រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងពិនិត្យមើលលើលក្ខខណ្ឌស្នើឡើងថ្មីអំពីរបៀបដែលរដ្ឋនីមួយៗអាចបើកដំណើរការឡើងវិញជាបណ្ដើរៗនូវកន្លែងអាជីវកម្ម សាលារៀន និងព្រះវិហារគ្រិស្តសាសនា ស្របពេលដែលអភិបាលរដ្ឋបន្ថែមទៀតបង្ហាញសញ្ញាអំពីគម្រោងរបស់ពួកគេនៅក្នុងការឆ្ពោះទៅការបន្ធូរបន្ថយការដាក់កំហិតទាក់ទិននឹងជំងឺកូវីដ១៩។
មន្ត្រីសហរដ្ឋអាមេរិកនិយាយថា លក្ខខណ្ឌដែលព្រាងដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ទាំងនេះ ផ្ដល់នូវអនុសាសន៍លំអិតសម្រាប់ការបើកឡើងវិញនូវសកម្មភាពនានាតាមកន្លែងផ្សេងៗ។
ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកដែលបានឃើញនូវលក្ខខណ្ឌស្នើឡើងទាំងនេះ បានរាយការណ៍កាលពីថ្ងៃចន្ទម្សិលមិញថា លក្ខខណ្ឌទាំងនេះមានដូចជា ការបិទបន្ទប់សម្រាកនៅតាមការិយាល័យនានា ការប្រើបញ្ជីមុខម្ហូបដែលប្រើបានតែម្ដងនៅតាមភោជនីយដ្ឋានជាដើម។ មន្ត្រីអាមេរិកថា លក្ខខណ្ឌទាំងនេះនៅតែអាចកែប្រែបាន។
មន្ត្រីជំនាញខាងសុខាភិបាលបានព្រមានប្រឆាំងនឹងការបើកដំណើរការសេដ្ឋកិច្ចលឿនពេក ហើយអភិបាលរដ្ឋជាច្រើនបានបញ្ជាក់ថា វិធានការនានានឹងនៅជាធរមានដដែលដើម្បីការពារសុវត្ថិភាពរបស់សាធារណជន។
កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក William Barr បានគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការដាក់កំហិតរបស់រដ្ឋ និងអាជ្ញាធរមូលដ្ឋានណា ដែលប៉ះពាល់ដល់សេរីភាពសាសនា និងសិទ្ធិផ្សេងទៀតដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
ការលើកឡើងរបស់លោក Barr នេះ បង្ហាញអំពីការអស់ការអត់ធ្មត់ចំពោះបទបញ្ជារបស់អភិបាលរដ្ឋនានាដែលតម្រូវឲ្យមនុស្សស្នាក់នៅក្នុងផ្ទះ និងរក្សាគម្លាតតាំងពីដើមខែមីនាមក ដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕