លោក Stephen Bannon ប្រធានផ្នែកយុទ្ធសាស្ត្រប្រចាំសេតវិមានសហរដ្ឋអាមេរិក ត្រូវបានផ្លាស់ចេញពីតំណែងរបស់លោកនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិ នៅក្នុងការរៀបចំឡើងវិញមួយដើម្បីអនុញ្ញាតឲ្យប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ និងប្រធាននាយខុទ្ទកាល័យសេតវិមាន បានចូលរួមជាប្រក្រតីឡើងវិញនៅក្នុងគណៈកម្មាធិការគោលការណ៍នៃក្រុមប្រឹក្សាសន្តិសុខជាតិ។
ការផ្លាស់ប្ដូរនេះ ត្រូវបានបង្ហាញនៅក្នុងអនុស្សរណៈប្រធានាធិបតីផ្នែកសន្តិសុខជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញនៅក្នុងព្រឹត្តិបត្រ Federal Register ដែលជាព្រឹត្តិបត្រប្រចាំថ្ងៃរបស់រដ្ឋាភិបាលសហព័ន្ធ។
សារព័ត៌មាន The New York Times កាលពីល្ងាចថ្ងៃពុធម្សិលមិញ បានរាយការណ៍ថា លោក Stephen Bannon បានបដិសេធចំពោះការផ្លាស់លោកចេញពីតំណែងនេះ ហើយពេលខ្លះលោកក៏បានគំរាមថាលោកនឹងលាឈប់ពីការងារ ប្រសិនបើរឿងនេះមានដំណើរការទៅមុខបន្តទៀតនោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសេតវិមានដែលនិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ។
លោក Brian Katulis អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃអង្គការ Center for American Progress បាននិយាយថា៖ «វាពិតជាពិបាកណាស់ក្នុងការវាយតម្លៃថាពួកគេកំពុងតែធ្វើអ្វីឲ្យប្រាកដនោះ។ ក្រុមរបស់លោកប្រធានាធិបតី Donald Trump បានប្រព្រឹត្តិកំហុសមួយចំនួនដោយសារតែខ្វះបទពិសោធន៍នៅពេលកាន់តំណែងបានប៉ុន្មានសប្ដាហ៍ដំបូង»។
កាលពីខែមករាកន្លងទៅនេះ លោកប្រធានាធិបតី Donald Trump បានចេញនូវបទបញ្ជាប្រធានាធិបតីមួយផ្ដល់សិទ្ធិអំណាចដល់លោក Stephen Bannon ឲ្យចូលរួមនៅក្នុងគណៈកម្មាធិការគោលការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិ៕