មេបញ្ជាការថ្មីនៃកងនាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកប្រចាំនៅមហាសមុទ្រប៉ាស៊ីហ្វិកកំពុងព្យាយាមស្តារជាថ្មីនូវការជឿទុកចិត្តពីសំណាក់សម្ព័ន្ធមិត្តក្នុងតំបន់ទ្វីបអាស៊ីថា កងកម្លាំងយោធាសហរដ្ឋអាមេរិកនឹងបន្តធ្វើនយោបាយរក្សាតុល្យភាពអំណាចនៅអាស៊ីខណៈពេលមានក្តីបារម្ភជុំវិញការពង្រីកកងទ័ពជើងទឹករបស់ចិននៅក្នុងដែនសមុទ្រ។
ចាប់តាំងពីលោកនាយឧត្តមនាវី Scott Swift ចូលកាន់តំណែងកាលពី៣ខែមុនជាមេបញ្ជាការនៅឯកងនាវាប្រចាំនៅតំបន់ប៉ាស៊ីហ្វិក លោកបានធ្វើដំណើរទៅកាន់ ប្រទេសហ្វីលីពីន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងម៉ាឡេស៊ី ដើម្បីជួបជាមួយសមភាគីកងទ័ពជើងទឹករបស់ប្រទេសទាំងនោះ។
មុននឹងលោកធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី លោកនាយឧត្តមនាវីបាននិយាយជាមួយនឹងក្រុមអ្នកយកព័ត៌មានតាមរយៈទូរស័ព្ទ នៅពេលលោកកំពុងស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
លោកនាយឧត្តមនាវីរូបនេះបានទទួលស្គាល់ថា រាល់កន្លែងដែលលោកបានធ្វើដំណើរទៅដល់នោះ សុទ្ធតែមានការភ័យបារម្ភខ្លាំងអំពីទំហំនិងវិសាលភាពនៃសកម្មភាពចាក់ដីពង្រីកនិងស្ថាបនាកោះសិប្បនិម្មិតរបស់រដ្ឋាភិបាលចិននៅក្នុងដែន សមុទ្រចិនខាងត្បូង។
«ពួកគេទាំងអស់បានបង្ហាញពីការព្រួយបារម្ភនិងភាពមិនប្រាកដប្រជាអំពីអ្វីដែលនឹងកើតមានឡើងនាពេលអនាគត។ ប៉ុន្តែខ្ញុំគិតថា អ្វីដែលសំខាន់បំផុតនោះគឺ ការរួបរួមគ្នាជាពហុភាគី និងរកវិធីក្នុងការផ្សះផ្សាការខ្វែងគំនិតគ្នានៅក្នុងតំបន់ ក្នុងការទាមទារដោយលក្ខណៈវិជ្ជមាន និងមិនអនុញ្ញាតឲ្យមានការប្រើការបង្ខិតបង្ខំ ឬកម្លាំងយោធា ជាឈ្នាន់ក្នុងការដោះស្រាយជម្លោះដើម្បីឲ្យមានប្រយោជន៍ដល់ភាគីណាមួយនោះទេ»។
VOA បានសាកសួរលោកនាយឧត្តមនាវី Swift អំពីមន្ទិលរបស់សម្ព័ន្ធមិត្តចំពោះការប្តេជ្ញារបស់យោធាសហរដ្ឋអាមេរិក ក្នុងការរក្សាគោលនយោបាយធ្វើឲ្យមានតុល្យភាពអំណាចនិងវត្តមាននៅក្នុងតំបន់ប៉ាស៊ីហ្វិក ឬហៅថា Pacific Pivot ដែលខ្លួនបានផ្សព្វផ្សាយយ៉ាងច្រើននោះ។
«(ការភ័យបារម្ភរបស់សម្ព័ន្ធមិត្តនេះ) មិនឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាពរបស់សហរដ្ឋអាមេរិកប៉ុន្មានទេក្នុងការគាំទ្រការផ្តោតជាថ្មីនេះ។ សំខាន់ជាងនេះ វាហាក់ដូចជាការឆ្លុះបញ្ចាំងឲ្យឃើញពីការព្រួយបារម្ភជុំវិញបញ្ហានេះច្រើនជាង ដូចដែលលោកបានដឹងហើយថា ប្រទេសជាច្រើនកំពុងតែព្រួយបារម្ភថា តើនឹងមានអ្វីកើតឡើងនាពេលអនាគត។ ហើយប្រទេសទាំងនេះជាច្រើនបានងាកមករកសហរដ្ឋអាមេរិក ដែលជាប្រទេសដែលអាចធានាបាននូវស្ថិរភាពដែលពួកគេធ្លាប់មាននៅក្នុងតំបន់ ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ»។
ផែនការយុទ្ធសាស្ត្រមេទាក់ទងនឹងសន្តិសុខសមុទ្ររបស់ក្រសួងការពារប្រទេសអាមេរិក ចេញផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញថា ៦០ភាគរយនៃគ្រឿងសព្វាវុធរបស់កងទ័ពជើងទឹក និងកងទ័ពអាកាសនឹងត្រូវដឹកទៅដល់តំបន់អាស៊ីប៉ាស៊ីហ្វិកត្រឹមឆ្នាំ២០២០។ ប្រទេសជប៉ុននឹងជាមូលដ្ឋានដ៏សំខាន់ជាមួយ ហើយកោះ Guam ដែលជាមណ្ឌលយុទ្ធសាស្ត្រដ៏សំខាន់មួយ ហើយនឹងមានការធ្វើជាដៃគូជាមួយនឹងប្រទេសវៀតណាម និងឥណ្ឌា ដែលប្រទេសទាំងពីរជារបស់គូប្រជែងជាមួយនឹងប្រទេសចិន។ ហើយប្រតិបត្តិការយោធារួមនឹងត្រូវបានពង្រីកជាមួយប្រទេស ឥណ្ឌូណេស៊ី ជប៉ុន និងម៉ាឡេស៊ី។
លោកនាយឧត្តមនាវីថ្លែងថា ផែនការនោះនឹងអាចធានាបានឡើងវិញនូវការប្តេជ្ញាចិត្តរបស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះ។
«មានឧទាហរណ៍ជាច្រើនដែលមិនមែនតែអំពីសមត្ថភាពក្នុងពង្រាយទ័ពជួរមុខប៉ុណ្ណោះទេ ប៉ុន្តែអំពីប្រសិទ្ធភាពផងដែរ»។
លោកនាយឧត្តមនាវីជើងទឹក Swift ថ្លែងថា លោកមានបំណងចង់ធានាថា កងនាវានៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកគឺជា «កងកម្លាំងដែលមានជម្រើសទី១ក្នុងការឆ្លើយតបទៅឧបទ្ទវហេតុដែលអាចនឹងកើតឡើងនៅក្នុងតំបន់នោះ»។
លោកនាយឧត្តមនាវីដែលកាលពីមុន លោកកាន់កាប់នៅកងនាវាទី៧ ដែលជាមូលដ្ឋានទ័ពនៅជប៉ុននិងកូរ៉េខាងត្បូង ក៏កំពុងបង្ហាញអំពីក្តីសង្ឃឹមក្នុងការពង្រីកទំនាក់ទំនងជាមួយកងនាវារបស់ចិន និងឆ្មាំសមុទ្រ ដើម្បីព្យាយាម «កាត់បន្ថយកត្តាដែលបង្កអស្ថិរភាពនៅក្នុងតំបន់»៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា