ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី​បង្ហាញ​ពី​ការ​វាយ​ប្រហារ​របស់​ពួក​យោធា​លើ​ជនជាតិ Rohingya នៅ​មីយ៉ាន់ម៉ា


ជំរំ​ជន​ជាតិ Rohingya​ នៅ​ទីក្រុង​ Sittwe ប្រទេស​ភូមា។
ជំរំ​ជន​ជាតិ Rohingya​ នៅ​ទីក្រុង​ Sittwe ប្រទេស​ភូមា។

លោកស្រី អង់សាន​ ស៊ូជី កំពុង​តែ​ប្រឈម​ជាមួយ​នឹង​សម្ពាធ​អន្តរជាតិ​ទាក់ទិន​នឹង​របាយការណ៍​នា​ពេល​ថ្មីៗ​នេះ ដែល​បាន​បង្ហាញ​ថា ទាហាន​បាន និង​កំពុង​បន្ត​ធ្វើ​ការ​កាប់​សម្លាប់ ចាប់​រំលោភ និង​ដុត​ផ្ទះ​សម្បែង​របស់​ជនជាតិ​មូស្លីម Rohingya នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​សហការ​ជាមួយ​នឹង​សកម្មជន និង​អង្គការ​ផ្ដល់​ជំនួយ​នានា ដើម្បី​លើក​ឡើង​ពី​ក្ដី​បារម្ភ​អំពី​របាយការណ៍​ថ្មី​ដែល​បាន​បង្ហាញ​ពី​ករណី​ចាប់​រំលោភ និង​សម្លាប់។ ស្រប​ពេល​នោះ​ដែរ រូបភាព​ពី​ប្រព័ន្ធផ្កាយ​រណប​ ពី​លើ​អាកាស ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​បង្ហាញ​ថា​យ៉ាង​ហោច​ណាស់ មាន​ភូមិ​ចំនួន ៣ នៅ​ក្នុង​រដ្ឋ Rakhine ស្ថិត​នៅ​ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បាន​គេ​ដុត​បំផ្លាញ។

មន្ត្រី​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បដិសេធ​របាយការណ៍​ទាំង​នេះ ហើយ​លោក Zaw Htay ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តំណាង​អង្គការ​សហប្រជាជាតិ​គួរតែ​មក​មើល​ស្ថានការណ៍​នៅ​ក្នុង​តំបន់​នោះ​ដោយ​ផ្ទាល់។ កន្លង​មក រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ចូល​ទៅ​កាន់​តំបន់​នោះ ដោយ​ជា​ទូទៅ បាន​ហាម​ឃាត់​បុគ្គលិក​ជំនួយ​អន្តរជាតិ និង​អ្នក​សារព័ត៌មាន​នានា។

ប៉ុន្តែ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា លោកស្រី Yanghee Lee បាន​និយាយ​ថា ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ ដែល​រួម​មាន​ទាំង​ការ​ធ្វើ​ទារុណកម្ម ការ​សម្លាប់​ភ្លាមៗ​ដោយ​មិន​មាន​ការ​កាត់​ទោស ការ​ចាប់​ខ្លួន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ការ​បំផ្លិច​បំផ្លាញ​ព្រះវិហារ​ឥស្លាម និង​ផ្ទះ​សម្បែង​ជា​ដើម កំពុង​គំរាមកំហែង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កំពុង​តែ​ដុះ​ពន្លក​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Chris Lewa ប្រធាន​គម្រោង The Arakan Project ដែល​ជា​អង្គការ​តស៊ូ​មតិ​មួយ​ធ្វើ​ការ​ផ្ដោត​លើ​ជនជាតិ Rohingya បាន​និយាយ​ថា៖ «ចំណុច​សំខាន់​នោះ​គឺ​ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ទំនង​ជា​មិន​មាន​ឥទ្ធិពល​អ្វី​ទាំង​អស់​លើ​ពួក​យោធា»។ រដ្ឋធម្មនុញ្ញ​មីយ៉ាន់ម៉ា ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​នោះ ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ផ្ដល់​អំណាច និង​ភាព​ឯករាជ្យ​ដល់​ពួក​យោធា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG