ក្រោយពេលលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានតុលាការចោទប្រកាន់តាមផ្លូវច្បាប់ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថា គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ អាចនឹងត្រូវរំលាយចោល ប្រសិនបើប្រធានគណបក្សមួយនេះមិនលាលែងចេញពីតំណែងមុននឹងតុលាការរកឃើញពីទោសកំហុស។
គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ប្រឈមនឹងការរំលាយចោល ប្រសិនបើលោក ញឹក ប៊ុនឆៃ ដែលទើបត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន មិនព្រមលាលែងចេញពីតំណែង មុនពេលដែលតុលាការរកឃើញថាលោកមានទោស។ នេះបើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ញឹក ប៊ុនឆៃ អតីតមេបញ្ជាការយោធារបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរចម្លើយ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ បន្ទាប់ពីការឃាត់ខ្លួន និងសួរចម្លើយទាំងថ្ងៃចុងសប្តាហ៍នោះ តុលាការរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក ញឹក ប៊ុនឆៃ ជាផ្លូវការពី «បទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន» ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនកាលពី១០ឆ្នាំមុន ហើយបញ្ជូនរូបលោកទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ កាលពីថ្ងៃអាទិត្យម្សិលមិញ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ VOA នៅថ្ងៃចន្ទនេះថា បើតាមច្បាប់ស្តីពីគណបក្សនយោបាយដែលទើបតែធ្វើវិសោធនកម្ម គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ អាចនឹងត្រូវរំលាយចោល ប្រសិនបើតុលាការរកឃើញថា លោកមានទោស និងប្រកាសសាលក្រមស្ថាពរ។ លោកបន្ថែមថា គណបក្សរបស់លោក ញឹក ប៊ុនឆៃ នឹងអាចរួចផុតពីការរំលាយ ប្រសិនបើគណបក្សនោះបានរៀបចំការផ្លាស់ប្តូរប្រធានគណបក្សត្រឹមត្រូវតាមច្បាប់។
«ប្រសិនបើតុលាការមានសាលក្រមស្ថាពរ សាលក្រមស្ថាពរនេះបានន័យថា តុលាការកំពូលសម្រេចដាក់ទោស ឬក៏ផ្តន្ទាទោសយ៉ាងណានោះ គឺត្រូវអនុវត្តទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ បូកនឹងវិសោធនកម្មដែលសភាទើបតែបញ្ចប់នាពេលថ្មីៗនេះ។ មុនពេលដែលសាលក្រមជាស្ថាពរ ប្រហែលជាគណបក្សគាត់អាចដោះដូរមេដឹកនាំអីអញ្ចឹងទៅគណបក្សនោះអាចផុតពីការដែលត្រូវរំលាយ»។
មាត្រាមួយចំនួននៃវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានស្នើជាលើកទីមួយ កាលពីប៉ុន្មានខែមុន ដោយក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាច បានកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ត្រូវតែជាជនគ្មានទោសពៃរ៍។ វិសោធនកម្មច្បាប់ដែលបានចូលជាធរមាននាពេលនោះ បានបើកផ្លូវឲ្យក្រសួងមហាផ្ទៃ និងតុលាការកំពូល អាចផ្អាក ឬរំលាយគណបក្សនយោបាយណាមួយចោលប្រសិនបើក្រសួងរកឃើញថា គណបក្សនយោបាយនោះបំពានលើមាត្រាណាមួយនៃច្បាប់ថ្មីនេះ។
ស្រដៀងនឹងការលើកឡើងរបស់អ្នកនាំពាក្យ គ.ជ.ប ដែរ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា លក្ខខណ្ឌដែលអាចជៀសផុតពីការរំលាយគណបក្សខ្មែររួបរួមជាតិបាន លុះត្រាតែលោក ញឹក ប៊ុនឆៃ មិនមែនជាប្រធានគណបក្សនោះតទៅទៀត មុននឹងតុលាការសម្រេចថា លោក ញឹក ប៊ុនឆៃ មានទោស។
«លាលែងឲ្យស្រឡះបណ្តោយទៅ កុំឲ្យពាក់ព័ន្ធគណបក្សទៀត ឬក៏គណបក្សបណ្តេញរូបគាត់ចេញទៅ។ វាជាឧទាហរណ៍របស់ពូទេ គ្រាន់យោបល់របស់ពូផ្ទាល់មិនឆ្លុះបញ្ចាំងពីជំហររបស់ក្រសួងទេ។ ឧទារណ៍ថា គណបក្សគាត់ដេញគាត់ចេញទៅ គាត់អត់មានប៉ះពាល់ ជ្រើសរើសប្រធានបក្សអីមួយទៀតទៅ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ត្រូវធ្វើឲ្យស្របតាមលក្ខខន្តិកៈបក្សដែលដាក់តម្កល់នៅក្រសួង»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្ថែមថា លទ្ធផលចុងក្រោយរបស់គណបក្សខ្មែររួបរួមជាតិ នឹងអាចកំណត់បានជាក់លាក់ លុះត្រាតែមានការសម្រេចរបស់តុលាការជាមុន។
VOA មិនអាចទាក់ទងមន្រ្តីជាន់ខ្ពស់ និងអ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ ដើម្បីសុំអធិប្បាយបានទេនាថ្ងៃចន្ទនេះ។
ពាក់ព័ន្ធនឹងសំណុំរឿងនៃការឃាត់ខ្លួន លោក ញឹក ប៊ុនឆៃ នេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ បានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា បន្ទាប់ពីទទួលសំណុំរឿង និងដំណើរការកិច្ចពិភាក្សាដេញដោលចំពោះមុខរួមទាំងពិនិត្យឯកសារនានាក្នុងសំណុំរឿង ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនលោក ញឹក ប៊ុនឆៃ ជាបណ្តោះអាសន្ននៅមណ្ឌលឃុំខ្លួនដើម្បីចាត់ការបន្តតាមនីតិវិធី។
យោងសេចក្តីថ្លែងការណ៍របស់អយ្យការសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា សំណុំរឿងបង្ក្រាបគ្រឿងញៀនដ៏ធំកាលពីជាង១០ឆ្នាំមុន គឺតាំងខែមេសា ឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានជនជាប់ចោទជនជាតិខ្មែរ ចិន ថៃ កំពុងជាប់ពន្ធនាគារម្នាក់ ២៥ឆ្នាំនោះ គឺមានអ្នកពាក់ព័ន្ធផ្សេងទៀតដែលក្នុងនោះក៏មានលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិផងដែរ។ លោកសរសេរបន្ថែមក្នុងសេចក្តីថ្លែងការណ៍នោះថា ទណ្ឌិត ជា ជុង ដែលធ្លាប់ជាទីប្រឹក្សារបស់លោក ញឹក ប៊ុនឆៃ បានផ្ញើលិខិតមួយច្បាប់ចុះថ្ងៃទី៣១ ខែកក្កដា ទៅអគ្គនាយកដ្ឋានពន្ធនាគារដើម្បី«សុំស្វែងរកយុត្តិធម៌ និងបរិហារឡើងវិញនូវសំណុំរឿងគ្រឿងញៀននេះ»។
សេចក្តីថ្លែងការណ៍ដដែលនោះសរសេរបន្ថែមក្នុងន័យដើមថា៖
ផ្អែកលើការបរិហាររបស់ទណ្ឌិតឈ្មោះ ជា ជុង ឯកសារ និងភ័ស្តុតាងនៅក្នុងសំណុំរឿងព្រមទាំងបន្ទាប់ពីស្រាវជ្រាវករណីនេះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានរកឃើញតម្រុយបទល្មើសលើឈ្មោះ ញឹក ប៊ុនឆៃ ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនខាងលើ»។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាលើកឡើងថា ករណីឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ អាចពាក់ព័ន្ធនឹងល្បែងនយោបាយ ក្រោយពីលោក ញឹក ប៊ុនឆៃ ត្រូវបានគណបក្សកាន់អំណាចចោទថា មិនស្មោះត្រង់នឹងសម្ព័ន្ធភាពជាមួយគណបក្ស។ ទោះជាយ៉ាងណា ការលើកឡើងនេះត្រូវបានមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃច្រានចោល និងថា ការឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ គឺកើតចេញពីករណីគ្រឿងញៀនសុទ្ធសាធ មិនពាក់ព័ន្ធនឹងរឿងនយោបាយណាមួយនោះទេ៕