ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា បានដាក់ទណ្ឌកម្មទៅលើអ្នករំលោភសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងសកម្មភាពនៃការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ឬ Online Scamming។ បុគ្គល និងអង្គភាពចំនួន ៤៦ នៅលើពិភពលោក ក្នុងនោះមានអ្នកពាក់ព័ន្ធនឹងប្រទេសកម្ពុជាផងដែរ ត្រូវបានបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរទៅប្រទេសទាំង ៣។ នេះបើតាមប្រកាសព័ត៌មានរបស់ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាបុគ្គល និងអង្គភាពចំនួន ៦ ត្រូវបានដាក់ទណ្ឌកម្មដោយសារទំនាក់ទំនងរបស់ពួកគេទៅនឹងគម្រោងការងារដោយបង្ខំនៅក្នុងប្រទេសកម្ពុជា រួមមានក្រុមហ៊ុន Heng He, Casino K.B Hotel, Pacific Real Estate Management Co., Golden Sun Sky Entertainment Co., Ltd និងឈ្មោះបុគ្គលដូចជា Hum Sovanny និង Dong Lecheng។ បុគ្គលនិងក្រុមហ៊ុនទាំងនោះធ្លាប់ត្រូវបានចុះផ្សាយ ដោយសារព័ត៌មានអំពីការជួលអគារ និងទីតាំងដល់ក្រុមឧក្រិដ្ឋជនដើម្បីឆបោកតាមប្រព័ន្ធអ៊ីនធឺណិត រហូតដល់មានការធ្វើទារុណកម្ម និងបង្ខំមនុស្សឱ្យធ្វើការនៅទីនោះ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ទណ្ឌកម្មនេះដាក់ទៅលើបុគ្គលនិងក្រុមហ៊ុនដែលចូលរួមក្នុងការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដោយបង្ខំជនរងគ្រោះឱ្យធ្វើការសម្រាប់ 'scam farms' តាមអ៊ីនធឺណិត ដែលនាំឱ្យមានអំពើឆបោកទ្រង់ទ្រាយធំ ដោយជនរងគ្រោះត្រូវបានសន្យាថានឹងមានការងារដែលមានប្រាក់ចំណូលល្អ ប៉ុន្តែបែរជាត្រូវទទួលរងការធ្វើទារុណកម្ម ឬការធ្វើបាបដ៏ឃោរឃៅ អមនុស្សធម៌ ឬការប្រព្រឹត្តដាក់បែបបន្ទាបបន្ថោក។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសបញ្ជាក់ក្នុងន័យដើមថា៖ «ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា ថ្ងៃនេះប្រកាសពីទណ្ឌកម្មជាកញ្ចប់ធំមួយ ដាក់លើបុគ្គលដែលមានទំនាក់ទំនងជាមួយការរំលោភសិទ្ធិមនុស្សនៅជុំវិញពិភពលោក នៅមុនខួបលើកទី៧៥នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនៅថ្ងៃទី១០ ខែធ្នូ។ ថ្ងៃនេះចក្រភពអង់គ្លេសប្រកាសទណ្ឌកម្មជាពីរប្រទេស ដែលមានចំនួន ៤៦ រួមមានទាំងការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បដិសេធចំពោះការលើកឡើងពីការរំលោភសិទ្ធិមនុស្ស ហើយថាការដាក់ទណ្ឌកម្មនេះជាការគំរាមរបស់ប្រទេសមហាអំណាចមកលើប្រទេសតូចតាចតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «រដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចក្នុងការគោរពសិទ្ធិមនុស្ស ព្រោះជាហត្ថលេខីមួយក្នុងអនុសញ្ញាអន្តរជាតិដែលរាយការណ៍ពីសិទ្ធិអីទាំងអស់ហ្នឹង យើងនិយាយកាតព្វកិច្ចវាដែរ។ ហើយបើទៅជាអង្គភាពហ្នឹងសុំបដិសេធហើយ មិនមែនអង្គភាពរដ្ឋាភិបាលណាដែលរំលោភសិទ្ធិមនុស្សទេ បើអ៊ីចឹងយើងមានគណៈកម្មការសិទ្ធិធ្វើអី មានគណៈកម្មការសិទ្ធិមានអីទាំងអស់»។
អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថាអ្នកស្រីមិនទាន់បានទទួលដំណឹងទាក់ទងនឹងរបាយការណ៍របស់ចក្រភពអង់គ្លេសលើការទណ្ឌកម្មនៃការរំលោភសិទ្ធិមនុស្សនៅឡើយទេ។
យ៉ាងណាមិញ អ្នកស្រីបញ្ជាក់ថានឹងជួបពិភាក្សាជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាជុំវិញបញ្ហាទាំងនេះ។
អ្នកស្រីថ្លែងថា៖ «យើងនឹងជជែកគ្នា ប្រហែលជាអាចមានពេលវេលាខ្លះ ខ្ញុំជជែកបើសិនជាអាច ឬមួយក៏ណាត់ជួបជជែកយ៉ាងណានោះតាមជាក់ស្ដែង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា តាមសារអ៊ីម៉ែលបាននៅឡើយទេ។ វីអូអេក៏មិនទាន់អាចសុំការឆ្លើយតបពីក្រុមហ៊ុន និងបុគ្គលមួយចំនួន ដែលមានឈ្មោះនៅក្នុងបញ្ជីទណ្ឌកម្មនោះ និងលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានដែរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថាមួយរយៈក្រោយនេះ សកម្មភាពនៃការឆបោកតាមប្រព័ន្ធអនឡាញបានកើនឡើងជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា ដែលបង្កឱ្យមានការព្រួយបារម្ភនិងការប៉ះពាល់ទៅដល់ការគោរពសិទ្ធិមនុស្ស។ លោកបន្តថា ការដាក់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេស និងសម្ពន្ធមិត្តខ្លួនមកលើជនដែលបានរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តសកម្មភាពនៃការឆបោកតាមអនឡាញនេះ គឺបានបង្ហាញពីការគាំទ្រនៃកិច្ចគាំពារចំពោះសេចក្តីថ្លៃថ្នូរ និងការជួញដូរកម្លាំងពលកម្មសម្រាប់មនុស្សជាតិនៅក្នុងពិភពលោក ក៏ដូចជាបង្ហាញប្រាប់រដ្ឋាភិបាលកម្ពុជាឱ្យយកចិត្តទុកដាក់បន្ថែមទៅលើបញ្ហាដែលកំពុងបន្តកើតឡើងទាំងអស់នេះ។
លោកថ្លែងថា៖ «អ៊ីចឹងការប្រកាសសេចក្តីការដាក់ទណ្ឌកម្មនេះក៏ជាការរំលឹកឱ្យរាជរដ្ឋាភិបាលកម្ពុជាហ្នឹងបង្កើន និងបន្ថែមនូវកិច្ចការពារ និងការទប់ស្កាត់ និងការបង្ក្រាបបន្ថែមទាក់ទងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្សផ្សេងៗ ពីព្រោះប្រសិនបើបញ្ហាហ្នឹងកើតឡើងច្រើនជះឥទ្ធិពលទី ១ ប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាលកម្ពុជា ទី ២ ប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ ប៉ះពាល់ទៅដល់វិនិយោគទុន វាប៉ះពាល់ទៅដល់សន្តិសុខសុវត្ថិភាពដែលជាការខាតបង់សម្រាប់កម្ពុជា»។
លោក អំ សំអាត ក៏ជំរុញឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតចំពោះរាល់ករណីការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស ដោយត្រូវពង្រឹងលើការអនុវត្តច្បាប់ និងរកជនដែលពាក់ព័ន្ធលើការប្រព្រឹត្តបទល្មើស ក៏ដូចជាពង្រឹងលើប្រព័ន្ធតុលាការដើម្បីធានាយុត្តិធម៌សម្រាប់ជនរងគ្រោះ។ លោកបន្ថែមថា រដ្ឋាភិបាលក៏ត្រូវលុបបំបាត់អំពើពុករលួយនានា និងតម្រូវឱ្យសមត្ថកិច្ចជំនាញត្រូវមានចំណេះដឹងបចេ្ចកវិទ្យាបន្ថែម ដើម្បីតាមទាន់បទល្មើសដែលកំពុងកើតមានឡើង។
កាលពីកន្លងទៅ អាជ្ញាធរកម្ពុជាក៏បានបង្រ្កាបករណីឆបោកតាមប្រព័ន្ធអនឡាញនេះផងដែរ ជាពិសេសការចុះទៅតាមទីតាំងដែលជួល នៅក្នុងខេត្តព្រះសីហនុ និងតាមតំបន់ព្រំដែនមួយចំនួន។
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCHR) ដែលចេញផ្សាយកាលពីចុងខែសីហា ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា មនុស្សប្រមាណជា ១០ម៉ឺននាក់ដែលជាជនបរទេសត្រូវបានបង្ខំឱ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ ករណីឆបោកតាមប្រព័ន្ធអនឡាញនេះក៏បានកើតឡើងនៅក្នុងប្រទេសចំនួន ៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន។
ជនរងគ្រោះនៃការឆបោកតាមប្រព័ន្ធអនឡាញទាំងនោះបានប្រឈមនឹងការគំរាមកំហែង និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដោយពួកគេទទួលរងការធ្វើទារុណកម្មយ៉ាងឃោរឃៅ អំពើអមនុស្សធម៌ ថោកទាប ការឃុំខ្លួនដោយបំពាន អំពើហិង្សាផ្លូវភេទ ពលកម្មដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស៕