ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នូវែលសេឡង់​ត្រឡប់​ទៅ​រក​ភាពប្រក្រតី​វិញ​បន្តិច​ម្តងៗ​ក្រោយ​​វិធានការ​​បិទ​សកម្មភាព​ប្រទេស​ដ៏​តឹងតែង


មនុស្សម្នា​ជិះ​រថយន្ត​តម្រង់​ជួរ​គ្នា​កាត់​ភោជនីយដ្ឋាន​អាហារ​ស្រាប់ fast food នៅ​ពេល​ដែល​ការ​រឹតត្បិត​ជំងឺ​កូវីដ១៩​កម្រិត​៤ ត្រូវ​បាន​លុបចោល នៅ​ក្នុង​ក្រុង Christchurch ប្រទេស​នូវែលសេឡង់ កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
មនុស្សម្នា​ជិះ​រថយន្ត​តម្រង់​ជួរ​គ្នា​កាត់​ភោជនីយដ្ឋាន​អាហារ​ស្រាប់ fast food នៅ​ពេល​ដែល​ការ​រឹតត្បិត​ជំងឺ​កូវីដ១៩​កម្រិត​៤ ត្រូវ​បាន​លុបចោល នៅ​ក្នុង​ក្រុង Christchurch ប្រទេស​នូវែលសេឡង់ កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

ពលរដ្ឋ​នូវែលសេឡង់បាន​តម្រង់​ជួរ​គ្នា​យ៉ាងកក​កុញ​នៅ​តាមបណ្តាភោជនីយដ្ឋាន​លក់​អាហារ​ស្រាប់ fast food កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ពួក​គេ​ចាប់​ផ្តើម​ចេញ​ពី​ការ​នៅ​តែ​ក្នុង​ផ្ទះ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ដ៏​តឹងតែង​ក្នុង​ការបិទ​សកម្មភាពក្នុង​ប្រទេស។​

ពលរដ្ឋ​នូវែលសេឡង់​ប្រមាណ​៤០០.០០០​នាក់​ត្រូវ​គេ​រំពឹង​ថា​នឹង​ចាកចេញ​ពីផ្ទះ​សម្បែង​ដើម្បី​ត្រឡប់​ទៅ​ការិយាល័យ​ធ្វើការ​របស់​ពួក​គេវិញ ឬ​កន្លែង​កម្សាន្ត​នានា​ដូច​ជា​កន្លែង​វាយ​កូន​ហ្គោល ជិះ​រលក surfing ឬ​ការ​បរបាញ់​សត្វ ខណៈ​ដែល​នាយករដ្ឋមន្ត្រី​នូវែលសេឡង់​លោកស្រី Jacinda Ardern បាន​បន្ធូរបន្ថយ​វិធានការបិទ​សកម្មភាព​ក្នុង​ប្រទេសនេះ​ ដែល​បាន​ប្រើវិធានការ​តឹងតែងបំផុត​មួយ​ក្នុង​ពិភពលោក​ដើម្បី​ឆ្លើយ​តប​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។​

គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​នេះ នូវែលសេឡង់​បាន​រាយការណ៍ករណី​ឆ្លង​ថ្មីក្នុង​ចំនួន​២ ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ទូទាំង​ប្រទេស​ មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ចំនួន​១.៤៧២​នាក់ និង​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩​ចំនួន​១៩​នាក់​ ក្នុង​ចំណោម​ពលរដ្ឋ​៥​លាន​នាក់។

លោកស្រី​នាយករដ្ឋមន្ត្រី Ardern បាន​បន្ថយ​កម្រិត​គ្រោះថ្នាក់​ពី​វីរុស​កូរ៉ូណា​ពី​កម្រិត​លេខ​៤ ដែល​បិទ​សកម្មភាព​សេដ្ឋកិច្ច​ទាំង​អស់​លើកលែង​តែ​សេវាកម្ម​ដែល​ចាំ​បាច់​ មក​កម្រិត​លេខ​៣ ដែល​រិតត្បិត​ពលរដ្ឋ​ឲ្យ​ធ្វើ​ដំណើរ​បាន​តែ​នៅ​ក្នុង​មូលដ្ឋាន ហើយ​បិទ​ផ្សារ​ទំនើប​និង​អាជីវកម្ម​ដូច​ជា​ហាង​អ៊ុតសក់ និង​អាជីវកម្ម​ដទៃ​ទៀត​រយៈ​ពេល​យ៉ាង​តិច​២​សប្តាហ៍​ទៀត។ ប៉ុន្តែការ​បន្ថយ​មក​កម្រិត​គ្រោះថ្នាក់​លេខ​៣​នេះ អនុញ្ញាត​ឲ្យ​មាន​ការ​បើក​ឡើង​វិញ​វិស័យ​សំណង់ និង​អាជីវកម្ម​មួយ​ចំនួន​ដូច​ជា​ភោជនីយដ្ឋាន​ដែល​លក់​ម្ហូប​យក​ទៅ​ញាំ​ក្រៅ​ហាង។ សាលារៀន​មួយ​ចំនួន​ក៏បាន​បើក​ឡើង​វិញ​ដែរ។

ការ​ឆ្លើយ​តប​របស់​នូវែលសេឡង់​ទៅ​នឹង​វិបត្តិ​វីរុស​កូរ៉ូណា​នេះ​ រួម​ទាំងវិធានការ​ការ​ធ្វើ​តេស្ត​ទូលំទូលាយ​និង​ការ​តាម​ដាន​រក​ផ្លូវ​ចម្លង​របស់​មេរោគ បាន​ទទួល​ការ​សរសើរ​ពីសហគមន៍​អន្តរជាតិ។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី លោកស្រី Ardern បាន​ព្រមាន​ថា ​ប្រទេស​នេះ​ត្រូវ​ប្រុងប្រយ័ត្ន​និងធានា​ថា​នឹង​មិន​មាន​ការ​រាតត្បាតនៃ​កូវីដ១៩​ជា​លើក​ទី​២​ទេ៕

XS
SM
MD
LG