តុលាការមួយក្នុងប្រទេសនូវែលសេឡង់បានដាក់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតដោយមិនអាចមានការបន្ធូរបន្ថយទោស ចំពោះបុរសស្បែកសដែលរើសអើងជាតិសាសន៍មួយរូបដែលបានសម្លាប់ជនមូស្លីម៥១នាក់នៅក្នុងវិហារឥស្លាមពីរកន្លែងក្នុងប្រទេសនូវែលសេឡង់កាលពីឆ្នាំមុន។
លោក Brenton Tarrant អាយុ២៩ឆ្នាំ ដែលជាជនជាតិអូស្ត្រាលី មិនបាននិយាយអ្វីទាំងអស់នៅពេលចៅក្រមនៃតុលាការកំពូលទីក្រុង Christchurch បានអានទោសជាប់ពន្ធនាគារមួយជីវិតនេះកាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃចុងក្រោយនៃការជំនុំជម្រះរយៈពេលបួនថ្ងៃ។
នេះជាលើកទីមួយនៅក្នុងប្រទេសនូវែលសេឡង់ដែលជនណាម្នាក់ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតដោយមិនមានការបន្ធូរបន្ថយទោស។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោក Tarrant បានបាញ់សម្លាល់រង្គាលសាសនិកឥស្លាម៥១ នាក់នៅវិហារឥស្លាមពីរកន្លែងក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់ ដោយលោកថែមបានផ្សាយផ្ទាល់ការបាញ់នេះតាមបណ្តាញសង្គមហ្វេសប៊ុកទៀត និងមានមនុស្សជាច្រើនជុំវិញពិភពលោកបានឃើញ មុននឹងវីដេអូនេះត្រូវគេបិទ។
ព្រឹត្តិការណ៍នោះជាការបាញ់សម្លាប់រង្គាលធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រនូវែលសេឡង់ ដែលបាននាំឲ្យមានការរឹតត្បិតការកាន់កាប់កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ៕