ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ហៅ​លោក Kofi Annan ឲ្យ​ដឹកនាំ​ក្រុមប្រឹក្សា​ដោះស្រាយ​បញ្ហា​ជនជាតិ Rohingya


រូបលោក Kofi Annan ដែលជាប្រធានក្រុមដំណើរការទ្វីបអាហ្វ្រិច និងជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។
រូបលោក Kofi Annan ដែលជាប្រធានក្រុមដំណើរការទ្វីបអាហ្វ្រិច និងជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។

រដ្ឋាភិបាល​ប្រទេស​មីយ៉ាន់ម៉ា បាន​បង្កើត​គណៈកម្មការ​ប្រឹក្សា​យោបល់​មួយ ដែល​ដឹកនាំ​ដោយ​លោក​Kofi Annanអតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បី​រក​ដំណោះស្រាយ​យូរអង្វែង​មួយ​សម្រាប់​ជម្លោះ​នៅ​ក្នុង​រដ្ឋ Rakhine ដែល​នៅ​ទីនោះ អង្គការ​សិទ្ធិ​មនុស្ស​ផ្សេងៗ​បាន​រាយការណ៍​ថា​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ជា​ច្រើន​ កើតឡើង​ចំពោះ​ជនជាតិ​ភាគតិច Rohingya កាន់​សាសនា​ឥស្លាម។

សេចក្តី​ប្រកាស​ដែល​ចេញ​ផ្សាយ​ដោយ​លោកស្រី អង់សាន ស៊ូជី នៃ​ការិយាល័យ​ក្រុម​ប្រឹក្សា​រដ្ឋ​របស់​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​រវាង​ការិយាល័យ​របស់​លោកស្រី និង​មូលនិធិ Kofi Annan ដើម្បី​បង្កើត​គណៈកម្មការ​ប្រឹក្សា​មួយ​ដែល​មាន​សមាជិក ៩ រូប សម្រាប់​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​នៃ​ជម្លោះ​សាសនា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ក្រុមប្រឹក្សា​ដែល​គ្រោង​នឹង​បង្កើត​ឡើង​នេះ មាន​អ្នក​ជំនាញ​អន្តរជាតិ ៣ រូប និង​អ្នក​ជំនាញ​ជាតិ ៦ រូប។

ជនជាតិ​ភាគតិច Rohingya រស់នៅ​ក្នុង​រដ្ឋ Rakhine ភាគ​ពាយព្យ​ប្រទេស​មីយ៉ាន់ម៉ា​អស់​រយៈពេល​រាប់​ជំនាន់​មក​ហើយ ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ផ្ដល់​សញ្ជាតិ​ឲ្យ​នោះ​ទេ ដោយសារ​តែ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ចាត់ទុក​ពួកគេ​ថា​ជា​អ្នក​ក្រៅ។ ជនជាតិ Rohingya ច្រើន​ជាង ១០០​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​សមាជិក​នៃ​ក្រុម​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ដែល​ជា​ចំនួន​ភាគច្រើន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ ២០១២ កន្លង​មក​នេះ។ ជនជាតិ Rohingya ជា​ច្រើន​ពាន់​នាក់ បាន​រត់គេច​ខ្លួន​ដោយ​ប្រថុយ​គ្រោះថ្នាក់​តាម​ទូក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន។ ពួកគេ​ទាំង​នោះ​ភាគ​ច្រើន​បាន​ស្លាប់​តាម​ផ្លូវ និង​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​ពួក​ជួញដូរ​មនុស្ស។

គណៈកម្មការ​ដែល​នឹង​បង្កើត​ឡើង​នេះ នឹង​ពិចារណា​បញ្ហា​មនុស្ស​ធម៌ និង​ការ​អភិវឌ្ឍ លទ្ធភាព​ទទួល​បាន​សេវាកម្ម​ជា​មូលដ្ឋាន ការ​ធានា​នូវ​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន និង​សុវត្ថិភាព​សម្រាប់​ជនជាតិ Rohingya។ គណៈកម្មការ​នេះ​នឹង​ធ្វើ​ការ​ស្រាវជ្រាវ និង​ផ្ដល់យោបល់​អំពី​ការ​ការពារ​ជម្លោះ ជំនួយ​មនុស្សធម៌ សិទ្ធិ​មនុស្ស និង​ការ​ផ្សះផ្សា ការ​កសាង​ស្ថាប័ន និង​ការ​លើក​តម្កើង​នូវ​ការ​អភិវឌ្ឍ​រដ្ឋ Rakhine។

គណៈកម្មាការ​នេះ​នឹង​ផ្ញើ​លទ្ធផល​ពី​ការ​ស្រាវជ្រាវ និង​សំណើ​របស់​ខ្លួន​ក្នុង​អំឡុង​ពេល ១២ ខែ ដំបូង បន្ទាប់ពី​គណៈកម្មាកា​រនេះ​ត្រូវ​បាន​បង្កើត​ឡើង ទៅ​ឲ្យ​លោកស្រី ស៊ូជី៕

XS
SM
MD
LG