សាស្ត្រាចារ្យសាកលវិទ្យាល័យរាប់ពាន់នាក់នៅទូទាំងសាកលលោកបានចុះហត្ថលេខាលើញ្ញត្តិតាមប្រព័ន្ធអ៊ីនធឺណិតដែលអំពាវនាវឲ្យអ្នកសិក្សាស្រាវជ្រាវធ្វើពហិការពុំចូលរួមសន្និសីទអន្តរជាតិនៅក្នុងសហរដ្ឋអាមេរិក។
ពួកសាស្ត្រាចារ្យកំពុងតវ៉ាប្រឆាំងបទបញ្ជាប្រធានាធិបតីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានរារាំងជាបណ្តោះអាសន្នដល់ពលរដ្ឋមកពីប្រទេសកាន់សាសនាឥស្លាមសំខាន់ៗចំនួន៦មាន អ៊ីរ៉ង់ សូម៉ាលី ស៊ីរី ស៊ូដង់ លីប៊ី និងប្រទេសយេម៉ែន។
លោកស្រី Nadine El-Enany ជាសាស្ត្រាចារ្យច្បាប់នៃសាលាច្បាប់នៃសាកលវិទ្យាល័យ London’s Birkbeck ដែលបានរៀបចំការធ្វើពហិការនេះបាននិយាយថា «បទបញ្ជាប្រធានាធិបតីនេះបង្កើតឲ្យមានការប្រកាន់ពូជសាសន៍ និងជំរុញឲ្យមានបរិយាកាសដែលមនុស្សចាត់ទុកពួកអ្នកកាន់សាសនាឥស្លាមងាយទទួលរងគ្រោះហើយនិងពង្រីកអំពើហិង្សា និងការស្អប់ខ្ពើម»។
លោកស្រីបានមានប្រសាសន៍នៅក្នុងប្រព័ន្ធអ៊ីនធឺណិតថា «ក្នុងចំណោមអ្នកដែលទទួលផលប៉ះពាល់ពីបទបញ្ជាប្រធានាធិបតីគឺ សាស្ត្រាចារ្យ និងនិស្សិតដែលមិនអាចចូលរួមក្នុងសន្និសីទ»។
បទបញ្ជាហាមឃាត់ការធ្វើដំណើររបស់ប្រធានាធិបតីត្រាំ ហាមឃាត់មិនឲ្យផ្តល់ទិដ្ឋាការ រយៈពេល៩០ថ្ងៃដល់ពលរដ្ឋមកពីប្រទេសចំនួន៦។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងមុនពេលបទបញ្ជានោះចូលធរមាន តុលាការសហព័ន្ធនៅក្នុងរដ្ឋហាវ៉ៃ បានរារាំងជាបណ្តោះអាសន្ននូវបម្រាមនោះដោយនិយាយថា បទបញ្ជាប្រធានាធិបតីនោះមានការស្អប់ខ្ពើមនូវខាងសាសនា៕