ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​នឹង​ចាត់​វិធាន​ការ​តឹងរឹង​លើ​អ្នក​បំពុល​បរិស្ថាន​ និង​ដោះស្រាយ​ការ​ពឹង​ផ្អែក​ច្រើន​លើ​ធ្យូង


ស្រ្តី​ដែល​ពាក់​ម៉ាស​ធ្វើ​ដំណើរ​នៅ​ក្នុង​អ័ព្ទ​យ៉ាង​ក្រាស់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤។
ស្រ្តី​ដែល​ពាក់​ម៉ាស​ធ្វើ​ដំណើរ​នៅ​ក្នុង​អ័ព្ទ​យ៉ាង​ក្រាស់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤។

ចិន​បាន​សន្យា​ចាត់​វិធានការ​តឹងរឹង​ទៅ​លើ​អ្នក​បំពុល​បរិស្ថាន​និង​រឹត​បន្តឹង​ការ​គោរព​ច្បាប់​ដើម្បី​សំអាត​បរិស្ថាន​របស់​ខ្លួន​ ដែល​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​ការ​ព្រួយ​បារម្ភ​ជា​សាធារណៈ​ធំ​បំផុត​ជា​ច្រើន​របស់​ចិន។​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​និយាយ​ថា​ខ្លួន​មាន​គម្រោង​ធ្វើ​ឲ្យ​កំណើន​មាន​ចំនួន​សូន្យ​ក្នុង​ការ​ប្រើប្រាស់​ធ្យូង​ ដែល​ជា​ធនធាន​ថាមពល​មួយ​ដ៏​សំខាន់​ដែល​ជួយ​បង្កើន​សេដ្ឋកិច្ច​ដ៏​ធំ​ទី​ពីរ​របស់​ពិភពលោក។

ប្រទេស​ចិន​មាន​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ក្នុង​រយៈ​ពេល​៣​ទសវត្សរ៍​កន្លង​ទៅ​នេះ​ ប៉ុន្តែ​កំណើន​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​បរិស្ថាន​របស់​ខ្លួន​ ដែល​មាន​ដូច​ជា​ការ​បំពុល​ខ្យល់​ ទឹក​ និង​ដី។​

ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​បន្ត​ធា្លក់​ចុះ​ និង​ខណៈ​ដែល​រដ្ឋាភិបាល​បាន​ដាក់​កម្រិត​អត្រា​លូតលាស់​ដែល​ជា​កម្រិត​ទាប​បំផុត​នៅ​ក្នុង​ពេល​ ២៥​ ឆ្នាំ​កន្លង​ទៅ​នេះ​ ប្រទេស​ចិន​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​កំណើន​មួយ​ដែល​មាន​ស្ថិរភាព​និង​គុណភាព។​

ការ​សំអាត​បរិសា្ថន​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​ (ភាព​ស្មើ​គ្នា​) នេះ។​

កាល​ពី​ឆ្នាំ​មុន​ ប្រទេស​ចិន​បាន​ប្រកាស​ប្រយុទ្ធ​នឹង​ការ​ភាព​កខ្វក់​ក្នុង​ខ្យល់​អាកាស​ និង​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​លោក​ដែល​ធ្វើ​ទៅ​កាន់​សមាជ​ពលរដ្ឋ​ចិន​នៅ​ដើម​ខែ​នេះ ​(កាលពី​ថ្ងៃ​ព្រហស្បតិ៍) លោក​នាយករដ្ឋមន្រ្តី​ Li​ Keqiang​ សន្យា​នឹង​បន្ត​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត។​

លោក​ Li​ និយាយ​ថា​ «ការ​បំពុល​បរិស្ថាន​គឺជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ជីវិត​របស់​ពលរដ្ឋ​និង​ជា​បញ្ហា​មួយ​ដែល​មាន​ទម្ងន់​យ៉ាង​ធ្ងន់​នៅ​លើ​បេះដូង​របស់​ពួកគេ»។​ លោក​ថ្លែង​ថា​មេដឹកនាំ​ប្រទេស​ «ត្រូវ​តែ​ប្រយុទ្ធ​នឹង​បញ្ហា​នេះ​ជាមួយ​នឹង​កម្លាំង​ទាំង​អស់​ដែល​យើង​មាន»។​

វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​សំខាន់ៗ​ដែល​ចិន​ត្រូវ​ប្រយុទ្ធ​ជាមួយ​គឺ​ ការ​តស៊ូ​របស់​ខ្លួន​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ពាក់​លើ​ធ្យូង​ ដែល​ខ្លួន​បាន​ពឹង​ផ្អែក​ដោយ​សារ​តែ​តម្លៃ​ថោក​របស់​ធ្យូង។​ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​ធ្យូង​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​អ្នក​ផលិត​និង​អ្នក​ប្រើប្រាស់​ធ្យូង​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​ ដែល​ជា​ប្រភព​ដ៏​ចម្បង​នៃ​ការ​បំពុល​ខ្យល់​អាកាស។​

លោក​នាយករដ្ឋមន្រ្តី​ Li​ មាន​ប្រសាសន៍​ថា​ ចិន​នឹង​បង្កើន​ការ​គ្រប់គ្រង​ការ​បញ្ចេញ​ចោល​ផ្សែង​ពុល​នៅ​រោងចក្រ​ផលិត​ថាមពល​ដែល​ប្រើប្រាស់​ធ្យូង​ ហើយ​ព្យាយាម​ឲ្យ​មាន​កំណើន​សូន្យ​នៅ​ក្នុង​ការ​ប្រើ​បា្រស់​ធ្យូង​នៅ​ឆ្នាំ​នេះ​ នៅ​ក្នុង​តំបន់​សំខាន់ៗ​របស់​ប្រទេស។​

នៅ​ក្នុង​របាយការណ៍​មួយ​ស្តី​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ថ្មីៗ​នេះ​ (កាលពី​ថ្ងៃ​ព្រហស្បតិ៍) គណៈកម្មការ​កំណែ​ទម្រង់​ និង​ការ​អភិវឌ្ឍ​ជាតិ​របស់​ប្រទេស​ចិន​ក៏​ផ្តោត​អារម្មណ៍​លើ​ភាព​កខ្វក់​របស់​ប្រេង​ឥន្ធនៈ​ផង​ដែរ។​

របាយការណ៍​នេះ​និយាយ​ថា​នៅ​ក្នុង​តំបន់​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ផ្សែង​អ័ព្ទ​ក្រាស់ៗ​ រដ្ឋាភិបាល​នឹង​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ចំនួន​នៃ​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​ថាមពល​ច្រើន​ និង​ពិចារណា​ជំនួស​រោងចក្រ​ថាមពល​ដែល​ប្រើ​ធ្យូង​ដោយ​ប្រភព​ថាមពល​ផ្សេង​ទៀត។​

ឆ្នាំ​មុន​ជា​លើក​ទី​១​នៅ​ក្នុង​សតវត្ស​នេះ​ ដែល​ប្រទេស​ចិន​មាន​ការ​ធា្លក់​ចុះ​ក្នុង​ការ​ប្រើប្រាស់​ធ្យូង​របស់​ខ្លួន។​

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ លោក​ Li​ សន្យា​ថា​នឹង​ចាត់​វិធាន​ការ​តឹងរ៉ឹង​លើ​អ្នក​បំពុល​បរិស្ថាន។​

លោក​ Li​ និយាយ​ថា​ រដា្ឋភិបាល​ «ត្រូវ​តែ​អនុវត្ត​ច្បាប់​បរិសា្ថន​និង​បទ​បញ្ញត្តិ​បរិស្ថាន​ទាំង​ឡាយ​ឲ្យ​បាន​តឹងរ៉ឹង។​ បង្រ្កាប​មនុស្ស​ដែល​មាន​ទោស​ទាំង​នោះ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចេញ​ចោល​ឧស្ម័ន​ពុល​ដោយ​ខុស​ច្បាប់​ ហើយ​ត្រូវ​ធ្វើ​ឲ្យ​បា្រកដ​ថា​ពួកគេ​ត្រូវ​បង់​ប្រាក់​ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ចំពោះ​បទ​ល្មើស​របស់​ខ្លួន»។​

ប្រទេស​ចិន​បាន​និយាយ​អំពី​ការ​រឹត​បន្តឹង​ទៅ​លើ​បញ្ហា​បរិស្ថាន​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ តែ​វា​ពិត​ជា​ពិបាក​នឹង​និយាយ​ណាស់​ឥឡូវនេះ​ថា​តើ​អាជ្ញាធរ​នឹង​អាច​អនុវត្ត​ធ្វើ​ដល់​កម្រិត​ណា។​ កាលពី​ឆ្នាំ​មុន​ មាន​តែ​ក្រុង​ ៨​ ក្នុង​ចំណោម​ក្រុង​ ៧៤​ របស់​ចិន​ដែល​បាន​សម្រេច​គោលដៅ​គុណភាព​ខ្យល់​របស់​ខ្លួន។​

លោក​ Chan​ King​ Ming​ សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ City​ University​ of​ Hong​ Kong​ និយាយ​ថា​ វា​ជា​សញ្ញា​ល្អ​មួយ​ដែល​ក្រុម​មន្រ្តី​កំពុង​តែ​ចាប់​អារម្មណ៍​លើ​សារៈសំខាន់​នៃ​បញ្ហា​នេះ​ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​បរិស្ថាន​គឺ​ជា​បញ្ហា​ដែល​ត្រូវ​ប្រឈម​ធំ​ជាង​គេ។​

គាត់​បាន​បន្ថែម​ថា​ មូលហេតុ​សម្រាប់​បញ្ហា​នេះ​គឺ​ថា​ មាន​មន្រ្តី​ច្រើន​ថ្នាក់​ពេក​ដើម្បី​ធ្វើ​ការ​ជា​មួយ​នៅ​លើ​បញ្ហា​នេះ​ តាំង​ពី​រដ្ឋាភិបាល​កណ្តាល​ចុះ​ទៅ​ដល់​មន្រ្តី​នៅ​កម្រិត​ក្រុង​និង​ស្រុក។

«ខ្ញុំ​នៅ​តែ​មាន​ការ​មន្ទិលសង្ស័យ​ច្រើន​ថា​ មន្រ្តី​ចិន​នៅ​កម្រិត​ផ្សេងៗ​ទាំង​នេះ​មាន​សមត្ថភាព​អាច​នឹង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប៉ុន​ណា»។​

លោក​ Chan​ និយាយ​ថា​ វា​ក៏​នឹង​ពិបាក​ផង​ដែរ​ក្នុង​ការ​ដាក់​ឲ្យ​មាន​ការ​ត្រួត​ត្រា​ដែល​អាច​ប៉ះ​ពាល់​ដល់​ថាមពល​ដែល​មាន​សម្រាប់​ទីក្រុង​និង​តំបន់​ដែល​មាន​ការ​រីកចម្រើន​ឆាប់​រហ័ស​ គឺ​ទី​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​អភិវឌ្ឍ​និង​ការ​រីក​ចម្រើន៕​

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG