គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសនីហ្សេរីយ៉ានៅដើមខែកក្កដានេះ បានចាប់ផ្តើមការពិនិត្យលើការបោះឆ្នោតជាតិ ដែលបានធ្វើឡើងនៅក្នុងខែកុម្ភៈ និងខែមីនាឆ្នាំនេះ។ កិច្ចប្រជុំនៅក្នុងរដ្ឋធានីអាប៊ូហ្សា (Abuja) កាលពីថ្ងៃអង្គារ ទី០៤ ខែកក្កដា ផ្តោតលើការរៀបចំ ការប្រព្រឹត្ត និងលទ្ធផលនៃដំណើរការនេះ។ ការបោះឆ្នោតប្រធានាធិបតី និងក្នុងថ្នាក់មូលដ្ឋានត្រូវបានបំផ្លាញដោយអំពើហិង្សា និងបញ្ហាបច្ចេកទេស ហើយត្រូវបានចាត់ទុកថា ជាការបោះឆ្នោតដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះរបស់នីហ្សេរីយ៉ា។
កិច្ចប្រជុំនៅដើមខែកក្កដារបស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យ (INEC) លោក Mahmood Yakubu ជាមួយមន្ត្រីបោះឆ្នោតប្រចាំរដ្ឋបានកត់សម្គាល់ការចាប់ផ្តើមនៃការត្រួតពិនិត្យរយៈពេលមួយខែអំពីលទ្ធផលនៃការបោះឆ្នោតជាតិនៅក្នុងប្រទេសនីហ្សេរីយ៉ា។
ខណៈពេលដែលសរសើរដល់ការដាក់ពង្រាយប្រព័ន្ធសម្គាល់អ្នកបោះឆ្នោតដោយជោគជ័យរបស់ INEC លោក Yakubu បាននិយាយថា INEC នឹងវាយតម្លៃប្រតិបត្តិការរបស់ខ្លួន និងប្រសិទ្ធភាពនៃបច្ចេកវិទ្យាដែលត្រូវបានប្រើប្រាស់ក្នុងដំណើរការនេះ។ លោក Yakubu បាននិយាយថា ការត្រួតពិនិត្យនេះនឹងត្រូវធ្វើឡើងដោយគ្មានការលម្អៀង ហើយ INEC នឹងបង្ហាញលទ្ធផលនៃការរកឃើញរបស់ខ្លួនជាសាធារណៈ។
លោក Yakubu បាននិយាយទៅកាន់អ្នកកាសែតនៅក្នុងរដ្ឋធានីថា៖ «ពេលវេលាបានមកដល់សម្រាប់ការត្រួតពិនិត្យ ការស្តុកទុក ពិនិត្យ និងវាយតម្លៃ។ ចាប់តាំងពីការបញ្ចប់ការបោះឆ្នោតមក មានមតិចម្រុះត្រូវបានបញ្ចេញដោយគណបក្សនយោបាយ បេក្ខជន អ្នកសង្កេតការណ៍ ហើយគណៈកម្មាធិការបានស្វាគមន៍ពួកគេទាំងអស់ដរាបណាគោលបំណងរបស់ពួកគេគឺដើម្បីកែលម្អ ការរៀបចំការបោះឆ្នោត និងពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់យើង»។
ក្រុមមន្ត្រីបាននិយាយថា រហូតមកដល់ពេលនេះ INEC បានទទួលរបាយការណ៍ចំនួន៥៤ ពីបេសកកម្មសង្កេតការណ៍ផ្សេងៗទាក់ទងនឹងវិធីរៀបចំការបោះឆ្នោតកន្លងមក។ ការត្រួតពិនិត្យចាប់ផ្តើមដំណើរការក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីបេសកកម្មអ្នកសង្កេតការណ៍របស់សហភាពអឺរ៉ុបបានចេញផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីការបោះឆ្នោត ដោយជំរុញឱ្យមានការជជែកពិភាក្សាគ្នាមួយចំនួន។ សហភាពអឺរ៉ុបបាននិយាយថា ការបោះឆ្នោតមិនធានាបានដំណើរការប្រជាធិបតេយ្យដែលដំណើរការល្អ មានតម្លាភាព និងប្រកបដោយបរិយាប័ន្ន ដែល INEC បានសន្យានោះឡើយ។ សហភាពអឺរ៉ុបក៏បាននិយាយថាទំនុកចិត្ត និងការជឿទុកចិត្តរបស់សាធារណជនលើ INEC ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតី ហើយមិនត្រូវបានកែលម្អឡើងវិញនៅក្នុងការបោះឆ្នោតថ្នាក់រដ្ឋនោះទេ។
របាយការណ៍ក៏បានលើកឡើងពីបញ្ហាសន្តិសុខ ដោយកត់សម្គាល់ថា បរិយាកាសនយោបាយមានភាពតានតឹងខ្លាំងមុនការបោះឆ្នោត។ ប៉ុន្តែប្រធានាធិបតីនីហ្សេរីយ៉ាក្នុងសប្ដាហ៍នេះបានច្រានចោលរបាយការណ៍របស់ EU។ ប៉ុន្តែលោកស្រី Idayat Hassan នាយិកាមជ្ឈមណ្ឌលដើម្បីប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ មានប្រសាសន៍ថា របាយការណ៍នេះត្រឹមត្រូវក្នុងការលើកឡើងពីបរិយាកាសនយោបាយដែលមានលក្ខណៈប្រឈមរួចទៅហើយ សូម្បីតែមុនការបោះឆ្នោតក៏ដោយ។
លោកស្រីបានបន្ថែមថា៖ «INEC បានសន្យាច្រើនហួសហេតុហើយធ្វើបានតិចតួច គ្មាននរណាម្នាក់ភ្លេចចំណុចនេះទេ[ប៉ុន្តែ] យើងគួរតែយកចិត្តទុកដាក់លើកត្តាដែលបានកើតមានជុំវិញការបោះឆ្នោតនេះ។ ឧទាហរណ៍ ការបោះឆ្នោតនេះធ្វើឡើងក្នុងពេលខ្វះខាតប្រេងឥន្ធនៈ និងថវិកា ដែលវាធ្វើឱ្យខូចទឹកចិត្តរបស់ជនជាតិនីហ្សេរីយ៉ា។ វាបានរារាំងពួកគេមិនឲ្យធ្វើដំណើរទៅតំបន់ផ្សេងៗក្នុងប្រទេសដើម្បីចូលរួមបោះឆ្នោត»។
ប៉ុន្តែលោកស្រី Hassan និយាយថា INEC ត្រូវតែធ្វើការពិនិត្យឡើងវិញឲ្យបានទូលំទូលាយ រួមទាំងការបោះឆ្នោតលើកមុនៗ និងការសហការរបស់ខ្លួនជាមួយភ្នាក់ងារសន្តិសុខ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ការបោះឆ្នោតប្រធានាធិបតី និងថ្នាក់ក្រោមជាតិកាលពីថ្ងៃទី ២៥ ខែកុម្ភៈ និងខែមីនា ត្រូវបានប៉ះពាល់ដោយអំពើហិង្សាដែលបានសម្លាប់មនុស្សយ៉ាងតិច ២១ នាក់។ វាក៏មានការលំបាកក្នុងប្រតិបត្តិការ និងបញ្ហាដឹកជញ្ជូនផងដែរ។ លើសពីនេះ អ្នកសង្កេតការណ៍ចោទថា ការបោះឆ្នោតត្រូវបានគាបសង្កត់នៅក្នុងរដ្ឋមួយចំនួន។
លោក Emmanuel Njoku ធ្វើការនៅអង្គការ Connected Development ដែលជាអង្គការមិនរកប្រាក់កម្រៃ ដែលជាអ្នកសង្កេតការណ៍បោះឆ្នោតមួយ។ លោកនិយាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់រដ្ឋរបស់ INEC ខ្វះអ្នកជំនាញក្នុងការរៀបចំការបោះឆ្នោត ហើយលោកដាក់កំហុសលើដំណើរការតែងតាំងមន្ត្រីទាំងនោះ។
លោកថ្លែងថា៖ «អ្នកអាចពិនិត្យមើលខ្លួនឯងបាន ប៉ុន្តែអ្នកមិនអាចដាក់ពិន្ទុខ្លួនឯងក្នុងការប្រឡងបានទេ។ ប្រសិនបើសហភាពអឺរ៉ុបបានផ្តល់របាយការណ៍ នោះជាអ្វីដែលពួកគេបានសង្កេតឃើញ ហើយសម្រាប់ពួកយើងនៅអង្គការ Connected Development យើងបានយល់ស្របជាមួយនឹងរឿងមួយចំនួនដែលពួកគេបានរាយការណ៍។ ពួកគេបានធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកយើង។ លើសពីបញ្ហាបច្ចេកទេសនៅទីស្នាក់ការកណ្តាល បញ្ហាមាននៅជុំវិញការដឹកជញ្ជូន និងការបរាជ័យក្នុងប្រតិបត្តិការ គឺពួកINEC បានបរាជ័យយ៉ាងធ្ងន់ធ្ងរ»។
INEC បាននឹងកំពុងវាយតម្លៃលទ្ធផលការងាររបស់ខ្លួននៅក្នុងការបោះឆ្នោតចាប់តាំងពីឆ្នាំ២០១១មក។ គណៈកម្មការនេះក៏កំពុងពិនិត្យមើលភ័ស្តុតាងនៃការបំពាននៅក្នុងការស៊ើបអង្កេតជាង២០០ករណី ដែលបានបញ្ចប់ដោយប៉ូលិស រួមទាំងករណីពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ផងដែរ។ ទន្ទឹមនឹងនេះ សាលាឧទ្ធរណ៍នៅ រដ្ឋធានីអាប៊ូហ្សា បានបិទសវនាការមេធាវីការពារក្តីកាលពីថ្ងៃទី៥ ខែកក្កដា សម្រាប់ការប្តឹងជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតរបស់ប្រធានាធិបតីនីហ្សេរីយ៉ាលោក Bola Tinubu ដែលប្តឹងដោយក្រុមប្រឆាំង។ តុលាការនឹងបន្តដំណើរការឡើងវិញនៅចុងខែនេះ៕
ប្រែសម្រួលដោយ លោក ម៉ែន គឹមសេង