ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណបក្ស​ Maori នៅ​​នូវែលសេឡង់​​ថា​ រដ្ឋាភិបាល​​«បាន​ទុក​ពួក​យើង​ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់»


រូបឯកសារ៖ កម្មករ​សំណង់​និង​សកម្មជនស្តាំ​និយម​បាតុកម្ម​ប្រឆាំង​ការ​ដាក់​កំហិត​នានា​នៅ​ទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។ (Reuters)
រូបឯកសារ៖ កម្មករ​សំណង់​និង​សកម្មជនស្តាំ​និយម​បាតុកម្ម​ប្រឆាំង​ការ​ដាក់​កំហិត​នានា​នៅ​ទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។ (Reuters)

សាកល​វិទ្យាល័យ Johns Hopkins ក្នុង​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មនុស្ស​ក្នុង​ពិភពលោក​ជិត២៣៨លាន​នាក់ បាន​ឆ្លង​ជំងឺ​កូវីដ១៩​និងជិត​៥លាន​នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺនេះ។ សាកល​វិទ្យាល័យ​នេះ​ក៏​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ផង​ដែរ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន​៦៥០០លាន​ដូស​ ត្រូវ​បាន​ចាក់​នៅ​ទូទាំង​ពិភព​លោក។

ក្រុម​អ្នក​នយោបាយនៃ​គណបក្ស Maori ក្នុង​ប្រទេស​នូវែលសេឡង់​និយាយ​ថា​ ប្រទេស​នេះ​អាច​មាន​កំហុស​ចំពោះ​ការប្រព្រឹត្តិ​អំពើ«ប្រល័យ​ពូជសាសន៍​ក្នុង​សម័យ​ទំនើប» ប្រសិន​បើ​ប្រទេស​នេះ ធ្វើ​ទៅ​តាម​គម្រោង​របស់​ខ្លួន​បើក​ប្រទេស​ឡើង​វិញ​នោះ។

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ នូវែលសេឡង់​មាន​ការឆ្លង​ជំងឺកូវីដ១៩​ថ្មី​ចំនួន​៩៥ករណី​ហើយ​គេ​បានរក​ឃើញ​ការឆ្លងចំនួន​៣៥ករណី​បន្ថែម​ទៀត​កាល​ពី​ថ្ងៃ​ចន្ទ​ស្របពេល​ដែល​ប្រទេស​នេះ​ កំពុង​ព្យាយាមបើក​ប្រទេសរបស់​ខ្លួន​ឡើង​វិញ។

ពួក​អ្នក​នយោបាយ​នៃ​គណបក្សMaori បាន​ព្រមាន​ថា ចំនួន​សរុប​នៃអ្នក​ឆ្លង​ជំងឺកូវីដ​១៩​ប្រចាំថ្ងៃ​ក្នុង​ប្រទេស​នូវែលសេឡង់​ គឺ​ជាង​ពាក់​កណ្តាល​ជា​ក្រុម​ជន​ជាតិ​ដើមនៅ​ក្នុង​ប្រទេស​នេះ។

លោកស្រី Debbie Ngarewa-Packer សហ​មេដឹកនាំ​នៃ​គណបក្ស Maori បាន​និយាយ​កាល ពី​ថ្ងៃ​ចន្ទ​ថា «គ្រប់​ចំណុច​ទាំង​អស់​នៃ​ការរាតត្បាត​កូវីដ១៩ រដ្ឋាភិបាល​នូវែលសេឡង់​មិន​អើពើអំពី​ការ​ផ្តល់​យោបល់​របស់​អ្នក​ជំនាញ​របស់គណបក្ស Maori ទេ។ គេបាន​ទុក​យើង​នៅក្នុង​ស្ថាន​ភាព​មួយ​ប្រកប​ដោយ​គ្រោះ​ថ្នាក់»។

នៅ​ក្នុង​ការវិវត្ត​ថ្មី​មួយ​ទៀត ប្រទេស​នូវែលសេឡង់​បាន​តម្រូវ​ឲ្យ​គ្រូបង្រៀន​និង​បុគ្គលិក​ទាំង​អស់​នៅ​ក្នុង​វិស័យ​សុខាភិបាលនិង​ស្ថាប័ន​ជន​ពិការ​ ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩ ​ឲ្យ​បាន​គ្រប់​ដូស​នៅ​ត្រឹម​ថ្ងៃ​ទី១ ខែ​ធ្នូខាង​មុខ​នេះ។ បើ​តាមទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins នូវែលសេឡង់​មានអ្នក​ឆ្លង​ជំងឺកូវីដ១៩​សរុប​ចំនួន​៤.៦៦០នាក់​ និង​មាន​អ្នក​ស្លាប់​សរុប​ចំនួន​២៨នាក់​ចាប់​តាំង​ពី​ជំងឺនេះ​ឆ្លង​រាតត្បាត​មក៕

(ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP និង Reuters)

XS
SM
MD
LG