ប្រទេសនូវែលសេឡង់បានឲ្យដឹងថា ជាលើកទីមួយចាប់តាំងពីពាក់កណ្តាលខែមីនាមក ប្រទេសនេះគ្មានករណីឆ្លងជំងឺកូវីដ១៩ថ្មីទេនៅថ្ងៃចន្ទនេះ។
ដំណឹងល្អនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសនេះបានចាប់ផ្តើមបន្ធូរការរឹតបន្តឹងដែលរដ្ឋាភិបាលបានដាក់សម្រាប់រយៈពេលមួយខែ ដើម្បីព្យាយាមបញ្ឈប់ការរាលដាលមេរោគកូរ៉ូណា។
អគ្គនាយកនៃក្រសួងសុខាភិបាលនៃប្រទេសនូវែលសេឡង់ លោក Ashley Bloomfield ថ្លែងថា អ្វីដែលសំខាន់គឺនៅសប្តាហ៍នេះ នៅពេលដែលយើងបូកបញ្ចូលរយៈពេលមុនរោគសញ្ញាចេញមក ដែលតាមធម្មតា ៥ ឬ ៦ថ្ងៃក្រោយមក។
ទោះជាប្រទេសនូវែលសេឡង់ធ្វើការទប់ទល់បានល្អប្រសើរ ដោយមានករណីឆ្លងប្រមាណ១ពាន់៥រយ និងករណីស្លាប់តែ២០នាក់ក៏ដោយ ក៏ប្រទេសនេះកំពុងតែចាត់វិធានការយ៉ាងប្រុងប្រយ័ត្ន ដើម្បីបន្ធូរការតម្រូវឲ្យនៅក្នុងផ្ទះដែរ។ សាលារៀន ហាងលក់ទំនិញ និងភោជនីយដ្ខានភាគច្រើននៅបិទទ្វារនៅឡើយ។
ប្រទេសអ៊ីតាលី ដែលជាប្រទេសមួយដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរនោះ បានចាប់ផ្តើមដំណើរការបើកឡើងវិញនៅថ្ងៃចន្ទនេះ ដោយអនុញ្ញាតឲ្យកម្មករសំណង់ និងកម្មកររោងចក្រ ចូលធ្វើការវិញ។ ហើយក៏មានការអនុញ្ញាតឲ្យមនុស្សដើរយកខ្យល់អាកាស និងទៅលេងបងប្អូនដែរ។ ចំណែកភោជនីយដ្ឋានវិញនឹងមានការអនុញ្ញាតឲ្យលក់ម្ហូបវេចខ្ចប់យកទៅផ្ទះ។
នៅថ្ងៃចន្ទនេះដែរ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក Muhyiddin Yassin បានបន្ធូរការរឹតបន្តឹង នៅផ្នែកខ្លះនៃប្រទេសនេះ។ ដើមដំបូងការរឹតបន្តឹងគ្រោងនឹងដាក់រហូតដល់ថ្ងៃទី១២ ខែឧសភា៕