សមាជិកសភានៅក្នុងរដ្ឋញូវយ៉កបានអនុម័តផែនការមួយដើម្បីផ្តល់ការសិក្សាដោយមិនយកប្រាក់សម្រាប់សិស្សដែលមានប្រាក់ចំណូលទាបនិងមធ្យមដើម្បីចូលរៀនសាកលវិទ្យាល័យនៃទីក្រុងញូវយ៉ក City University of New York (CUNY) និងសាកលវិទ្យាល័យនៃរដ្ឋញូវយ៉ក (SUNY)។
កិច្ចផ្តួចផ្តើមថ្មីដែលហៅថា កម្មវិធីអាហាររូបករណ៍ Excelsior Scholarship Program ជាផ្នែកមួយនៃថវិការដ្ឋញូវយ៉កឆ្នាំ២០១៨ ដែលត្រូវបានអនុម័តកាលពីថ្ងៃអាទិត្យ។
ចាប់ផ្តើមពីរដូវស្លឹកឈើជ្រុះនៃឆ្នាំ២០១៧នេះទៅ សិស្សមកពីគ្រួសារដែលមានប្រាក់ចំណូលតិចជាង១សែនដុល្លាក្នុងមួយឆ្នាំ នឹងទទួលបានការសិក្សាដោយមិនគិតថ្លៃ។ ហើយក្រុមគ្រួសារដែលមានប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់១សែន១ម៉ឺនដុល្លារនៅឆ្នាំ២០១៨ និង ១សែន២ម៉ឺន៥ពាន់ដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០១៩ ក៏នឹងទទួលបានសិក្សានៅសាកលវិទ្យាល័យដោយមិនគិតថ្លៃដែរ។
ក្នុងកម្មវិធីនេះ សិស្សដែលទទួលបានការសិក្សាមិនគិតថ្លៃតម្រូវឲ្យសិក្សា១០ថ្នាក់ឬ៣០ពិន្ទុ ក្នុងមួយឆ្នាំហើយរស់នៅឬធ្វើការនៅក្នុងរដ្ឋញូវយ៉កបន្ទាប់ពីប្រឡងបញ្ចប់ការសិក្សាដែលស្មើនឹងចំនួនឆ្នាំដែលពួកគេបានទទួលការសិក្សាដោយមិនគិតប្រាក់នោះដែលអាចមានរហូតដល់៥ឆ្នាំ។
លោក H. Carl McCall ប្រធានសាកលវិទ្យាល័យនៃរដ្ឋញូវយ៉កឬហៅកាត់ថា (SUNY) និងលោកស្រី Nancy Zimpher សាកលវិទ្យាធិការ SUNY បានសរសើរផែនការនេះ ដោយបានហៅថា វាជាជោគជ័យដ៏ពិតប្រាកដមួយ។
អ្នកទាំង២បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការវិនិយោគទុននេះធ្វើឲ្យអ្នករដ្ឋញូវយ៉កទាំងអស់អាចទៅសិក្សានៅសាកលវិទ្យាល័យ។ ថវិកានៅឆ្នាំនេះ ទទួលបានមករដ្ឋដែលមហាវិទ្យាល័យនិងសាកលវិទ្យាល័យរបស់យើង ផ្តល់ការអប់រំមានគុណ ភាពកាន់តែខ្ពស់ឡើងដែលប្រុងប្រៀបរៀបចំនិស្សិតសម្រាប់ជំនាញប្រកបដោយជោគជ័យ ហើយអាចទទួលយកបាននៅក្នុងពិភពលោក»។
លោក Andrew Cuomo អភិបាលរដ្ឋញូវយ៉ក បានប៉ាន់ស្មានថា និស្សិតចំនួន៩៤២.០០០នាក់ នឹងមានលទ្ធភាពចូលសិក្សាតាមកម្មវិធីនេះ ស្មើនឹងប្រហែលជា៧៥ភាគរយនៃនិស្សិតមហាវិទ្យាល័យនៅក្នុងរដ្ឋវញូយ៉ក។
លោក Cuomo បាននិយាយនៅក្នុងប្រព័ន្ធ Website ថា៖ «ទៅតាមថវិកានេះ អនុញ្ញាតឲ្យរដ្ឋញូវយ៉ក មានកម្មវិធីមហាវិទ្យាល័យសម្រាប់និស្សិតទាំងអស់លើកទី១នៅក្នុងប្រទេស»។
លោកមានប្រសាសន៍ទៀតថា៖ «គ្មានក្មេងណាម្នាក់ដែលចូលគេងហើយនិយាយថា ខ្ញុំមានសុបិន្តដ៏អស្ចារ្សមួយ។ ប៉ុន្តែ ខ្ញុំស្ទើរតែមិនជឿសោះថា ខ្ញុំនឹងអាចទទួលបានការ សិក្សានៅមហាវិទ្យាល័យ ពីព្រោះឪពុកម្តាយខ្ញុំមិនអាចបង់ថ្លៃសាលាឲ្យខ្ញុំបានទេ។ដោយមានកម្មវិធីនេះ កូនក្មេងទាំងអស់ នឹងមានឱកាសបានទទួលការសិក្សា»។
ពួកអ្នករិះគន់កម្មវិធីនេះបានចង្អុលបង្ហាញថា និស្សិតដែលមានប្រាក់ចំណូលទាប ទំនងទទួលបានប្រយោជន៍តិចតួចបំផុត។ អាហាររូបករណ៍នេះ មិនមែនលប់ចោលថ្លៃសាលានោះទេ ក៏ប៉ុន្តែ ជួយចេញថ្លៃជាជាងអនុញ្ញតឲ្យនិស្សិតដាក់ពាក្យសុំប្រាក់និងអាហាររូបករណ៍ផ្សេងទៀត។ ជាលទ្ធផល និស្សិតដែលមានប្រាក់ចំណូលទាបជាច្រើននឹងនៅតែត្រូវការប្រាក់កម្ចីសម្រាប់ការចំណាយនានា ដូចជាបន្ទប់ស្នាក់នៅ សៀវភៅនិងថ្លៃសាលាដែលអាចមានតម្លៃរាប់ពាន់ដុល្លារ។
ថវិការដ្ឋរួមមានប្រាក់ដាច់ដោយឡែក៨លានដុល្លារដើម្បីផ្តល់សំភារៈសិក្សាអបរំ រួម មាន E-book ដល់ពួកនិស្សិតនៅឯ SUNY និងមហាវិទ្យាល័យ CUNY ដើម្បីជួយចេញសោហ៊ុយដូចជាសៀវភៅ។
SUNY មានមហាវិទ្យាល័យនិងសាកលវិទ្យាល័យចំនួន៦៤នៅទូទាំងរដ្ឋញូវយ៉ក ហើយបច្ចុប្បន្ននេះ និស្សិតនៅក្នុងរដ្ឋត្រូវបង់ថ្លៃឈ្នួល៦៤៧០ដុល្លារក្នុងមួយឆ្នាំ។ ចំណែកមហាវិទ្យាល័យក្រុងញូវយ៉កហៅកាត់ថា CUNY មានសាកលវិទ្យាល័យចំនួន១១ និងមហាវិទ្យាល័យសហគមន៍ចំនួន៧ តម្រូវឲ្យនិស្សិតបង់ថ្លៃសាលា៦៣៣០ដុល្លារក្នុងមួយឆ្នាំ៕