ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស៊ើប​អង្កេត​អតីត​ប្រធាន​តុលាការ​ភ្នំពេញ


លោក​ អាំង មាលតី (ឆ្វេង រូប​ពាក់​ក្រវ៉ាត់​ក​ពណ៌​ស) អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ អង្គុយ​ជិត​លោក តាំង ស៊ុនឡាយ (ស្តាំ រូប​ពាក់​ក្រវ៉ាត់​ក​ក្រហម) ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ថ្មី​ ក្នុង​ពិធី​​ប្រកាស​ចូល​កាន់​មុខ​តំណែង​នៅ​ថ្ងៃ​ពុធ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​​អង្គ​ចៅក្រម​សម្រេច​ដក​​លោក​ អាំង មាលតី ដោយ​សារ​មាន​ការ​មិន​សុខ​ចិត្ត​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​សំណុំ​រឿង​ដោះលែង​ឪពុកម្តាយ​ឧកញ៉ា ថោង សារ៉ាត់។ (ហេង រស្មី/VOA)
លោក​ អាំង មាលតី (ឆ្វេង រូប​ពាក់​ក្រវ៉ាត់​ក​ពណ៌​ស) អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ អង្គុយ​ជិត​លោក តាំង ស៊ុនឡាយ (ស្តាំ រូប​ពាក់​ក្រវ៉ាត់​ក​ក្រហម) ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ថ្មី​ ក្នុង​ពិធី​​ប្រកាស​ចូល​កាន់​មុខ​តំណែង​នៅ​ថ្ងៃ​ពុធ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​​អង្គ​ចៅក្រម​សម្រេច​ដក​​លោក​ អាំង មាលតី ដោយ​សារ​មាន​ការ​មិន​សុខ​ចិត្ត​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​សំណុំ​រឿង​ដោះលែង​ឪពុកម្តាយ​ឧកញ៉ា ថោង សារ៉ាត់។ (ហេង រស្មី/VOA)

ការ​ស៊ើប​អង្កេត​ទាក់ទិន​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​សំណុំ​រឿង​ដោះ​លែង​ឪពុក​ម្តាយ​លោក​ ថោង សារ៉ាត់​ ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​ឈាន​ដល់​ការ​កោះ​ហៅ​អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​មក​សាក​សួរ​បន្ទាប់​ពី​មនុស្ស​ជំនិត​ម្នាក់​របស់លោក ត្រូវ​បាន​សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ននៅ​ពន្ធនាគារ​ព្រៃ​សដើម្បី​រង​ចាំ​ជំនុំ​ជំរះ​ទោស​។

លោក​ ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​លោក​គ្រោង​នឹង​កោះ​ហៅ​លោក​ អាំង មាល​តី អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​មក​សាក​សួរ​នៅ​សប្តាហ៍​នេះ​ទាក់​ទិន​និង​ការ​ដោះ​លែង​ឪពុក​ម្តាយ​លោក​ថោង សារ៉ាត់ ឲ្យ​នៅ​ក្រៅ​ឃុំ​។​

‍«បី​បួន​ថ្ងៃ​នេះ​ដែល​យើង​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ​គឺ​បាន​លទ្ធផល​ប៉ុណ្ណឹង។​ យើង​ខ្ញុំ​ស្តាប់​ចម្លើយ​បាន​៤​នាក់​ហើយ​ យើង​ខ្ញុំ​គិត​ថា​នៅ​សល់​ពីរ​នាក់​ឬ បី​នាក់​ទៀត​ក្នុង​នោះ​រួម​មាន​លោក​ព្រហ្ម ពេជមុន្នី​ និង​ មាន​លោក​ អាំង មាលតី​ ផង​ដែរ​គាត់​ត្រូវ​ឆ្លើយ​សំនួរ​ខ្ញុំ​ដែរ​លើ​បញ្ហា​នេះ​បន្ទាប់​មកទៀត​ប្រតិបត្តិ​ការ​ឆែក​ឆេរ​មួយ​ចំនួន​ទៀត​ដើម្បី​រក​ភស្តុតាង​តើ​មាន​ស្អីទេ។‍»

លោក​ ថោង ចំរើន ​អាយុ​៦៥​ឆ្នាំ​ ត្រូវ​ជា​ឪពុក ​និង​ អ្នក​ស្រី​ កែវ សារី ​អាយុ​ ៥៥​ ឆ្នាំ​ ជនជាតិ​វៀតណាម​ ត្រូវ​ជាម្តាយ​លោក​ ថោង សារ៉ាត់​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ដោយ​មាន​ ការ​បង់​ប្រាក់​ធានា​កាល​ពី​២​សប្តាហ៍​មុន ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។​

ជន​ជាប់​ចោទ​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួនម្តង​ទៀត​ក្នុង​ ខណៈ​ប៉ុន​ប៉ង​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម​ ហើយ​ក្រោយ​មក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញចេញ​ដីការ​សម្រេច​ឃុំ​ខ្លួន​ សារ​ជា​ថ្មី​ ក្នុង​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន។

លោក​ឧត្តមសេនីយ៍​ត្រី​ ព្រហ្ម ពេជមុន្នី​ មនុស្ស​ជំនិត​និង​លោក​ អាំង មាល​តី​ អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ក្រោយ​មក​ត្រូវ​បាន​តុលាការ​សម្រេច​ចេញ​ដីការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​កាល​ពី​សប្តាហ៍​មុន​ពីបទ​សង្ស័យ​ថា​«ទាក់ទិន​និង​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​សារធារណៈ​របស់​តុលាការ»។

VOA មិន​អាច​ទាក់​ទង​ជាមួយ​លោក​ អាំង មាលតី​ អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ ដើម្បី​សុំ​ប្រតិកម្ម​លោក​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល។

លោក​ ឱម យិនទៀង​ មានប្រសាសន៍​ថា​មនុស្ស​បួន​នាក់​ដែល​លោក​បាន​សាក​សួរ​ទាក់​ទិន​ក្នុង​សំណុំ​រឿង​នេះ​មាន​អ្នក​ស្រី កែវ សារី​ ម្តាយ​លោក​ថោង​ សារ៉ាត់​ លោក​ស្រី ទាវ ធីតា​ ភរិយាទី​២​ ​ ប្អូន​ស្រី ពៅ​របស់​លោក​ថោង​ សារ៉ាត់​ ដែល​ជា​អ្នក​កាន់​លុយ​របស់​ក្រុម​ហ៊ុន និង​ លោក​ រស់​ ផល្លា មេធាវី​ការពារ​ក្តី។

លោក​បាន​បញ្ជាក់​ថា​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និងចុះ​ស៊ើប​អង្កេត​ក្រុម​ហ៊ុន មានជ័យ Investment ​របស់​លោក ថោង សារ៉ាត់​ដើម្បី​ពិនិត្យ​មើល​ការ​ចំណាយ​ និង​ចំណូល​របស់​ក្រុម​ហ៊ុន បាន​ដោយ​របៀបណា។​

«អញ្ចឹង​ល្ងាច​នេះ​យើង​ខ្ញុំ​នឹង​មាន​ការ​ប្រជុំ​ក្រុម​ពិសេស​មួយ​របស់​យើង​ខ្ញុំ​សម្រាប់​បញ្ជូន​ទៅ​ធ្វើ​ការ​ឆែក​ឆេរ​បញ្ជី​ស្នាម​ទាំង​អស់​នៅ​ក្នុង​ក្រុម​ហ៊ុនដើម្បី​រក​មើល​ភស្តុតាង»។​

លោក​ អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​អង្កការ​សិទ្ធិមនុស្ស​លីកាដូ​មាន​ប្រសាសន៍​ថា​ ការ​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គឺ​ជា​ដំណើរ​ការ​ល្អ​មួយ។​ ក៏ប៉ុន្តែលោក​ស្នើ​សុំឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ពិនិត្យ​មើល​តុលាការ​និង​ចៅ​ក្រម​ផ្សេង​ៗ​ទៀត​នៅ​តាម​ខេត្ត​ក្រុង​មួយ​ចំនួន​ទៀតដែល​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ច្រើន​ស្រដៀង​គ្នា​នេះ​ដែរ។​

«បញ្ហា​អំពើ​ពុក​រលួយ​នៅ​ប្រព័ន្ធ​តុលាការ​ខ្ញុំ​គិត​ថា​វា​ច្រើន​ដែល​កំពុង​តែ​កើត​ឡើង។​ គឺ​ទី​មួយ​គឺ​បញ្ហា​នៃ​ការ​ស៊ីសំណូក​ បញ្ហា​ទី​ពីរ​គឺ​ពាក់​ព័ន្ធ​ទៅ​ហ្នឹង​ការ​សម្រេច​ចិត្ត​ដោយ​សម្ពាធ»។​

លោក​ ថោង សារ៉ាត់​ ជន​ចោទ​ដែល​សង្ស័យ​ថា​ជាប់​ពាក់​ព័ន្ធ​និង​ការ​បាញ់​សម្លាប់​លោក​ ឧកញ៉ា អ៊ឹង ម៉េងជឺ​ កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច។ លោក​បាន​បង្ហាញ​ខ្លួន​ជា​ញឹក​ញាប់​តាម​រយះ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា​លោក​មិន​ជាប់​ពាក់​ព័ន្ធ​និង​ករណី​ឃាតកម្ម​នេះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG