ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប ស្នើ​ប្រទេស​ជា​សមាជិក​ឲ្យ​ផ្ដល់​ការ​អនុញ្ញាត​ធ្វើ​ដំណើរ​ដល់​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩


រូបឯកសារ៖ អ្នកធ្វើដំណើរ​ដោយ​មាន​ពាក់ម៉ាស​ការពារ ដើរ​នៅ​អាកាស​យានដ្ឋាន Charles de Gaulle ក្បែរ​ទីក្រុង​ប៉ារីស​នៃ​ប្រទេស​បារាំង កាលពី​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកធ្វើដំណើរ​ដោយ​មាន​ពាក់ម៉ាស​ការពារ ដើរ​នៅ​អាកាស​យានដ្ឋាន Charles de Gaulle ក្បែរ​ទីក្រុង​ប៉ារីស​នៃ​ប្រទេស​បារាំង កាលពី​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

គណៈកម្មការ​អឺរ៉ុប ដែល​ជា​ផ្នែក​នីតិ​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប បាន​ស្នើ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ឲ្យ​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ទាំង ២៧ អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ពេញលេញ​រួច​ហើយ​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ខ្លួន​បាន និង​បាន​បញ្ជាក់​ថា វ៉ាក់សាំង​នោះ ​គឺ​ចង់​សំដៅ​ដល់​វ៉ាក់សាំង​ណា​ដែល​ទទួល​ស្គាល់​ដោយ​សហភាព​អឺរ៉ុប​តែ​ប៉ុណ្ណោះ។

ការ​ធ្វើដំណើរ​ទៅកាន់​សហភាព​អឺរ៉ុប​នៅពេល​បច្ចុប្បន្ននេះ ​មាន​ការ​កម្រិត​បំផុត លើកលែងតែ​ប្រទេស​មួយ​ចំនួន​តូច​ដែល​មាន​អត្រា​ឆ្លង​ជំងឺ​កូវីដ១៩ ទាប ដូចជា​ប្រទេស​អូស្ត្រាលី នូវែលសេឡង់ និង​កូរ៉េ​ខាងត្បូង​ជាដើម។

នៅឯ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក អ្នក​នាំពាក្យ​គណៈកម្មការ​អឺរ៉ុប​លោក Adalbert Jahnz បាន​និយាយ​ថា សំណើ​នេះ​ស្នើ​ប្រទេស​ជា​សមាជិក​ឲ្យ​ផ្ដល់​ការ​អនុញ្ញាត​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​របស់​ពួកគេ​ដល់​អ្នក​ទេសចរ​ណា​ដែល​អាច​បង្ហាញ​ថា​ បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ បាន​ពេញលេញ​បាន​ច្រើន​ជាង ១៤ ថ្ងៃ មុន​ពេល​ធ្វើ​ដំណើរ។

នៅ​ក្រោម​សំណើ​នេះ ប្រទេស​នានា​នៅ​ក្នុង​សហភាព​អឺរ៉ុប​នឹង​យល់ព្រម​ទទួល​ស្គាល់​លិខិត​បញ្ជាក់​អំពី​ការ​ចាក់​វ៉ាក់សាំង​ដែល​ចេញ​ដោយ​ប្រទេស​ផ្សេង ​ក្រៅពី​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ប្រសិនបើ​លិខិត​នោះ​មាន​ទិន្នន័យ​ពាក់ព័ន្ធ​ពេញលេញ​និង​អាច​ផ្ទៀងផ្ទាត់​បាន។

ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នីមួយៗ​ក៏​មាន​ជម្រើស​ទទួល​យក​អ្នក​ធ្វើដំណើរ​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ដែល​អង្គការ​សុខភាព​ពិភពលោក (WHO) អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង​គ្រា​បន្ទាន់​ផងដែរ។

សំណើ​នេះ​ទំនងជា​ព័ត៌មាន​ស្វាគមន៍​មួយ​សម្រាប់​ប្រទេស​នានា​នៅ​ទ្វីប​អឺរ៉ុប ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ជា​ពិសេស​ប្រទេស​នៅ​អឺរ៉ុប​ខាង​ត្បូង ស្រប​ពេល​ដែល​រដូវ​ក្តៅ​ជិត​ចូល​មក​ដល់៕

XS
SM
MD
LG