ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ថ្មី​អង្គការ WMO អំពាវនាវ​ឱ្យ​មាន​ការ​ប្តេជ្ញា​រួម​គ្នា​ជា​សាកល​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ


រូបឯកសារ៖ អ្នកស្រី Celeste Saulo ​អគ្គលេខាធិការ​នៃ​អង្គការ​ឧតុនិយម​ពិភពលោក (WMO) នៅទីក្រុង​ហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។
រូបឯកសារ៖ អ្នកស្រី Celeste Saulo ​អគ្គលេខាធិការ​នៃ​អង្គការ​ឧតុនិយម​ពិភពលោក (WMO) នៅទីក្រុង​ហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

ដោយ​ហៅ​ការ​ប្រែប្រួល​អាកាសធាតុ​ថា​ជា «ការ​គំរាមកំហែង​ជា​សាកល​ដ៏​ធំបំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ» អ្នកស្រី Celeste Saulo ដែល​ទើប​ត្រូវ​បាន​ជ្រើសរើស​ជា​អគ្គលេខាធិការ​នៃ​អង្គការ​ឧតុនិយម​ពិភពលោក (WMO) បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​វិបត្តិ​នេះ​បាន​កើតឡើង​ដោយសារ «សកម្មភាព​របស់​មនុស្ស​និង​ឧស្សាហកម្ម»។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី ១៦ ខែ​មករា​នៅ​ទីក្រុង​ហ្សឺណែវ​នៃ​ប្រទេស​ស្វីស អ្នកស្រី Saulo បាន​ថ្លែង​ថា ការ​ប្ដេជ្ញា​រួមគ្នា​ជា​សាកល​មួយ​គឺជា​ការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ​ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​នេះ។

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​យើង​នឹង​ប្រឈម​នឹង​ឧបសគ្គ​នេះ​ជាមួយ​គ្នា ជា​គ្រួសារ​សាកល​មួយ​ដែល​ចងភ្ជាប់​ដោយ​ការ​ទទួល​ខុសត្រូវ​រួមគ្នា ចក្ខុវិស័យ​សម្រាប់​អនាគត​កូនចៅ​យើង និង​គោលបំណង​រួម»។

នៅ​ពេល​ឡើង​កាន់​តំណែង​ជា​អគ្គលេខាធិការ​ជា​ស្ត្រី​ដំបូង​នៃ​អង្គការ WMO កាលពី​ថ្ងៃ​ទី ១ ខែ​មករា អ្នកស្រី Saulo បាន​យក​ឈ្នះ​លើ «បណ្តាញ​ពួក​បុរស» ដែល​បាន​គ្រប់គ្រង​ទីភ្នាក់ងារ​ធាតុអាកាស​របស់​អង្គការ​សហប្រជាជាតិ​នេះ​អស់​ជាង ៧ ទសវត្សរ៍​កន្លង​មក។

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​មាន​ឱកាស​ទម្លាយ​របាំង​វិបត្តិ​ជាច្រើន។ យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ថ្មី»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា អ្វី​ដែល​ស្ត្រី​នាំ​មក​ជូន​អង្គការ​នានា ជា​ពិសេស​អង្គការ WMO គឺ​ភាព​ចម្រុះ។ យើង​មាន​វិធី​គិត​ផ្សេងៗ​អំពី​បញ្ហា​និង​ការ​រក​ដំណោះស្រាយ។ ខ្ញុំ​មិន​និយាយ​ថា​វា​ជា​ការ​ប្រសើរ​ជាង​មុន​នោះ​ទេ ប៉ុន្តែ​វា​ប្លែក​ពីមុន»។

អ្នកស្រី​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​គ្រួសារ ដោយ​និយាយ​ថា៖ «សម្រាប់​ខ្ញុំ វា​ដូចជា​កត្តា​គ្រឹះ​ដែល​ជំរុញ​ខ្ញុំ​ទៅមុខ ពីព្រោះ​ខ្ញុំ​គិត​អំពី​មនុស្ស​ជំនាន់​ក្រោយ​គ្រប់​ពេល​ទាំងអស់»។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​មិន​គិត​អំពី​ផល​ប៉ះពាល់​ដល់​មនុស្ស​ជំនាន់​ក្រោយ​បាន​ទេ។ ខ្ញុំ​ចាំបាច់​ត្រូវ​មាន​អារម្មណ៍​កក់ក្ដៅ​ជាមួយ​អ្វី​ដែល​ខ្ញុំ​បន្សល់ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ ខ្ញុំ​មាន​កូនប្រុស​ម្នាក់ កូនស្រី​ម្នាក់ និង​ចៅប្រុស​ម្នាក់​ដែល​ទើប​នឹង​កើត។ ដូច្នេះ ខ្ញុំ​ពិតជា​រំភើប​ដោយសារ​រឿង​នេះ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​ការ​ទទួល​ខុសត្រូវ​ដ៏​ធំមួយ​ដោយសារ​មនុស្ស​ជំនាន់​ថ្មី​ទាំង​នេះ»។

អ្នកស្រី Saulo ដែល​មកពី​ប្រទេស​អាហ្សង់ទីន បាន​ក្លាយជា​ជាតិសាសន៍​អាមេរិក​ឡាទីន​ទីមួយ​ដែល​កាន់​តំណែង​ជា​អគ្គលេខាធិការ​អង្គការ WMO។ បន្ទាប់ពី​បាន​ប្រកប​អាជីព​ខាង​ការ​សិក្សា​អប់រំ​ពោរពេញ​ដោយ​កិត្តិយស​មក អ្នកស្រី​បាន​ក្លាយជា​ប្រធាន​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​របស់​ប្រទេស​អ្នកស្រី ហើយ​ក្រោយមក​បាន​កាន់​តំណែង​ជាន់ខ្ពស់​ផ្សេងៗ​ជាមួយ​អង្គការ WMO។ នៅ​ចុងក្រោយ អ្នកស្រី​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​កាន់​តំណែង​ជា​អគ្គលេខាធិការ​អង្គការ​នេះ។

នៅ​ពេល​នេះ ក្នុង​ឋានៈ​ជា​ប្រធាន​អង្គការ WMO អ្នកស្រី Saulo បាន​អំពាវនាវ​ឱ្យ​មាន​វិធានការ​បន្ទាន់​ដើម្បី​កាត់បន្ថយ​ការ​ឡើង​កម្ដៅ​ផែនដី​នៅពេល​ដែល​ពិភពលោក​ខិត​ចូល​ជិត​ដល់​កម្រិត​កំណត់​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​អំពី​ការ​ប្រែប្រួល​អាកាសធាតុ។

របាយការណ៍​មួយ​របស់​អង្គការ WMO ដែល​បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ បាន​បញ្ជាក់​ថា «ឆ្នាំ ២០២៣ គឺជា​ឆ្នាំ​ដែល​មាន​សីតុណ្ហភាព​ក្តៅ​ជាងគេ​បំផុត​ក្នុង​កំណត់ត្រា»។ របាយការណ៍​នេះ​បាន​បញ្ជាក់​ថា សីតុណ្ហភាព​ជា​ធម្យម​ប្រចាំ​ឆ្នាំ​នៅ​លើ​ពិភពលោក​កើន​ដល់​ជិត ១,៥ អង្សាសេ​លើស​ពី​កម្រិត​សម័យ​មុន​ឧស្សាហកម្ម។

របាយការណ៍​នេះ​បាន​កត់សម្គាល់​ថា កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​អំពាវនាវ​ឱ្យ​មាន​ការ​ទប់​កំណើន​សីតុណ្ហភាព​នៅ​លើ​ពិភពលោក​នៅ​ត្រឹម​ក្រោម ២ អង្សាសេ​លើស​ពី​កម្រិត​មុន​សម័យ​ឧស្សាហកម្ម​នៅ​ក្នុង​សតវត្សរ៍​នេះ។

អ្នកស្រី Saulo បាន​និយាយ​ថា៖ «ការ​ប្រែប្រួល​អាកាសធាតុ​គឺជា​ឧបសគ្គ​ដ៏​ធំ​បំផុត​ដែល​មនុស្ស​ជាតិ​ប្រឈម។ វា​មាន​ផល​ប៉ះពាល់​លើ​យើង​ទាំងអស់​គ្នា ជាពិសេស​ក្រុម​ជន​ងាយ​រងគ្រោះ​បំផុត។យើង​មិន​អាច​រង់ចាំ​យូរ​បាន​ទៀតទេ។ យើង​បាន​ចាត់​វិធានការ​រួចហើយ តែ​យើង​ត្រូវ​ធ្វើ​បន្ថែម​ទៀត​និង​ធ្វើ​វា​ឱ្យ​បាន​លឿន»។

អ្នកស្រី​បាន​កត់សម្គាល់​ថា៖ «ដោយសារ​ខ្ញុំ​មកពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ខ្ញុំ​ពិតជា​យល់​អំពី​ភាព​ចាំបាច់​ក្នុងការ​ធ្វើ​សកម្មភាព​បន្ថែម​ទៀត​ដើម្បី​ផ្តល់​អាទិភាព​ដល់​សេចក្តី​ត្រូវការ​របស់​ក្រុម​ជន​ងាយ​រងគ្រោះ​បំផុត»។

អ្នកស្រី​បាន​ព្រមាន​ថា វិបត្តិ​អាកាសធាតុ​បាន​ធ្វើ​ឱ្យ​វិបត្តិ​វិសមភាព​កាន់តែ​អាក្រក់​ជាង​មុន និង​ធ្វើឱ្យ​អន្តរាយ​ដល់​កិច្ច​ប្រឹងប្រែង​ដោះស្រាយ​ភាព​ក្រីក្រ ភាព​ស្រេកឃ្លាន បញ្ហា​សុខភាព​មិន​ល្អ បញ្ហា​ផ្លាស់​ទី​ដោយ​បង្ខំ និង​បញ្ហា​រេចរឹល​បរិស្ថាន។

ដោយ​ទទួលស្គាល់​ថា​ការ​សម្របតាម​នេះ​ត្រូវតែ​ធ្វើ​ឡើង​ស្របគ្នា​ជាមួយ​នឹង​ការ​កាត់​បន្ថយ​ហានិភ័យ អ្នកស្រី Saulo បាន​ពោល​ថា កម្មវិធី​ឃ្លាំមើល​ឧស្ម័ន​ស្រូប​កម្ដៅ​លើ​ពិភពលោក​របស់​អង្គការ WMO អាច​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​ដ៏​ត្រឹមត្រូវ​និង​ទូលំទូលាយ​ដល់​តំបន់​និង​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​អំពី​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ។

អ្នកស្រី​បាន​ហៅ​អង្គការ WMO ថា​ជា​អង្គការ​មួយ​ដែល​ជំរុញ​ឡើង​ដោយ​ប្រទេស​ជា​សមាជិក។ ដោយសារតែ​ហេតុ​នេះ​ហើយ អ្នកស្រី​បាន​និយាយ​ថា​វា​ជា​ការ​សំខាន់​ដែល​អង្គការ WMO ត្រូវ​យល់​និង​អនុវត្ត​តាម​តម្រូវការ​ជា​អាទិភាព​របស់​ប្រទេស​និង​ដែនដី​ជា​សមាជិក​ទាំង ១៩៣ របស់​ខ្លួន។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «សម្រាប់​ខ្ញុំ ការ​អនុវត្ត​មាន​សារៈសំខាន់​ចំពោះ​អ្វី​ទាំងអស់​ដែល​យើង​ធ្វើ។ ប្រសិនបើ​យើង​បរាជ័យ​ក្នុង​ការ​អនុវត្ត យើង​ក៏​នឹង​ធ្វើឱ្យ​ពិភពលោក​បរាជ័យ​ផងដែរ»។

ប្រធាន​អង្គការ WMO រូប​នេះ​បាន​បន្ថែម​ថា៖ «សម្រាប់​ខ្ញុំ ការ​បង្ហាញ​លទ្ធផល​ជាក់លាក់​នៃ​អ្វី​ដែល​យើង​ធ្វើ​គឺជា​ចំណុច​ស្នូល​នៃ​អាណត្តិ​របស់​ខ្ញុំ»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG