ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួប​បន្ទាប់​ដើម្បី​ពិភាក្សា​ពាណិជ្ជកម្ម​អាមេរិក​និង​ចិន​​ប្រហែល​មិន​កើត​មាន​ទេ


ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក លោក​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​លើ​វាល​ស្មៅ នៃ​សេត​វិមាន កាលពី​ថ្ងៃ​សុក្រ ទី​៩ ខែ​សីហា ២០១៩។
ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក លោក​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​លើ​វាល​ស្មៅ នៃ​សេត​វិមាន កាលពី​ថ្ងៃ​សុក្រ ទី​៩ ខែ​សីហា ២០១៩។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែតកាល​ពី​ថ្ងៃ​សុក្រ​ថា ​កិច្ច​ចរចា​ពាណិជ្ជកម្ម​ជុំ​ខាង​មុខ​រវាង​ស.រ.អា.​និង​ប្រទេស​ចិន​ប្រហែល​មិន​កើត​មាន​ទេ។

នៅ​ពេលវីអូអេ​សួរ​ថា​ តើ​លោក​នឹង​លុប​ចោល​កិច្ច​ចរចា​ដែល​ត្រូវគ្រោង​ធ្វើ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ឬ​យ៉ាង​ណា​ លោក​ ត្រាំ​ បាន​ឆ្លើយ​ថា «ប្រហែល​បែប​ហ្នឹង»​ ដោយ​ទទួល​ស្គាល់​ថា​ កិច្ច​ចរចា​គ្នា​មាន​កំណត់​នឹង​ធ្វើ​នៅ​ខែ​ក្រោយ​ ក៏​ប៉ុន្តែ​ ​ថា​តើ​កិច្ច​ចរចា​នោះ​នឹង​ត្រូវ​លុប​ចោល​ឬ​បែប​ណា «យើង​នឹង​ឃើញ»។

លោក​ប្រធានាធិបតី​បាន​ចាប់​ផ្តើម​នាទី​សំណួរ​និង​ចម្លើយ​៣០​នាទី​ជាមួយ​ពួក​អ្នក​កាសែត​ នៅ​លើ​វាល​ស្មៅ​ខាង​ត្បូង​ក្នុង​បរិវេណ​សេតវិមាន​ ដោយ​លោក​បាន​ប្រកាស​ថា៖ «យើង​មិន​ប្រុង​ប្រៀប​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​មួយ ជាមួយ​ប្រទេស​ចិន​នៅ​ពេល​មាន​កំណើន​សង្គ្រាម​ពាណិជ្ជកម្ម​នៅ​ក្រោយ​កិច្ច​ចរចា​ជុំ​លើក​មុន​បាន​រលំ​នៅ​ក្នុងក្រុង​ Shanghai កាល​ពី​សប្តាហ៍​មុន»។

លោក ត្រាំ​ បាន​និយាយ​អំពី​ការ​ដាក់​កំហិត​ពន្ធគយ​ពីរ​លើក​ដែល​លោក​បាន​ដាក់​លើ​ប្រទេស​ចិន​ថា​ «យើង​គ្មាន​ជម្រើស​ទេ​ ក៏ប៉ុន្តែ​ត្រូវ​ធ្វើ​អ្វី​ដែល​យើង​កំពុង​ធ្វើ»។

លោក​ ត្រាំ បាន​និយាយ​អំពី​ប្រទេស​ចិន​ថា រហូត​មក​ដល់​ពេល​នេះ​ពួក​ចិន​មាន​ការ​ពិបាក​ខ្លាំង​បំផុត​ដែល​ពួក​គេ​មិន​ដែល​មាន​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​លោក​បាន​ថ្លែង​បន្ថែម​ថា​ យើង​មាន​លទ្ធភាព​ទាំង​អស់។

គេ​បាន​សួរ​លោក​ ត្រាំ​ អំពី​របាយការណ៍​ថា ​រដ្ឋបាល​លោក​នឹង​ពន្យារ​ពេល​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​អាមេរិកាំង​ដើម្បី​ចាប់​ផ្តើម​ជា​ថ្មី​ការ​លក់​ទំនិញ​ឱ្យ​មហា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei។​ លោក​ប្រធានាធិបតី​បាន​ឆ្លើយ​តប​ថា៖ «យើង​មិន​ធ្វើ​ជំនួញ​ជា​មួយ​ក្រុមហ៊ុន Huawei​ ទេ ក៏ប៉ុន្តែ​ការណ៍​នេះ​អាច​ផ្លាស់​ប្តូរ​បាន​ប្រសិន​បើ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ»៕

XS
SM
MD
LG