ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពន្ធគយ​ថ្មី​របស់​ស.រ.អា.​និង​ចិន​លើ​ទំនិញ​នាំ​ចេញ​របស់​ខ្លួន​ចាប់​ផ្តើម​ចូល​ជា​ធរមាន


រូបឯកសារ៖ អតិថិជន​នៅ​ជិត​ហាង​លក់​ប្រដាប់​ក្មេង​លេង​របស់​ក្រុម​ហ៊ុន​អាមេរិក​ Hasbro នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាល​ពី​ខែ​ឧសភា ២០១៩។
រូបឯកសារ៖ អតិថិជន​នៅ​ជិត​ហាង​លក់​ប្រដាប់​ក្មេង​លេង​របស់​ក្រុម​ហ៊ុន​អាមេរិក​ Hasbro នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាល​ពី​ខែ​ឧសភា ២០១៩។

សហរដ្ឋ​អាមេរិក និង​​ប្រទេស​ចិន​បាន​ដាក់​ពន្ធ​គយ​ថ្មី​ទៅ​វិញ​ទៅ​មក​លើ​ទំនិញ​នាំ​ចេញ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ។ ​នេះ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​ចុង​ក្រោយ​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​យ៉ាង​វែង​អន្លាយ​ និង​ស្វិត​ស្វាញ​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​ទាំង​ពីរ​ក្នុង​ពិភព​លោក។

លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​បាន​យក​ពន្ធ ១៥ ភាគរយ​លើ​ផលិតផល​នាំ​ចេញ​របស់​ចិន​ដែល​មាន​តម្លៃ​ប្រហែល​ ១១២ ​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ ពន្ធ​គយថ្មី​នេះ​ទំនង​ជា​នឹង​បណ្តាល​ឲ្យ​ពល​រដ្ឋអាមេរិកាំង​ចំណាយ​ប្រាក់​លើស​មុន​លើ​ការ​ទិញ​ម្ហូប​អាហារ ឧបករណ៍​កីឡា សម្លៀក​បំពាក់​កីឡា ឧបករណ៍​ភ្លេង​និង​គ្រឿង​សង្ហារិម​ មួយ​ចំនួន។

នៅ​ពេល​ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចាប់​ផ្តើម​បន្ថែម​ពន្ធគយ​ចំនួន ​៥​ និង​ ១០ ភាគរយ​លើ​ទំនិញ​នាំ​ចេញ​របស់​អាមេរិក ទៅ​លក់​នៅ​ប្រទេស​ចិន ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ​៧៥​ពាន់​លាន​ដុល្លារ ដែល​ចិន​បាន​និយាយ​ថា ​ខ្លួន​បាន​ធ្វើ​បែប​នេះ​ ដើម្បី​សង​សឹក​ទៅ​ក្នុង​សង្គ្រាម​ពន្ធគយ​ ជា​មួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន។ ដើម​ដំបូង ​ប្រទេស​ចិន​បាន​និយាយ​ថា ​ការ​នាំ​ចេញ​ពោត ថ្លើម​ជ្រូក ថ្ម​ម៉ាប​ និង​សំបក​កង់ ស្ថិត​នៅ​ក្នុង​ចំណោម​មុខ​ទំនិញ​ជាង​១៧.០០០​ ដែល​ខ្លួន​នឹង​យក​ពន្ធ។

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ​លោក​ប្រធានាធិបតី ត្រាំ បាន​ច្រាន​ចោល​នូវ​ការ​ពន្យារ​ពេល​ណា​មួយ​លើ​ការ​ដាក់​ពន្ធ​គយ​ថ្មី លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន។ នៅ​ពេល​ដែល​ពន្ធ​គយ​ទាំង​នោះ​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​អាទិត្យ ​លោក​ ត្រាំ​ បាន​ប្រកាស​ថា ​«យើង​មិនអាច​អនុញាត​ឲ្យ​ចិន​កេង​ប្រវ័ញ្ច​លើ​យើង​តទៅ​ទៀត​ទេ»។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​របស់​ចិន​ Xinhua ​បាន​រាយការណ៍​ថា៖ «ស.រ.អា.​គួរ​តែ​រៀន​អំពី​វិធី​ដើរ​តួរ​ជា​មហា​អំណាច​ពិភព​លោក​មួយ ដែល​មាន​ការ​ទទួល​ខុស​ត្រូវ ​ហើយ​ឈប់​ធ្វើ​ដូច​សិស្ស​សាលា​ម្នាក់​ ដែល​ដើរ​រក​រឿង​គេ​ឯង។ ក្នុង​នាម​ជាម​ហា​អំណាច​ពិភព​លោក​តែ​មួយ​គត់ អាមេរិក​ត្រូវ​តែ​ជួយ​ធ្វើ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ​ហើយ​ចូល​រួម​ជា​មួយ​ប្រទេស​ឯ​ទៀត ក្នុង​ការ​ធ្វើ​ឲ្យ​ពិភព​លោក​នេះ​ក្លាយ​ជា​កន្លែង​មួយ​ដែល​ល្អ​ប្រសើរ​ជាង និង រីក​ចម្រើន​ជាង​សព្វ​ថ្ងៃ។ រហូត​ដល់​ពេល​នោះ​ទើប​ប្រទេស​អាមេរិក អាច​ខ្លាំង​មហិមា​ជា​ថ្មី​ម្តង​ទៀត‍»។

ក្រុម​អ្នក​ចរចា​សម្រាប់​ប្រទេស​ទាំង​ពីរ​ កំពុង​រៀប​ចំការ​ចរចា​ពាណិជ្ជកម្ម​របស់​ពួកគេ​ឡើង​វិញ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ខែ​កញ្ញា​នេះ ទោះ​ជា​គ្មាន​សញ្ញា​អ្វី​មួយ​ដែល​ថា​ភាគី​ទាំង​សង​ខាង​ អាច​យល់​ស្រប​គ្នា ​ក្រោយ​ពីការ​ពិភាក្សា​គ្នា​ចុះ​ឡើង​អស់​រយៈពេល​រាប់​ខែ ​និង ​ការ​ប្រកាសម្តង​ម្កាល ​អំពី​ការ​បង្កើន​ពន្ធ​គយ។ លោក​ ត្រាំ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «យើង​កំពុង​តែ​សន្ទនា​ជាមួយ​ចិន។ កិច្ច​ប្រជុំ​បាន​គ្រោង​ឡើង។ មាន​ការ​សន្ទនាតាម​ទូរស័ព្ទ។ ខ្ញុំ​គិត​ថាកិច្ច​ប្រជុំ​ក្នុង​ខែ​កញ្ញា នឹង​ធ្វើ​ឡើង​ដូច​ការ​គ្រោង​ទុក។ មិន​មាន​ការ​លប់​ចោល​ទេ។​ យើង​ចាំ​មើល​សិន»។‍

លោក ​ត្រាំ ​បាន​ប្រកាស​ផែនការបន្ថែម​ពន្ធ​គយ​១៥​ភាគ​រយ លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​ ៣០០ ​ពាន់​លាន​ដុល្លារ​ ប៉ុន្តែ​បាន​ពន្យារ​ពេលការ​តម្លើង​ពន្ធ​គយ​លើ​ទំនិញ​ជា​ច្រើន​មុខ​ រហូត​ដល់​ថ្ងៃ​ទី​១៥​ធ្នូ ដើម្បី​កុំ​ឲ្យ​ពល​រដ្ឋ​អាមេរិកាំង​ទិញ​ទំនិញ​ដែលថ្លៃ​ជាង ក្នុង​រដូវ​បុណ្យទាន​បុណ្យ​ណូអែល​ នៅ​ចុង​ឆ្នាំ។

លោក​ ត្រាំ បាន​អះ​អាង​ខុស​ថា​ ប្រទេស​ចិន​ជា​អ្នក​ចេញ​ថ្លៃ​ពន្ធ​គយ​ដែល​លោក​បាន​ដាក់ ​ក៏​ប៉ុន្តែ​ការ​ពន្យា​ពេល​របស់​លោក លើ​ពន្ធគយ​ថ្មី ជា​ការ​ទទួល​ស្គាល់ស្ងាត់ៗ​ថា ក្រុមហ៊ុន​អាមេរិកាំង​ដែល​បង់​ពន្ធគយ​នោះ​តែង​តែផ្ទេរ​ការ​ចំណាយ​លើស​ដើម​របស់​ខ្លួន​ទៅឲ្យ​អ្នក​ទិញ​ទំនិញ។

ក្រុម​ហ៊ុន​អាមេរិកាំង​ និង​ក្រុម​អ្នក​ជំនួញ​រាប់​រយ​បាន​ត្អូញ​ប្រាប់​លោក​ ត្រាំ​ អំពីការ​តម្លើង​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូល​របស់​ចិន​ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា ​ពួក​អ្នក​ត្អូញ​ត្អែរ​ទាំង​នោះ មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នោះ​ខ្លះ​ដែរ។

លោក​ត្រាំ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter ​ថា៖ «បណ្តា​ក្រុម​ហ៊ុន​ដែល​ចាត់​ចែង​មិន​ល្អ និង ខ្សោយ កំពុង​តែ​ធ្វើ​ជា​បន្ទោស​ពន្ធគយ​តិច​តួចនេះ ជា​ជាង​បន្ទោស​ខ្លួន​ឯង​ចំពោះ​ការ​ចាត់​ចែង​មិន​ល្អ​ក្នុង​ក្រុមហ៊ុន។ ហើយ​តើ​អ្នក​ណា​អាច​បន្ទោស​ពួក​គេ​ចំពោះ​ការ​ធ្វើ​បែប​នេះ? ចេះ​តែ​រកលេស!‍»

នៅ​ថ្ងៃ​ទី​១​ តុលា ​លោក​ត្រាំ​ក៏​នឹង​តម្លើង​ពន្ធ​គយ​ពី​២៥ ​ទៅ៣០ភាគរយ លើ​ទំនិញនាំ​ចូល​ពី​ប្រទេស​ចិន ដែល​មាន​ទឹក​ប្រាក់​ ២៥០ ​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ផង​ដែរ។ សារុប​ទៅ បើ​សិនជា​បូក​សារុប​ជាមួយការតម្លើង​ពន្ធគយនៅ​ខែ​ធ្នូ​ខាង​មុខ​នេ ទំនិញ​ទាំង​អស់​ដែលចិន​នាំ​ចូល​មក​លក់​នៅ​ប្រទេសអាមេរិក ទាំង​អស់​ដែល​មាន​ទឹក​ប្រាក់​ចំនួន​ ៥៥០ ​ពាន់​លាន​ដុល្លារ នឹង​ត្រូវ​បង់​ពន្ធ​គយ​ទាំង​អស់។

ការ​តម្លើង​ពន្ធគយភ្លាម​ៗ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ​ប៉ះ​ពាល់​ដល់​ទំនិញចិន​ជា​ច្រើន​ប្រភេទ​ ដូច​ជា​ទឹក​ប៉េង​ប៉ោះ​ សាច់​ជ្រូក​សាច់​គោ សាច់​ក្រក​ ផ្លែ​ឈើ បន្លែ​បង្កា ទឹក​ដោះ​គោ ហ្រូម៉ាស​ ក៏​ដូច​ជា​ឧបករណ៍​កីឡា ដូច​ជា​ដំបង​វាយ​កូន​ហ្គោល​ និង​កង់​ជាដើម។ ការ​តម្លើង​ពន្ធ​គយ​នេះ នឹង​នាំ​ឲ្យ​វាយនភ័ណ្ណ​ ហើយ​និង​សម្លៀក​បំពាក់​ចំនួន ៨៧​ភាគរយ ព្រម​ទាំង​ស្បែក​ជើងចំនួន៥២​ភាគ​រយ ដែល​អាមេរិទិញ​ពី​ប្រទេស​ចិន ត្រូវ​ឆ្លង​កាត់​ការ​បង់​ព​ន្ធ​គយ​ដែរ៕

ប្រែសម្រួល​ដោយ ប៉ូច រាសី

XS
SM
MD
LG