ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ព័ត៌មាន ទូត​អាមេរិក​ទទូច​​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​​លើ​​អតីត​អ្នក​កាសែត​អាស៊ី​សេរី


រូបឯកសារ៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W Patrick Murphy ផ្តល់បទសម្ភាសដល់វីអូអេ នៅភ្នំពេញ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W Patrick Murphy ផ្តល់បទសម្ភាសដល់វីអូអេ នៅភ្នំពេញ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)

ឯក​អគ្គ​រដ្ឋទូត​អាមេរិក​បាន​ទទូច​ដល់​រដ្ឋា​ភិបាល​កម្ពុជា ឲ្យ​ទម្លាក់​ចោល​ជា​បន្ទាន់​នូវសំណុំ​រឿង​ចារកម្ម​លើ​អ្នក​យក​ព័ត៌​មាន​អាស៊ី​សេរី​ពីរ​នាក់ ដើម្បី​ធានា​ថា ​កម្ពុជា​ផ្តល់​លម្ហ​សេរីភាព​សារព័ត៌មាន​ពេញ​លេញ។

លោក​ឯក​រដ្ឋទូត W. Patrick Murphy បាន​ស្នើ​តាម​រយៈ​លោក​ខៀវ​ កាញារីទ្ធរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​ក្នុង​ជំនួប​មួយ​កាល​ពី​ថ្ងៃ​អង្គារ ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​មក​លើអ្នក​យក​ព័ត៌មាន​ទាំង​ពីរ​រូប គឺ​លោក យាង សុធារិន្ទ​ និង​លោក ​អ៊ួន​ ឈិន។ នេះ​បើ​យោង​តាម​លោក​ Chad Roedemeier អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​មួយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

មន្ត្រី​នាំពាក្យ​ស្ថានទូត​អាមេរិក​ថ្លែង​ថា៖ «លោក​ឯកអគ្គរដ្ឋទូត​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ តាម​រយៈ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុអាស៊ីសេរី​ជា​បន្ទាន់»។

ករណី​របស់​ពួកគេ​ទាំងពីរ ត្រូវ​បាន​ចៅក្រម​តុលា​ការ​កំពូល កាល​ពី​ខែ​តុលា ឆ្នាំ​ ២០២០ ​បាន​សម្រេច​ឲ្យ​បន្ត​ស៊ើប​អង្កេត ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​រឿង​ចារ​កម្ម គឺ​បញ្ជូន​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស។

ក្នុង​ជំនួប​ដែល​ធ្វើ​ឡើងក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ លោក ​ខៀវ​ កាញារីទ្ធ​ បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ថា​ នឹង​ធ្វើ​ឲ្យ​មាន​បរិយាកាស​ល្អ​ប្រសើរ​ដល់​អ្នក​បំពេញ​វិជ្ជា​ជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា។ ការពិភាក្សា​កិច្ច​ការ​ជា​ច្រើន​ជុំវិញ​ការ​ពង្រឹង​ទំនាក់​ទំនង​កម្ពុជា-អាមេរិក​ និង​បញ្ហា​តំបន់មួយ​ចំនួនក៏​ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ច​សន្ទានា​ដដែល​នោះ។ នេះ​បើ​តាម​ទីភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា ​(​AKP)​ ដែល​ជា​ប្រព័ន្ធផ្សព្វ​ផ្សាយ​របស់​រដ្ឋ។

លោក Chad Roedemeier មន្ត្រី​នាំពាក្យ​ស្ថាន​ទូត​អាមេរិក លើក​ឡើង​ទៀតថា​ ការ​ទម្លាក់​ចោល​បទ​ចោទ​ទាំង​ឡាយលើ​អតីត​អ្នក​កាសែត​អាសេរីនឹង​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ជាថ្មី​ ចំពោះ​សេរីភាព​សារ​ព័ត៌មាន​ដូច​ ដែល​បាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។​

មន្រ្តី​នាំពាក្យ​រូប​នោះ​បន្ថែម​ថា៖ «លោក​ឯករដ្ឋ​ទូត​បាន​ស្នើ​សុំលោក​រដ្ឋមន្ត្រី​[ព័ត៌មាន] ឲ្យ​ការ​ពារ​សិទ្ធិ​បញ្ចេញ​មតិ ដូច​មាន​ចែងក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស។ ការ​សម្តែង​មតិ​រិះគន់​និង​ជំទាស់​ដោយ​សន្តិវិធីមាន​សារៈសំខាន់​ សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ»។

បើ​តាម​ព័ត៌មាន​សង្ខេប​មួយ​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​លោក​ W. Patrick Murphy និង​លោក ខៀវ​ កាញារីទ្ធ ក៏​បាន​សន្ទនា​អំពី​ការ​ដំណើរ​ការ​ផ្សាយ​ឡើងវិញ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេនៅ​កម្ពុជា ​និង​សារៈ​សំខាន់​នៃ​សេរីភាព​សារព័ត៌​មាន​ នៅ​បណ្តា​ប្រទេស​ដើរ​តាម​បន្ទាត់​ប្រជាធិបតេយ្យ។

រូបផ្គុំ៖ លោក យាង សុធារិន្ទ (ឆ្វេង) និងលោក អ៊ួន ឈិន (ស្តាំ) ក្នុងពេលដែល​ពួកគេ​ថ្លែង​ជាមួយ​អ្នកកាសែត​នៅក្រៅ​របង​តុលាការ​កំពូល​ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)
រូបផ្គុំ៖ លោក យាង សុធារិន្ទ (ឆ្វេង) និងលោក អ៊ួន ឈិន (ស្តាំ) ក្នុងពេលដែល​ពួកគេ​ថ្លែង​ជាមួយ​អ្នកកាសែត​នៅក្រៅ​របង​តុលាការ​កំពូល​ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ហៅកា​ត់​ថា ​ខេមបូចា ​មាន​ប្រសាសន៍​ថា​ ការ​ចោទ​ប្រកាន់​របស់​តុលាការ​មក​លើអ្នក​កាសែត​ទាំង​ពី​រនេះ​ គឺ​ជាគំនាបមួយ​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​សិទ្ធិ​គ្រប់គ្រាន់​ និង​សេរីភាព​ពេញ​លេញ​ ក្នុងការ​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន ​ឬ​បំពេញ​ការងារ​ផ្សេង​ក្រៅ​ពី​វិស័យ​សារព័ត៌មាន។

លោក​បញ្ជាក់​ថា​ ការ​បន្ត​ចោទ​ប្រកាន់​ពួកគេ​ក៏​ធ្វើ​ឲ្យខូច​ខាត​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ​ ពាក់​ព័ន្ធ​នឹង​ការលើក​ស្ទួយ​សិទ្ធិ​សេរីភាព​របស់​អ្នក​ប្រកប​អាជីព​សារព័ត៌មាន។

«វា​នៅ​តែ​ដាក់​កម្ពុជា​ឲ្យ​ស្ថិតនៅ​ក្នុង​រូបភាព​មួយ ​ដែល​ការ​ប្តឹងផ្តល់​ការ​ចោទ​ប្រកាន់​ពាក្យ​បណ្តឹង​ប្រឆាំង​អ្នកសារព័ត៌មាន​ហ្នឹង​ គឺ​ជានិច្ច​កាល​តែង​តែ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ជា​បន្តបន្ទាប់។ អាហ្នឹង​គឺវា​ទម្លាក់​រូបភាព​យើង​នៅ​ក្នុង​តួលេខ​ ឬ​ក៏​ឆាក​អន្តរ​ជាតិ​ហ្នឹង វា​មិន​ល្អ​ទៅ​វិញ​ទេ»។

លោក ​អ៊ួន​ ឈិន​ និង​លោក​ យាង​ សុធារិន្ទ ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​និង​ឃុំ​ខ្លួនកាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ​ឆ្នាំ ​២០១៧​ ក្រោម​បទ​ចោទប្រកាន់​ថា ​អ្នក​ទាំង​ពីរ​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ​ជាតិ។​

តុលាការ​កម្ពុជាអះអាង​ថា ពួក​គេ​ទាំង​ពីរ​បន្ត​រាយ​ការណ៍​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ បន្ទាប់​ពី​វិទ្យុ​នេះ​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា។

ក្រោយ​ពេល​ឃុំ​ខ្លួន​ពួក​គេ​ទាំង​ពីរ​នោះ​ តុលាការ​បាន​បំបែក​សំណុំរឿង​របស់​ពួកគេ​ជា​ពីរ ដោយ​ពួក​គេ​ត្រូវ​បាន​ចោទ​ពី​បទល្មើស​មួយ​ផ្សេង​ទៀត​គឺ «ផលិត​និង​រក្សា​ទុក​រូបភាព​អាស​អាភាស»។​

អតីត​ការី​និពន្ធរបស់​វិទ្យុ​អាស៊ី​សេរី​គឺ​លោក យាង​ សុធារិន្ទ និយាយ​ថា ការ​ឈឺឆ្អាល​របស់​លោក​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បន្ធូរ​ការ​រកាំ​ចិត្ត​របស់​លោក​មួយ​ផ្នែក​ជាមួយសំណុំរឿង​ ដែល​មិន​ទាន់​ត្រូវ​បាន​ជម្រះ​នៅ​តុលាការ។ លោក​មាន​សុទិដ្ឋិ​និយម​ថា ​តុលាការ​អាច​ពន្លឿន​នីតិវិធី​បញ្ចប់​ក្តីក្តាំ​របស់​លោក ក្រោយ​មាន​ជំនួប​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ឯកអគ្គរដ្ឋទូត​គាត់​លើកឡើង​រឿង​ហ្នឹង ​គឺ​មាន​ន័យ​ថា​ គាត់​យក​ចិត្តទុកដា​ក់​អំពី​បញ្ហា​សិទ្ធិ​សេរីភាព​ពួក​ខ្ញុំ​ ហើយ​ពី​ការ​ប្រឈម​របស់​ពួកខ្ញុំ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ ហើយ​ខ្ញុំ​គិតថា ​ពួកគាត់​គឺ​ចង់​ឲ្យ​បញ្ហា​ប្តឹង​ផ្តល់​មក​លើ​យើង​ខ្ញុំ​នៅ​លើ​តុលាការ​ហ្នឹង ​គឺ​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​ឆាប់ៗ»។

លោក​ សុធារិន្ទ សង្ឃឹម​ថា​ លោក​និង​សហការី​ម្នាក់​ទៀត នឹងទទួលបាន​យុត្តិធម៌​និង​សេរីភាព​ពេញ​លេញ​ឆាប់ៗផង​ដែរ ខណៈ​ក្រសួង​យុត្តិធម៌​ក៏​បាន​បង្ហាញ​ចេតនា​ពន្លឿន​នីតិវិធី​ជម្រះ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ ដែល​បាន​កកស្ទះ​នៅ​តុលាការ។

វីអូអេ​ព្យាយាមសុំការ​អធិប្បាយ​ពីលោក ​មាស សុភ័ណ្ឌ ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ ប៉ុន្តែ​មិន​ទាន់​អាច​ទាក់ទង​បាន​ទេទាំង​តាម​ប្រព័ន្ធ​តេឡេ​ក្រាម និង​ទូរស័ព្ទ។

យ៉ាងណា​ក៏ដោយ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន ម៉ាលីន ​ប្រាប់​វីអូអេ​ថា​ សំណើរបស់​សហរដ្ឋ​អាមេរិក​មិន​អាច​ដាក់​សម្ពាធ​លើ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រព័ន្ធ​តុលាការ​កម្ពុជា​បាន​ទេ។

«បាទ​គាត់​ស្នើ​ចេះ​តែ​ស្នើ​ទៅ ​វា​ជាសិទ្ធិ​របស់​គាត់ ​ក៏​ប៉ុន្តែ​ការ​សម្រេច​លើ​តុលាការ​ ដែល​ជា​ស្ថាប័ន​ឯករាជ្យ ​សូម្បី​ក្រសួង​យុត្តិធម៌​ក៏​មិន​អាច​ទៅ​បង្គាប់​បញ្ជា​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ ឬ​ក៏​មិន​ទម្លាក់​នោះ​ដែរ»។

សព្វថ្ងៃ​នេះ ​អតីត​អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ​កំពុង​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដោះ​លែង​ កាល​ពី​ខែ​សីហា ឆ្នាំ​ ២០១៨​ បន្ទាប់​ពី​បាន​ជាប់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​អស់​រយៈ​ពេល​ជិត ​១០ ​ខែ៕

XS
SM
MD
LG