ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា មិនចាំបាច់មានប្រទេសកាណាដានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងទេ ហើយបានព្រមានសភាកុំឱ្យជ្រៀតជ្រែកជាមួយការចរចាពាណិជ្ជកម្ម បើមិនដូច្នេះទេលោកនឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគីនេះ។
លោក ត្រាំ បាននិយាយនៅលើ Twitter ថា៖ «មិនមានភាពចាំបាច់ផ្នែកនយោបាយដើម្បីរក្សាប្រទេសកាណាដានៅក្នុងកិច្ចព្រមព្រៀងថ្មីរបស់ NAFTA នោះទេ។ ប្រសិនបើយើងមិនធ្វើឱ្យមានដំណោះស្រាយដោយយុត្តិធម៌សម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីការរំលោភបំពានជាច្រើនទសវត្សរ៍មកហើយនោះ នោះប្រទេសកាណាដានឹងត្រូវដកចេញ»។ លោកបានបន្ថែមថា «សភាមិនគួរជ្រៀតជ្រែកការចរចាទាំងនេះទេ បើមិនអីចឹងទេ ខ្ញុំនឹងបញ្ឈប់ជាស្ថាពរនូវកិច្ចព្រមព្រៀង NAFTA ទាំងស្រុង ហើយយើងនឹងកាន់តែមានសេដ្ឋប្រសើរឡើង»។
លោក ត្រាំ កាលពីថ្ងៃសុក្រ បានជូនដំណឹងដល់សភាអំពីចេតនារបស់លោកក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាមួយម៉ិកស៊ិក បន្ទាប់ពីកិច្ចពិភាក្សាដ៏ចម្រូងចម្រាសជាមួយប្រទេសកាណាដាបានបញ្ចប់កាលពីថ្ងៃសុក្រ ដោយគ្មានកិច្ចព្រមព្រៀងក្នុងការកែប្រែច្បាប់ NAFTA។ លោក ត្រាំ បានបង្ហាញពីកិច្ចព្រមព្រៀងមួយជាមួយប្រទេសម៉ិកស៊ិក កាលពីថ្ងៃចន្ទ៕