លោ ក Michael Abbatam អ្នកនាំពាក្យប៉ូលិសនៅរដ្ឋImo បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃមានការវាយប្រហារថា មន្ត្រីប៉ូលិសបានវាយទប់ស្កាត់ការវាយប្រហារមួយក្នុងពេលព្រឹកព្រលឹមនៅអគារគណៈកម្មាធិការឯករាជ្យសម្រាប់រៀបចំការបោះឆ្នោតជាតិ (INEC) នៅក្នុងទីក្រុង Owerri នៃរដ្ឋ Imo ដោយបានសម្លាប់ជនដៃដល់ចំនួន ៣ នាក់ និងបានចាប់ខ្លួន ២ នាក់។
លោកថា ប៉ូលិសក៏បានរឹបអូសយកអាវុធ គ្រឿងផ្ទុះកែច្នៃ និងយានយន្តមួយចំនួនផងដែរ។
អ្នកវាយប្រហារបានគប់គ្រាប់ផ្ទុះចូលទៅក្នុងអគាររបស់គណៈកម្មាធិការឯករាជ្យសម្រាប់រៀបចំការបោះឆ្នោតជាតិ INEC ដោយបានបំផ្លាញអគារមួយផ្នែក និងយានយន្តមួយចំនួនមុនពេលប៉ូលិសបានបញ្ឈប់ការវាយប្រហារនេះ។
នេះជាការវាយប្រហារលើកទី៣ទៅលើអគារគណៈកម្មាធិការ INEC នៅរដ្ឋ Imo ចាប់តាំងពីដើមខែធ្នូមក និងមានការវាយប្រហារស្រដៀងគ្នាទៅលើអគារមួយនៅស្រុក Orlu ដែលនៅជិតខាង និងការិយាល័យមួយទៀតនៅស្រុក Oru West នៅដើមខែធ្នូនេះ។
មិនមានក្រុមណាមួយអះអាងទទួលខុសត្រូវលើការវាយប្រហារនេះទេ ក៏ប៉ុន្តែក្នុងពេលថ្មីៗនេះ អាជ្ញាធរបានបន្ទោសដល់ក្រុមបំបែកខ្លួនខុសច្បាប់មួយឈ្មោះថា ក្រុមជនជាតិដើមភាគតិច Biafra ប៊ីយ៉ាហ្វ្រា ឬ អាយផប់ (IPOB) ចំពោះភាពគឃ្លើនរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៃប្រទេសនីហ្សេរីយ៉ានេះ។ ក្រុម IPOB បានបដិសេធថាមិនមានការពាក់ព័ន្ធនោះទេ។
លោក Paul James ជាអ្នកសម្របសម្រួលកម្មវិធីបោះឆ្នោតនៅអង្គការគំនិតផ្តួចផ្តើមយុវជនសម្រាប់ការតស៊ូមតិ ការរីកចម្រើន និងការឈានទៅមុខ (YIAGA) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងតាមដានការបោះឆ្នោតនៅនីហ្សេរីយ៉ា។
លោកថា ការកើនឡើងការវាយប្រហារលើស្ថាប័នរៀបចំការបោះឆ្នោតនឹងមានផលប៉ះពាល់។ លោក Paul James បានថ្លែងថា៖
«នៅចន្លោះឆ្នាំ២០១៩ និងពេលឥឡូវនេះ មានការវាយប្រហារជាង ៥៣ លើក ហើយអ្នកវាយប្រហារកំពុងតែមានភាពក្លាហានជាងមុន។ យើងមានការបារម្ភថាតើវានឹងប៉ះពាល់ដល់ទំនុកចិត្តរបស់ពលរដ្ឋនិងទំនុកចិត្តរបស់គណៈកម្មាធិការឯករាជ្យសម្រាប់រៀបចំការបោះឆ្នោតជាតិ (INEC) កម្រិតណា។ យើងមើលឃើញផលប៉ះពាល់ធ្ងន់ធ្ងរនៃការវាយប្រហារនេះលើការបោះឆ្នោតនៅឆ្នាំ២០១៩ ដែលគណៈកម្មាធិការ INEC ថែមទាំងបានពន្យារពេលការបោះឆ្នោតនៅតាមមណ្ឌលមួយចំនួនទៀតផង»។
រដ្ឋ Imo ជាមូលដ្ឋានដ៏រឹងមាំមួយរបស់ចលនាបំបែកខ្លួន Biafra ហើយការព្យាយាមរបស់អាជ្ញាធរក្នុងការបង្ក្រាបក្រុមបំបែកខ្លួននេះបណ្តាលឱ្យមានអំពើហិង្សាកើនឡើងនៅក្នុងរដ្ឋនេះ។
ការិយាល័យរបស់គណៈកម្មាធិការ INEC នៅរដ្ឋ Ebonyi រដ្ឋ Osun និងរដ្ឋ Ogun ក៏ជាគោលដៅនៃការវាយប្រហារ និងរងការវាយប្រហារផងដែរក្នុងពេលថ្មីៗនេះ។លោក Paul James បានថ្លែងទៀតថា៖
«មូលហេតុដែលការវាយប្រហារទាំងនេះកើនឡើងគឺដោយសារគណៈកម្មាធិការឯករាជ្យសម្រាប់រៀបចំការបោះឆ្នោតជាតិ INEC នៅតែជម្នះធ្វើឱ្យប្រសើរឡើងនូវដំណើរការបោះឆ្នោត។ ប្រធានគណៈកម្មាធិការ INEC បានលើកឡើងថា ពួកគេនឹងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការបោះឆ្នោតនេះ។ នេះគ្រាន់តែជាការប៉ុនប៉ងដើម្បីរំខានដល់គណៈកម្មាធិការ INEC ប៉ុណ្ណោះ។ ការបោះឆ្នោតនេះជាការបោះឆ្នោតដែលមានការប្រកួតប្រជែងមួយ។ ប្រសិនបើការវាយប្រហារដែលមានលក្ខណៈគ្រោងទុកនេះនៅបន្តមាន វានឹងប៉ះពាល់ដល់ទំនុកចិត្តរបស់គណៈកម្មាធិការក្នុងការរៀបចំដំណើរការបោះឆ្នោតនៅក្នុងរដ្ឋដែលរងការវាយប្រហារ»។
លោក Festus Okoye អ្នកនាំពាក្យរបស់គណៈកម្មាធិការINEC បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានសម្ភារៈសំខាន់ៗណាមួយសម្រាប់ការបោះឆ្នោតត្រូវបានបំផ្លាញក្នុងការវាយប្រហារកាលពីថ្ងៃទី១២ ខែធ្នូនោះទេ។
គណៈកម្មាធិការបោះឆ្នោតឯករាជ្យបានចាប់ផ្តើមចែកប័ណ្ណបោះឆ្នោតអចិន្ត្រៃយ៍ (PVC) ជាផ្លូវការកាលពីថ្ងៃទី១២ ខែធ្នូទៅដល់អ្នកបោះឆ្នោត ហើយដំណើរការនេះនឹងបន្តរហូតដល់ខែមករា។
ទោះជាយ៉ាងនេះក្តី លោក Godbless Otubure មេដឹកនាំនៃក្រុមគាំទ្រលិទ្ធិប្រជាធិបតេយ្យមួយឈ្មោះថា គំនិតផ្តួចផ្តើមត្រៀមខ្លួនដឹកនាំអាហ្វ្រិកបានថ្លែងថា ការវាយប្រហារនេះបានប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកបោះឆ្នោតនៅមុនការបោះឆ្នោតនៅខែកុម្ភៈខាងមុខនេះ។ លោក Godbless Otubure បានថ្លែងថា៖
«ពលរដ្ឋទាក់ទងមកយើងដោយនិយាយថា ពួកគេមិនចង់ទៅយកប័ណ្ណបោះឆ្នោតអចិន្ត្រៃយ៍ PVC ទៀតទេ។ ពួកគេគ្រាន់តែមិនចង់ស្លាប់ប៉ុណ្ណោះ។ ការទទួលខុសត្រូវរបស់យើងគឺជំរុញឱ្យពលរដ្ឋនីហ្សេរីយ៉ាទៅបោះឆ្នោត និងចូលរួមក្នុងដំណើរការនេះ។ យើងមិនគ្រប់គ្រងយន្តការសន្តិសុខទេ។ ខ្ញុំមិនអាចធានាដល់ពលរដ្ឋនីហ្សេរីយ៉ាណាម្នាក់នៅពេលនេះបានថា ខ្ញុំអាចហៅឱ្យយោធាឆ្លើយតបទៅនឹងអ្វីមួយនោះទេ ដោយសារខ្ញុំមិនមែនជាអាជ្ញាធរទេ»។
ពលរដ្ឋនីហ្សេរីយ៉ានឹងទៅបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំបន្តពីលោក Muhammadu Buhari ដែលនឹងចេញពីតំណែង បន្ទាប់ពីកាន់តំណែងអស់ ២ អាណត្តិរួចមក។
គណៈកម្មាធិការINEC ថា ខ្លួននឹងពឹងផ្អែកលើបច្ចេកវិទ្យាដើម្បីបញ្ជូនលទ្ធផលបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក និងធានាដល់ពលរដ្ឋនីហ្សេរីយ៉ាថា ការវាយប្រហារលើការិយាល័យរបស់ខ្លួននឹងមិនប៉ះពាល់ដល់ការបោះឆ្នោតសកលនៅឆ្នាំ២០២៣ខាងមុខនោះទេ៕