ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​​​រាយការណ៍​អំពី​ការ​កើន​ឡើង​​​​នូវ​​ករណី​​ថ្មី​នៃ​ជំងឺ​កូវីដ១៩


មន្ត្រី​សន្តិសុខ​ម្នាក់​ពិនិត្យ​សីតុណ្ហភាព​របស់​ស្ត្រី​ម្នាក់​នៅ​ក្នុង​ក្រុង​វូហាន​ ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

គណៈកម្មាការ​សុខាភិបាល​ចិន​បាន​រាយការណ៍អំពី​ការ​កើន​ឡើង​នៃ​ករណីថ្មី​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ខេត្តមួយ​ចំនួន ដែល​បាន​នាំ​ឲ្យមន្ត្រី​សុខាភិបាល​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ចិន​ធ្វើ​ការ​ការពារ​ខ្លួន​ពីការ​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ដែល​បង្ក​ជំងឺ​កូវីដ១៩។​

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ អ្នក​នាំ​ពាក្យ​គណៈកម្មការសុខាភិបាល​ចិន​និយាយ​ថា មានការ​ឆ្លងវីរុស​កូរ៉ូណាចំនួន​១៧​ករណី​ថ្មី​ត្រូវ​បាន​គេ​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ ដែល​បន្ថែម​ពី​លើ​ចំនួន​សរុប​១៤​ករណី​កាល​ពី​ថ្ងៃ​អាទិត្យ។ ចំនួន​នេះ​កត់​សម្គាល់ការ​កើន​ចំនួន​លើស​១០​ករណី​ក្នុង​មួយ​ថ្ងៃ​ជា​លើក​ដំបូង​បំផុត​ក្នុងរយៈ​ពេល​១០​ថ្ងៃ​ចុង​ក្រោយ។

អ្នកនាំ​ពាក្យ​រូប​នោះ​បន្ត​ថា ករណី​ថ្មីចំនួន​៧​ជា​ករណី​នាំ​ចូល​ពី​បរទេស​ចូល​ទៅ​ក្នុង​តំបន់​ស្វ័យត​ម៉ុងហ្គោល​ក្នុង​របស់​ប្រទេស​ចិន ហើយ​ករណី​ថ្មី​៥​ទៀត​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​ក្រុង​វូហាន​ ដែល​ជា​ប្រភព​ផ្ទុះ​ដើម​ដំបូង​គេ​នៃ​កូវីដ១៩ ហើយ​ដែល​អាជ្ញាធរ​នៅ​ទី​នោះ​ទើប​បាន​ដក​វិធានការ​រឹតត្បិត​សកម្មភាព​សង្គម​កាល​ពី​ខែ​មេសា។

ករណី​ថ្មី​ចំនួន​៥​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ខេត្ត​ភាគ​ឦសាន​ចំនួន​៣ រួម​ទាំង​ខេត្ត​ Jilin​ ដែល​នៅ​ទី​នោះ​អាជ្ញាធរ​បាន​ផ្អាក​សេវា​រថភ្លើង​ចេញ​ចូល​ស្រុក​មួយ​ក្រោយ​ពី​ពួក​គេ​បាន​រក​ឃើញការ​ឆ្លងជា​ក្រុម​មួយ​កន្លែង។ ទូរទស្សន៍​រដ្ឋ​ចិនរាយការណ៍​ថា អ្នក​ជំនាញ​មួយ​ក្រុម​ត្រូវ​បាន​គេ​បញ្ជូនទៅ​តំបន់​នោះ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត។

បើ​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ​ Johns Hopkins មក​ទល់​នឹង​ថ្ងៃ​ចន្ទ​ ប្រទេស​ចិន​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​៨៤.០០០​នាក់​ និង​អ្នក​ស្លាប់​សរុប​ចំនួន​៤.៦៣៧​នាក់៕

XS
SM
MD
LG