ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​​អង្គការ​ Peace Corps​ ​​នឹង​មាន​ដំណើការ​លើកដំបូង​ក្នុង​ប្រទេស​វៀតណាម​


រូបឯកសារ៖ នាង Jane Lien ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​តៃវ៉ាន់​បាន​ទៅ​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ជាមួយ​​អង្គការ​ Peace Corps នៅ​ប្រទេស​ហ្វីលីពីន។
រូបឯកសារ៖ នាង Jane Lien ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​តៃវ៉ាន់​បាន​ទៅ​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ជាមួយ​​អង្គការ​ Peace Corps នៅ​ប្រទេស​ហ្វីលីពីន។

អង្គការ ​Peace Corps​ នឹង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​វៀតណាម​ជា​លើក​ដំបូង​ ដោយសារ​ការ​ផ្តើម​គំនិត​បើក​ការ​ទាក់ទង​ដោយ​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ជាមួយ​ប្រទេសជាតិ​នេះ​ក្នុង​ទ្វីបអាស៊ី​អាគ្នេយ៍។​

នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​វៀតណាម លោក អូបាម៉ា​បាន​សុំ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​ឱ្យ​បើក​ឱ្យ​អង្គការ​ស្ម័គ្រចិត្ត​នេះ​ចាត់​ចែង​កម្មវិធី​មួយ​នៅ​ទីនោះ​ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​បង្រៀន​ភាសា​អង់គ្លេស។​

រដ្ឋាភិបាល​នៃ​ប្រទេស​វៀត​ណាម​បាន​យល់​ព្រម​តាម​សំណើ​សុំ​នេះ ដែល​ជា​ទីបញ្ចប់​នៃ​កិច្ច​ខិតខំប្រឹង​ប្រែង​ជា​ច្រើន​ឆ្នាំ​ដោយ​អង្គការ​ Peace Corps​ ដើម្បី​ឱ្យ​បាន​ចូល​ក្នុង​ប្រទេស​នេះ។ កាល​ពីឆ្នាំ​២០១២ ​លោក​ Aaron Williams ដែល​កាល​នោះ​ជា​នាយក​នៃ​អង្គការ ​Peace Corps​ បាន​ទៅ​ទស្សនា​ប្រទេស​វៀតណាម​បី​ថ្ងៃ​ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ចាត់​ចែង​កម្មវិធី​នៅ​ទី​នោះ។​

លោក​ប្រធានាធិបតី​ អូបាម៉ា​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពីថ្ងៃ​ចន្ទ​នៅ​ក្នុង​រដ្ឋធានី​ហាណូយ​ថា៖ «ខ្ញុំ​មានការ​ពេញ​ចិត្ត​ខ្លាំង​ណាស់​ដែល​ជា​លើក​ដំបូង​អង្គការ ​Peace Corps​ នឹង​មក​កាន់​ប្រទេស​វៀតណាម។ ពួក​អ្នក​ស្ម័គ្រ​ចិត្ត​នៃ​អង្គការ​ Peace Corps ​របស់​យើង​នឹង​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្រៀន​ភាសា​អង់គ្លេស​ ហើយ​មិត្តភាព​ដែល​ប្រជារាស្ត្រ​របស់​យើង​បាន​ធ្វើ​ឱ្យ​មាន​ឡើង​នឹង​នាំ​ឱ្យ​យើង​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​គ្នា​ជាងមុន​ក្នុង​ពេល​ជា​ច្រើន​ទសវត្សរ៍ខាង​មុខ»។

អង្គការ Peace Corps ​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ ខ្លួន​បាន​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​ហើយ​ដើម្បី​រៀបចំ​បញ្ចប់​និង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងមួយ​ដើម្បី​បង្កើត​កម្មវិធីនេះ។ អង្គការ​ស្ម័គ្រ​ចិត្ត​នេះ​បាន​ថ្លែង​ថា​វាជា​ឱកាស​មួយ​សម្រាប់​ប្រទេស​ទាំង​ពីរ​របស់​យើង​បន្ត​អភិវឌ្ឍ​ការ​ទាក់​ទង​គ្នា​មួយ​ដែល​ខ្លាំង​និង​ឋិតថេរ​ និង​ពង្រឹង​ថែម​ទៀត​នូវ​ចំណង​ទាក់​ទង​គ្នា​រវាង​ប្រជារាស្ត្រ​និង​ប្រជារាស្ត្រ។

បន្ថែម​ពីលើ​ការ​សិក្សា​អប់រំ ​ពួក​អ្នកស្ម័គ្រ​ចិត្ត​នៃអង្គការ ​Peace Corps​ ចំណាយ​ពេល​២៧​ខែ​នៅ​ក្នុង​ប្រទេស​ដែល​ទទួល​ពួក​គេ​ឱ្យ​ស្នាក់​អាស្រ័យ​ដើម្បី​ជួយ​ក្នុង​វិស័យ​កសិកម្ម ការអភិវឌ្ឍ​សហគមន៍ បរិស្ថាន សុខភាព​និង​វិស័យ​យុវជន។

លោក​ប្រធានាធិបតី​ John F. Kennedy ​បាន​បង្កើត​អង្គការ​ Peace Corps ​កាល​ពី​ឆ្នាំ​១៩៦១​ ដើម្បី​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​សន្តិភាព​ពិភពលោក​និង​មិត្តភាព។ ចាប់​តាំង​ពី​ពេល​នោះ​មក មាន​អ្នក​ស្ម័គ្រចិត្ត​អាមេរិកាំង​២២០.០០០​នាក់​បាន​បម្រើការ​នៅ​ក្នុង​ប្រទេស​១៤១៕

XS
SM
MD
LG