អតីតអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ និងជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យលោក ម៉ម សំណូង់ដូ បានប្រកាសលាឈប់ពីតំណែងប្រធានគណបក្សដែលលោកជាអ្នកបង្កើត។ ការប្រកាសលាឈប់នេះ ធ្វើឡើង ក្រោយគណបក្សនេះ មិនទទូលបានការគាំទ្រ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី ៤ ខែមិថុនា កន្លងទៅ។
នៅសុក្រនេះ លោក ម៉ម សំណូង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និង ជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានប្រកាសលាលែងពីតួនាទីជាប្រធានបក្សនេះ បន្ទាប់ពីគណបក្សលោកបានទទួលលទ្ធផលមិនដូចការរំពឹងទុកក្នុងការបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧ នេះបើយោងតាមលិខិតលាលែង ដែល បានចេញផ្សាយជាសាធារណៈនៅរសៀលថ្ងៃសុក្រ។
ក្នុងលិខិតលាលែង ចុះថ្ងៃទី ៤ ខែសីហា លោក ម៉ម សូណង់ដូ បានសរសេរថា៖
«ខ្ញុំមានការសោកស្តាយ ដែលគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានទទួលលទ្ធផល មិនដូចការរំពឹងទុក ក្រោយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទីបួន ដូច្នោះខ្ញុំបានធ្វើការពិចារណា ហើយខ្ញុំសម្រេចលាលែងពីតួនាទីជាប្រធាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៧ ដោយខ្ញុំទុកពេលវេលាមួយខែដើម្បី ផ្តល់ជូនសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ រកដំណោះស្រាយតាមនីតិវិធីច្បាប់ ស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ»។
ការលាលែងពីប្រធានគណបក្សនយោបាយរបស់ លោក ម៉ម សូណង់ដូ កើតមានឡើងមិនប៉ុន្មានខែក្រោយពីការបោះឆ្នោតឃុំ-សង្កាត់ និងក្រោយការធ្វើវិសោធនកម្មច្បាប់ស្តីគណបក្សនយោបាយ ដែលតម្រូវប្រធានគណបក្សនយោបាយ គ្មានការជាប់ពិរុទ្ធណាមួយ ឬប្រព្រឹត្តទោសកំហុសនោះទេ។ យ៉ាងណាក៏ដោយ លោក ម៉ម សូណូង់ដូ ថ្លែងប្រាប់VOA នាថ្ងៃសុក្រនេះថា ការលាលែងរបស់លោក មិនជាប់ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មនេះទេ តែជាការលាលែង បន្ទាប់ពីអ្នកបោះឆ្នោតមិនជ្រើសរើសយកបេក្ខជនគណបក្សលោកឲ្យធ្វើជាមេឃុំ ឬជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។
«វាអាចពាក់ពិនជាមួយពូ ប៉ុន្តែពូមិនខ្វល់ទេ ពេលណាដែលគេអត់មាននិយាយ។ ហើយគេពេលណាដែលគេ គេអត់យកបញ្ហាពូមកនិយាយ ពូអត់មានគិតទេ។ ពូគិតរឿងលទ្ធផលក្រុមប្រឹក្សា ឃុំ-សង្កាត់ដែលពូចង់ឈ្នះបោះឆ្នោតជាតិ អា២១០៨។ ហើយពូនឹកឃើញថា អា២០១៧ ពូអត់ទាំងមានមេឃុំមួយផង តើមូលហេតុអី ដែលពូត្រូវបន្តរហូតទៅដល់ថ្នាក់ជាតិទៀត វាខាតពេលអត់អំពើ ណ៎ារឿងហ្នឹងប៉ុណ្ណឹង»។
ក្នុងឆ្នាំ ២០១២ លោក ម៉ម សូណង់ដូ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ក្នុងពន្ធនាគារ រយៈពេល២០ឆ្នាំ ពីបទញុះញង់បង្កឲ្យមានការបះបោរមួយ នៅក្នុងទំនាស់ដីធ្លីមួយកើតឡើងនៅខេត្តក្រចេះ។ តែដោយមានការដាក់សម្ពាធពីអង្គការសង្គមស៊ីវិលអន្តរជាតិ ធ្វើការលើកិច្ចការពារវិស័យសិទ្ធិមនុស្ស លោកត្រូវបានដោះលែងនៅខែមីនា ឆ្នាំ ២០១៣។
លោក ម៉ម សូណង់ដូ បានប្រាប់ VOA បន្ថែមថា កង្វះថវិកាសម្រាប់ទាក់ទាញអ្នកគាំទ្រក្នុងការឃោសនាបោះឆ្នោត ក៏ជាដើមចមមួយនាំឲ្យគណបក្សរបស់លោកមិនទទួលការគាំទ្រ បើធៀបនឹងគណបក្សសង្គ្រោះជាតិនិងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានចាយលុយរាប់លានដុល្លារសម្រាប់ការឃោសនា។ លោកបន្តថា ទោះបីលោក បានលាឈប់ពីប្រធានគណបក្សលោកក្តី ក៏លោកនៅបន្តអប់រំប្រជាពលរដ្ឋអំពីកិច្ចការនយោបាយ ដើម្បីជួយពួកគេឲ្យបញ្ចៀសបានពីការបោកប្រាស់ពីសំណាក់អ្នកនយោបាយខ្មែរ។
«អត់ទេយើងកើតមកជាអ្នកនយោបាយ យើងត្រូវតែធ្វើនយោបាយ ប៉ុន្តែនយោបាយដែលពូបន្ត តទៅទៀត មិនមែននយោបាយ ពន្យល់ប្រជាពលរដ្ឋបោះឆ្នោតឲ្យពូទេ នយោបាយ គឺនៅតែបន្តបំភ្លឺប្រជាពលរដ្ឋឲ្យស្វែងយល់ដោយខ្លួនឯង កុំស្តាប់គណបក្សនយោបាយខ្លាំងពេក វាគ្រោះថ្នាក់ណ៎ា អូនណ៎ា រឿងតែប៉ុណ្ណឹង។
ក្រោយលោកបានចាប់ផ្តើមដំណើរការគណបក្សនយោបាយរបស់លោកសារជាថី្ម លោក ម៉ម សូណង់ដូអតីតអ្នកគាំទ្រគណបក្សប្រឆាំងរូបនេះ បានបើកការវាយប្រហារទៅលើលោក សម រង្ស៊ី និងលោកកឹម សុខា។ លោកអះអាងថា លោកទាំងពីរជាអ្នកនយោបាយដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍ជាតិ ខណៈដែលគណបក្សនេះបានធ្វើឲ្យលោកខកចិត្ត នៅពេលដែលមេដឹកនាំគណបក្សនេះសម្រេចចូលធ្វើការនៅក្នុងសភាជាតិជាមួយគណបក្សកាន់អំណាច។
លោក ម៉ម សូណង់ដូ បានបញ្ជាក់នៅពេលធ្វើសមាជបក្សកាលពីចុងឆ្នាំ២០១៥ ថា ការធ្វើនយោបាយរបស់លោកមិនមែនដើម្បីអំណាចនោះទេ តែដោយការធុញទ្រាន់នឹងការដឹកនាំដោយលោកហ៊ុន សែន អស់រយៈពេលជាង៣០ឆ្នាំមកនេះ។ លោកនិយាយថា លោកចង់សាកល្បងប្រឡូកក្នុងការបោះឆ្នោតម្តងទៀតដើម្បីយកឈ្នះលោកហ៊ុន សែន។
យ៉ាងណាក្តីអ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជា ក៏បានប៉ាន់ស្មានទុកជាមុនថា គណបក្សតូចៗដែលកើតក្រោយការបោះឆ្នោតឆ្នាំ២០១៣នេះនឹងមិនស្ថិតនៅក្នុងក្រសែភ្នែកនៃអ្នកបោះឆ្នោតឡើយ។ ពួកគេថ្លែងថា មានតែគណបក្សធំៗពីរប៉ុណ្ណោះដែលអាចទាញការគាំទ្រពីប្រជាពលរដ្ឋខ្មែរបានច្រើននោះ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។
ចាប់តាំងពីពេលបង្កើតគណបក្ស និងចូលប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ១៩៩៨មក គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ មិនដែលធ្លាប់ទទួលបានអាសនៈនៅក្នុងរដ្ឋសភាជាតិនោះទេ។ យ៉ាងណាក៏ដោយ លោក ម៉ម សូណង់ដូ មិនទាន់បានបញ្ជាក់បានថា គណបក្សរបស់លោកនឹងត្រូវរំលាយ ឬយ៉ាងណានោះទេ ដោយរង់ចាំការសម្រេចពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស៕