ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្ដេជ្ញា​ «ចាត់​វិធានការ​តបត» វិញ ប្រសិន​បើ​អាមេរិក​បំពាក់​កាំជ្រួច​មីស៊ីល​នៅ​អាស៊ី​ប៉ាស៊ីហ្វិក


លោក Fu Cong ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មយយ​នៅ​អគារ​ក្រសួង​ការបរទេស​ចិន ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩។
លោក Fu Cong ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មយយ​នៅ​អគារ​ក្រសួង​ការបរទេស​ចិន ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩។

ចិន​បាន​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​ «ចាត់​វិធានការ​តបត»​ វិញ ប្រសិន​បើ​សហរដ្ឋអាមេរិក​បំពាក់​កាំជ្រួចមីស៊ីល​វង់​ប្រតិបត្តិការ​មធ្យម​បាញ់​ចេញ​ពី​ដី​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

លោក Fu Cong នាយក​ផ្នែក​គ្រប់គ្រង​អាវុធ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹងឈរ​មើល​នោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​ទៅ​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការពារ​ប្រទតេស​របស់​សហរដ្ឋ​អាមេរិក លោក Mark Esper កាល​ពី​សប្ដាហ៍​មុន ក្នុង​ការ​បំពាក់​កាំជ្រួច​មីស៊ីល​ទៅ​ក្នុង​តំបន់​នេះ​ក្នុង​ពេល​ឆាប់ៗ​នេះ គឺ​អាច​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

លោក​បាន​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ដែល​នៅ​ជិត​ខាង​ប្រទេស​ចិន ជា​ពិសេស​ប្រទេស ជប៉ុន កូរ៉េខាងត្បូង និង​អូស្ត្រាលី យកចិត្តទុកដាក់​ជា​ពិសេស តាមរយៈ​ការ​បដិសេធ​មិន​ឲ្យ​សហរដ្ឋអាមេរិក​បំពាក់​កាំជ្រួចមីស៊ីល​បាន។ លោក​បាន​បន្ថែម​ទៀត​ថា ការ​រារាំង​នេះ​នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ផ្នែក​សន្ដិសុខ​ជាតិ​ដល់​បណ្ដា​ប្រទេស​ទាំង​នោះ។ ​

លោក Fu មិន​បាន​បញ្ជាក់​លម្អិត​អំពី​វិធានការ​តបត​ដែល​ចិន​នឹង​ប្រើប្រាស់​នោះ​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា «អ្វីៗ​គឺ​ត្រៀម​រួច​ជា​ស្រេច​ហើយ»។

គោលដៅ​ដែលរដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អាមេរិក លោក Esper បាន​បញ្ជាក់ ក្នុង​ការ​បំពាក់​កាំជ្រួច​មីស៊ីល​បាញ់​ចេញ​ពី​លើ​ដី​ នៅ​ក្នុង​តំបន់​នេះ ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​រដ្ឋបាល​លោក ត្រាំ បាន​ដក​ខ្លួន​ជា​ផ្លូវការ​ចេញ​ពី​សន្ធិសញ្ញា​បរិមាណូ​វង់​ប្រតិបត្តិការ​មធ្យម​ឆ្នាំ​១៩៨៧​កាល​ពី​សប្ដាហ៍​មុន។ សន្ធិសញ្ញា​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាល​ពី​សម័យ​សូវៀត​នេះ បាន​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​កាំជ្រួច​មីស៊ីល​បាញ់​ចេញ​ពី​លើ​ដី​និង​កាំជ្រួច​មីស៊ីល​ផ្លោង​ដែល​បាញ់​ក្នុង​ចម្ងាយ​ពី​៥០០​ទៅ​៥០០០​គីឡូម៉ែត្រ។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ឲ្យ​ដឹង​ថា ខ្លួន​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​នេះ​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​ក្រុង​មូស្គូ នៅ​តែ​បន្ដ​បំពាន​ទៅ​លើ​សន្ធិសញ្ញា​នេះ៕

XS
SM
MD
LG