ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​បោះឆ្នោត​នីហ្សេរីយ៉ា​ប្រឈម​នឹង​ភាពអសន្តិសុខ​កាន់តែ​ខ្លាំង មុន​ពេល​បោះឆ្នោត​ចុង​ខែកុម្ភៈ​នេះ


រូបឯកសារ៖ មន្ត្រី​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ​តម្រៀប​បណ្ណ​បោះឆ្នោត​នៅ​ទីក្រុង Lagos ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ មន្ត្រី​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ​តម្រៀប​បណ្ណ​បោះឆ្នោត​នៅ​ទីក្រុង Lagos ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

គណៈកម្មការ​បោះឆ្នោត​ជាតិ​ឯករាជ្យ​ (INEC) ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី២ ខែកុម្ភៈ​ថា​ គណៈកម្មការ​នេះ​កំពុង​រៀបចំ​ផែនការ​ដាក់​ជំនួស​ប្រអប់​សន្លឹក​ឆ្នោតប្រមាណ ៧០០​ប្រអប់ បន្ទប់​សម្ងាត់​សម្រាប់​គូស​សន្លឹក​ឆ្នោត​ចំនួន ២៤៣​បន្ទប់​ និង​ថង់​បោះឆ្នោត​ចំនួន ២៥៦ ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​អ្នក​វាយប្រហារ​ដែល​បាន​វាយឆ្មក់​ទៅ​លើ​ការិយាល័យ​របស់​គណៈកម្មការ​នេះ​នៅ​ក្នុង​ស្រុក Idemili South នៅ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋ Anambra ក្នុង​ប្រទេស​នីហ្សេរីយ៉ា។

គណៈកម្មការ​បោះឆ្នោត​បាន​ថ្លែង​ថា ការ​បំផ្លិចបំផ្លាញ​មាន​ភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​បណ្ណ​អ្នក​បោះឆ្នោត​អចិន្ត្រៃយ៍ក្នុង​ហិបសុវត្ថិភាព​ដែលការពារ​ការ​ឆេះ​នោះ​ មិន​ត្រូវ​បាន​បំផ្លាញ​នោះ​ទេ។​

លោក Festus Okoye មន្ត្រី​ព័ត៌មាន​និង​អប់រំ​ របស់​គណៈកម្មការ INEC បាន​ផ្តល់​បទសម្ភាសន៍​ដល់ VOA តាមរយៈ​ទូរស័ព្ទ​ដូចនេះ​ថា​៖

«ការិយាល័យបោះឆ្នោត​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង។ ប្រអប់សន្លឹក​ឆ្នោត​ទាំង​អស់ និង​បន្ទប់​សម្ងាត់​សម្រាប់​គូស​សន្លឹកឆ្នោត និង​ម៉ាស៊ីន​ភ្លើង​ត្រូវ​បាន​បំផ្លាញ។ យើង​នឹង​ដាក់​ជំនួស​សម្ភារៈ​ទាំង​នេះ​វិញ​ភ្លាមៗ ហើយ​បន្ទាប់​មក​នឹង​ផ្លាស់ប្តូរ​ការិយាល័យ​នេះ​ទៅ​ទីតាំង​ថ្មី និង​បន្ត​ការងារ​ជាមួយ​នឹង​ការ​រៀបចំ​ខ្លួន​របស់​យើង។ យើង​មិន​អាច​ឱ្យ​ហេតុការណ៍​ទាំង​នេះ​រារាំង ឬ​បង្អាក់​ដំណើរការ​នោះ​ទេ»។

ក្រុម​អាជ្ញាធរ​ប៉ូលិសនិយាយ​ថា ពួកគេ​កំពុង​តាមដាន​ស្ថានភាព​ និង​បាន​ដាក់​ពង្រាយកម្លាំង​មន្ត្រី​ក្នុងតំបន់​នោះ​រួច​ហើយ។

រូបឯកសារ៖ បុគ្គលិក​រៀបចំ​ការ​បោះឆ្នោត​រៀបចំ​ប្រអប់​សន្លឹក​ឆ្នោតដាក់​លើរថយន្ត​នៅ​ការិយាល័យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ​ក្នុង​តំបន់​ក្នុង​ក្រុង Yola ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០១៩។
រូបឯកសារ៖ បុគ្គលិក​រៀបចំ​ការ​បោះឆ្នោត​រៀបចំ​ប្រអប់​សន្លឹក​ឆ្នោតដាក់​លើរថយន្ត​នៅ​ការិយាល័យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ​ក្នុង​តំបន់​ក្នុង​ក្រុង Yola ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០១៩។

កាលពី​ថ្ងៃទី០១ ខែកុម្ភៈ​កន្លង​ទៅ​ ក្រុម​វាយប្រហារ​ប្រដាប់​អាវុធ ​បាន​ទម្លុះ​ចូល​ទៅ​ក្នុង​ការិយាល័យ​របស់​គណៈកម្មការ INEC នៅ​ក្នុង​រដ្ឋ Anambra និង​បាន​ដាក់គ្រាប់​បំផ្ទុះ និង​គ្រាប់​បែក​សាំង​កែច្នៃ។
ក្រុម​មន្ត្រី​និយាយ​ថា ​ក្រុម​អ្នកវាយប្រហារ​ក៏​បាន​បាញ់​កាំភ្លើង​នៅ​ក្បែរ​ស្ថានីយ​ប៉ូលិស​ក្នុង​មូលដ្ឋាន​ផង​ដែរ ដោយ​បាន​សម្លាប់​ក្មេង​ប្រុស​អាយុ ១៦ ឆ្នាំ​ម្នាក់ និង​បណ្តាល​ឱ្យ​ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់​ទៀត​រង​របួស​ មុន​ពេល​ភ្នាក់ងារ​សន្តិសុខធ្វើ​អន្តរាគម​នោះ។

គណៈកម្មការ ​INEC បាន​រាយការណ៍​ថា មាន​ការ​វាយប្រហារ និង​ការ​បង្ក​ឱ្យ​មាន​អគ្គិភ័យជាង​៥០​ដង​ទៅ​លើ​ការិយាល័យ​របស់​ខ្លួន​ក្នុង​រដ្ឋ​ទាំង ១៥ របស់​នីហ្សេរីយ៉ា​ ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​លើក​ចុងក្រោយក្នុង​ឆ្នាំ២០១៩​មក។

នេះ​ជា​ការ​វាយប្រហារ​លើក​ដំបូង​នៅ​ក្នុង​ខែកុម្ភៈ​ ខណៈ​ដែល​នីហ្សេរីយ៉ា​ចាប់​ផ្តើម​រាប់​ថយក្រោយ​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ។

លោក Hamzat Lawal ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ Connected Development និយាយ​ថា អំពើ​ហិង្សា​អាច​គំរាមកំហែង​ដល់​ទំនុក​ចិត្តអ្នក​បោះឆ្នោត​ក្នុង​ពេល​បោះឆ្នោត​។ លោកថ្លែង​ថា៖

«នៅ​ពេល​យើង​ទៅ​បោះឆ្នោត ធាតុ​ផ្សំ​ដ៏​សំខាន់​បំផុត​គឺ​សន្តិភាព ដោយសារ​ប្រសិនបើ​ការ​បោះឆ្នោត​មាន​សន្តិភាព មនុស្សម្នា​អាច​មាន​ទំនុក​ចិត្ត​គ្រប់គ្រាន់​នឹង​ចេញ​ពី​ផ្ទះ​របស់​ពួកគេ​ទៅ​បោះឆ្នោត។ ជាមួយ​នឹង​សន្តិភាព យើង​នឹង​ធានា​ថា យើង​នឹង​មាន​អ្នក​មិន​ទៅ​បោះឆ្នោត​តិច​ជាង​មុន ហើយ​មនុស្សម្នា​នឹង​មិន​បាត់បង់​សិទ្ធិ​បោះឆ្នោត​នោះ​ទេ»។

កាល​ពីខែមករា​ គណៈកម្មការ INEC បាន​ថ្លែង​ថា គណៈកម្មការ​នេះ​កំពុង​ធ្វើ​ការ​ជាមួយ​យោធា ប៉ូលិស និង​អាជ្ញាធរ​ការពារ​ជន​ស៊ីវិល​ ដើម្បី​ផ្តល់​សន្តិសុខ​គ្រប់គ្រាន់​ដល់​បុគ្គលិក និង​សម្ភារៈ​បោះឆ្នោត​ក្នុង​ពេល​បោះឆ្នោត។

រូបឯកសារ៖ ក្នុងរូប​ដែលបានថតកាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បង្ហាញ​ពីបុរស​ម្នាក់​ដេក​នៅ​ក្រោម​ស្ពាន​ក្បែរជញ្ជាំងដែលមាន​បិទ​ផ្ទាំង​រូបភាព​យុទ្ធនាការ​បោះឆ្នោត នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​នីហ្សេរីយ៉ា ក្នុង​ក្រុង Lagos ប្រទេស​នីហ្សេរីយ៉ា។
រូបឯកសារ៖ ក្នុងរូប​ដែលបានថតកាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បង្ហាញ​ពីបុរស​ម្នាក់​ដេក​នៅ​ក្រោម​ស្ពាន​ក្បែរជញ្ជាំងដែលមាន​បិទ​ផ្ទាំង​រូបភាព​យុទ្ធនាការ​បោះឆ្នោត នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​នីហ្សេរីយ៉ា ក្នុង​ក្រុង Lagos ប្រទេស​នីហ្សេរីយ៉ា។

ប៉ុន្តែ​លោក Lawal និយាយ​ថា ក្រុម​អាជ្ញាធរ​ត្រូវ​ធ្វើ​យ៉ាងណាដើម្បី​ឱ្យពលរដ្ឋមាន​ជំនឿង​ទៅ​លើ​សុវត្ថិភាព​របស់​ពួកគេ​ជាមុន​សិន។ លោក​បន្ត​ដូច្នេះ​ទៀត​ថា៖

«ខ្ញុំ​ក៏​ចង់​និយាយ​ទៅ​កាន់​រដ្ឋាភិបាល​ផង​ដែរ​ ជា​ពិសេសអ្នក​នយោបាយ។ កុំ​លេង​នយោបាយ​ជាមួយ​បញ្ហា​សន្តិសុខ ហើយ​ខ្ញុំ​ជឿ​ថា​ ទីភ្នាក់ងារ​សន្តិសុខ​របស់​យើង​នឹង​ធ្វើ​បាន​ល្អ​ដូច​ក្តី​រំពឹង និង​កសាង​ទំនុក​ចិត្ត​ និង​ភាព​ជឿជាក់​ពី​សាធារណជន​ និង​ដឹង​ថា​ គណៈកម្មការ INEC កំពុង​ទទួល​បាន​ការ​ទុក​ចិត្ត និង​ភាព​ជឿជាក់​ពី​សាធារណជន និង​កំពុង​ប្រើប្រាស់​វា​ដើម្បី​ទាក់ទាញ​ឱ្យ​មនុស្ស​វ័យ​ក្មេង​ចេញ​ទៅ​បោះឆ្នោត។ ខ្ញុំ​ជឿជាក់​ថា យើង​នឹង​មាន​អ្នក​ចេញ​មក​បោះឆ្នោត​លើស​ពី​ ៨០%»។

បើ​យោង​ទៅតាម​គណៈកម្មការ​បោះឆ្នោត​បាន​ឱ្យ​ដឹង​ថា​ ចំនួនអ្នកចុះ​ឈ្មោះ​បោះឆ្នោត​ប្រមាណ​តែ ៤០%​ ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​ទាំង​អស់​ ​ដែល​គ្រោង​ទៅ​បោះឆ្នោត​ ដោយសារ​តែ​ភាពនឿយ​ណាយ​របស់​អ្នក​បោះឆ្នោត។

មាន​មនុស្ស​ជាង​ ៩៣ លាន​នាក់​ បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​របស់​គណៈកម្មការ INEC ដែល​នេះ​ជា​ចំនួន​កើន​ឡើង​ពី ៨៤ លាន​នាក់​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ និង​ត្រូវ​បាន​កត់ត្រា​ក្នុង​ការ​បោះឆ្នោត​មុនៗ។

អ្នក​ជំនាញ​ទស្សន៍ទាយ​ថា ការ​ចេញ​ទៅ​បោះឆ្នោត​អាច​នឹង​កើន​ឡើង​ខ្លាំង​នៅ​ឆ្នាំ​នេះ ប្រសិនបើ​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ត្រូវ​បាន​ដោះស្រាយ៕

XS
SM
MD
LG