​ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ បាន​ដុត​ភ្លើង​នៅ​កាស៊ីណូ​មួយ​ឈ្មោះ Puli​ ក្នុង​ក្រុង​ប៉ោយប៉ែត ​ដើម្បី​គេច​ពី​ចេញ​ពី​អគារ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ជើង​កាង។​ នេះ​បើ​តាម​អត្ថបទ​ដែល​បាន​ដក​ស្រង់​សម្តី​តម្រួត​ថៃ។​

តម្រួត​ថៃ​បាន​ជួយ​ជនជាតិ​ថៃ​ទាំង ​៩ ​នាក់​នោះ​នៅ​ក្បែរ​ច្រក​ព្រំដែន​ក្នុង​ខេត្ត​សាកែវ​ កាល​ពី​ថ្ងៃ​ចន្ទ ​ក្រោយ​ពួក​គេ​រត់​គេច​ចេញ​ពី​កាស៊ីណូ​បាន​សម្រេច។ ​ពួកគេ​ភាគ​ច្រើន​មាន​ស្នាម​របួស​ធ្ងន់​ធ្ងរ​នៅ​លើ​ដៃ ​ជើង​ និង​ខ្លួន​ ហើយ​ខ្លះ​មាន​ស្នាម​ជាំ​ពេញ​ខ្លួន។​

បើ​តាម​សារ​ព័ត៌មាន​ថៃ​ ជនជាតិ​ថៃ​ទាំង​នោះ​ឲ្យ​ដឹង​ថា​ ​ពួកគេ​បាន​លួច​ចូល​មក​កម្ពុជា​ បន្ទាប់​ពី​ត្រូវ​បាន​សន្យា​ថា​ មាន​ការងារ​នៅ​កាស៊ីណូ​មួយ។ ​ប៉ុន្តែ​ការងារ​ទាំង​នោះ​ប្រែ​ជា​ធ្វើការ​នៅ​កន្លែង​ប្រតិបត្តិ​ការ​ហៅ​ទូរស័ព្ទ​ចេញ​ពី​អគារ​ ដែល​នៅ​ទីនោះ​ក្រុម​ជើង​កាង​បាន​គំរាម​វាយ​និង​សម្លាប់​ជនជាតិ​ថៃ​ទាំង​នោះ​ ប្រសិន​បើ​ពួកគេ​មិន​ហៅ​ទូរស័ព្ទ​ ដើម្បី​បោក​បញ្ឆោត​ជន​ជាតិ​ថៃ​ក្នុង​ប្រទេស​ថៃ។ ​ពួកគេ​អះអាង​ថា​បាន​ឃើញ​ជន​រង​គ្រោះ​ថៃ ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ក្រុម​ជើង​កាង​ផង​ដែរ។​

បើ​ជន​រង​គ្រោះ​ទាំង​នោះ​ដែល​ប្រាប់​សារ​ព័ត៌មាន​ The Nation​ ជនជាតិ​ថៃ​ប្រមាណ​ ២០០ ​នាក់​ ត្រូវ​បាន​ឃុំ​ឃាំង​នៅ​ក្នុង​អគារ​កាស៊ីណូ​នោះ។​ តម្រួត​ថៃ​បាន​រាយ​ការណ៍​ព័ត៌មាន​នេះ​មក​អាជ្ញាធរ​កម្ពុជា ​ដើម្បី​ចុះ​ស្រាវជ្រាវ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ឯក សៅសារឿន ​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត ​និង​លោក​ សិទ្ធិ ឡោះ ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ បាន​នៅ​ឡើយ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG