ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​នីហ្សេរីយ៉ា​គាំទ្រ​លោក​ Buhari ខណៈ​ការ​អំពាវនាវ​ឲ្យ​លោក​លាលែង​ពី​​តំណែង​កើនឡើង


រូបឯកសារ៖ ប្រធានាធិបតីនីហ្សេរីយ៉ាលោក Muhammadu Buhari ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងខាតស៊ីណា ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០។

សេចក្តីថ្លែងការណ៍មួយ​របស់​កង​យោធាត្រូវ​បាន​ធ្វើ​ឡើង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការផ្សព្វ​ផ្សាយ​តាមទូរទស្សន៍​ពី​សំណាក់មេធាវី​ល្បី​ឈ្មោះមួយ​រូប​ នៅ​នីហ្សេរីយ៉ា ​លោក Robert Clarke ដែល​បាន​និយាយ​ថា ​ប្រទេស​នីហ្សេរីយ៉ាអាច​ដួល​រលំក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ប្រសិន​បើ​កង​កម្លាំងយោធាមិ​ន​ចូល​កាន់​អំណាច​ជំនួស​ប្រធានាធិបតី​ទេ​នោះ។​

អ្នក​នាំពាក្យ​យោធា​លោក Onyema Nwachukwu បាន​និយាយ​ថា យោធា​នឹង​រក្សា​លទ្ធិ​ប្រជាធិប តេយ្យ​នៅ​ក្នុង​ប្រទេស និង​ព្រមាន​ប្រឆាំង​នឹង​ផែន​ការ​ណា​មួយ​ដើម្បី​ទម្លាក់​រដ្ឋា​ភិបាល​ចេញ​ពី​អំណាច​នោះ។

ប៉ុន្តែ​ការ​រិះគន់​ទៅ​លើរដ្ឋបាលរបស់​លោក​ប្រធានាធិបតី Muahammadu Buhari ពី​សំណាក់​សង្គមស៊ីវិល​អ្នកនយោបាយ និង​ក្រុម​សាសនា ​មានការ​កើន​ឡើង​កាន់​តែ​ខ្លាំង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​សារ​តែ​ការ​កើន​ឡើង​នូវ​ភាព​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​ទាំង​មូល។

លោក Raphael Adebayo ស្ថាបនិកអង្គការ​ចលនា​នីហ្សរីយ៉ា​សេរី (Free Nigeria Movement) ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​មួយ ​និយាយ​ថា ​រដ្ឋាភិបាល​លែង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ត​ទៅ​ទៀត​ហើយ។​

លោក​បាន​ថ្លែង​ថា៖ «បញ្ហាអសន្តិសុខបាន​ប៉ះ​ពាល់​លើគ្រប់វិស័យ​នៅ​ក្នុង​ប្រទេស។ សេដ្ឋកិច្ច​របស់​យើង​កំពុង​តែ​ធ្លាក់​ចុះ វិស័យ​អប់រំ​កំពុង​ស្ថិត​ក្នុង​ភាព​មហន្តរាយ​មួយ ​ហើយ​មិន​មាន​ក្តី​សង្ឃឹម​នោះ​ទេ។ អ្នក​ក្រ​គឺ​កាន់​តែ​ក្រទៅ​ ហើយប្រធានាធិបតី​លែង​មាន​ដំណោះ​ស្រាយ​អ្វីហើយ»។

លោក​ប្រធានាធិបតី​ Buhari ដែល​ជា​អតីត​ឧត្តមសេនីយ​យោធា​មួយ​រូប​នោះ​ បាន​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ ២០១៥ ហើយ​លោក​បាន​ប្តេជ្ញាបង្រ្កាប​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​ជ្រុលនិយម ​Boko Haram នៅ​ភាគ​ឥសាន្ត​ប្រទេស ​ដែល​បាន​សម្លាប់​មនុស្ស​ជាង ​៣៦.០០០ ​នាក់ ​និង​ធ្វើ​ឲ្យមនុស្ស​ជាង​ ២ ​លាន​នាក់​ទៀតត្រូវ​ផ្លាស់​ទី​ជម្រក​។​

ប៉ុន្តែ​អស់រយៈ​ពេល​ ៦ ​ឆ្នាំ​នៃ​ការ​កាន់​អំណាចរបស់​លោក​ស្ថានភាពនៅ​ក្នុង​ប្រទេស​កាន់​តែ​ចុះ​ដុន​ដាប​ទៅ​។ ក្រុម Boko Haram បាន​ពង្រីក​តំបន់​គ្រប់គ្រង​របស់​ខ្លួន​នៅ​ភាគពាយ័ព្យ​ប្រទេស ស្រប​ពេល​ដែលការ​លួច​ប្លន់​ ការ​ចាប់​ជំរិត និង​ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​សហគមន៍​ បាន​កើន​ឡើងជា​ខ្លាំង​នោះ។​

លោក Ariyo Dare ស្ថាបនិក​មជ្ឈមណ្ឌល​សេរីភាព​ស៊ីវិល​និងការ​អភិវឌ្ឍន៍ ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​មួយ​ទៀត​ ក៏​បាន​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​លា​លែង​ពី​តំណែង​ផង​ដែរ។

លោក​បាន​ថ្លែង​យ៉ាង​ដូច​នេះ​ថា​៖ «​ការ​យល់ឃើញ​របស់​យើង គឺប្រាកដ​ណាស់​ថា ​លោក​ប្រធានាធីបតី​គួរ​តែ​លា​លែង​ពី​តំណែង​។ នៅពេល​នេះ​ គាត់​មិន​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​បានទៀត​នោះ​ទេ។ សមត្ថភាព​ក្នុងការ​គិត​របស់​គាត់​បាន​ធ្លាក់​ចុះ​ហើយ​សុខភាព​របស់​គាត់​ក៏​ទ្រុឌទ្រោម​ផង​ដែរ»។

លោក​ប្រធានាធិបតី​ Buhari ត្រូវ​បានជាប់​ឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរ ​ក្នុង​ឆ្នាំ ​២០១៩។

លោក​ Ariyo Dare និយាយ​ថា លោក​ប្រធានាធិបតី​ទំនង​នឹង​មិនលាលែង​ពី​តំណែង​នោះ​ទេ ប៉ុន្តែ​លោក​ព្យាករណ៍​ថា​ បញ្ហា​សន្តិសុខ​នឹង​ជា​ប្រធាន​បទ​ដ៏ចម្បង​មួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​នេះ។

លោក​បាន​ថ្លែង​ថា៖ «វា​ជា​រឿង​សំខាន់​ដែល​បុគ្គល​ស្នង​តំណែងពី​លោក​ឧត្តមសេនីយ ​Buhari នៅ​ឆ្នាំ​ ២០២៣ ​ជា​មេដឹកនាំ​មួយ​រូប​ដែល​មាន​សមត្ថភាព ​និង​ដែល​អាច​ជំរុញឲ្យ​មាន​សាមគ្គីភាព​នៅ​ក្នុង​ប្រទេស​ទាំង​មូល»។

កាល​ពី​ចុង​ខែ​មេសា ក្រុម​សមាជិក​សភានីហ្សេរីយ៉ា​បាន​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ ពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​នៅ​ក្នុង​ប្រទេស។ នៅ​ថ្ងៃ​ទី ​៤ ខែ​ឧសភា​ លោក ​Buhari បាន​ជួប​មន្រ្តី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែកសន្តិសុខ​របស់​លោក​ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ឆ្ពោះ​ទៅ​មុខ​។​នីហ្សេរីយ៉ា​ជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​ជាង​គេ​បង្អស់​ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក៕

ប្រែសម្រួល​ដោយ​លោក​ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG