គណៈកម្មាធិការសភាដែលស៊ើបអង្កេតកុបកម្មថ្ងៃទី ៦ខែមករានៅវិមានសភាសហរដ្ឋអាមេរិក(Capitol) កាលពីឆ្នាំមុនគ្រោងនឹងស្តាប់សក្ខីកម្មនៅថ្ងៃអង្គារដែលភ្ជាប់ក្រុមស្តាំនិយមជ្រុលទៅនឹងការបះបោរ ខណៈពួកគេព្យាយាមរារាំងការបញ្ជាក់ពីជ័យជម្នះរបស់លោក Joe Biden ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ឈ្នះលោកDonald Trumpដែលកំពុងកាន់តំណែងនាពេលនោះ។
គណៈកម្មាធិការសភាតំណាងរាស្រ្តមិនទាន់និយាយថា អ្នកណានឹងផ្តល់សក្ខីកម្មនៅក្នុងសវនាការចុងក្រោយដែលគេចាប់អារម្មណ៍ច្រើននេះទេ ប៉ុន្តែសាក្សីម្នាក់ត្រូវគេរំពឹងថា គឺលោកJason Van Tatenhove ដែលហៅខ្លួនឯងថាជា«អ្នកឃោសនា»ដើម្បីOath Keepers ដែលជាកងជីវពលប្រឆាំងរដ្ឋាភិបាល។ សមាជិកក្រុមនេះនៅក្នុងចំណោមអ្នកគាំទ្រលោក Trump ប្រហែល២ពាន់នាក់ដែលបានសម្រុកចូលវិមានសភា។
សក្ខីកម្មផ្សេងទៀតត្រូវគេរំពឹងថា នឹងផ្តោតលើតួនាទីរបស់ Proud Boys ដែលជាក្រុមហ្វាស៊ីសបែបថ្មី។ មេដឹកនាំចំនួនប្រាំនាក់របស់ក្រុមនេះត្រូវបានចោទប្រកាន់ពីបទសមគំនិតបំបះបំបោរពាក់ព័ន្ធនឹងការបះបោរនៅវិមានសភា ហើយកំពុងរង់ចាំការកាត់ទោសនៅចុងឆ្នាំនេះ។ ការចោទប្រកាន់ដូចគ្នានេះត្រូវបានធ្វើឡើងប្រឆាំងក្រុម Oath Keepers ចំនួន១១នាក់ ដែលបីនាក់បានសារភាពកំហុសរួចហើយ។ លោក Trump បានចំអកដល់ការស៊ើបអង្កេតរបស់គណៈកម្មាធិការនេះ ដោយហៅសមាជិកចំនួនប្រាំបួននាក់ដែលមាន អ្នកប្រជាធិបតេយ្យប្រាំពីរ នាក់និងអ្នកសាធារណរដ្ឋពីរនាក់ដែលប្រឆាំងនឹងលោក នោះថា «ជាចោរនយោបាយ និងអ្នកលួចស្តាប់»។
បញ្ហាប្រឈមរបស់ក្រុមស៊ើបអង្កេតគឺត្រូវបង្ហាញពីទំនាក់ទំនងដែលក្រុមជ្រុលនិយមមានជាពិសេសជាមួយលោក Trump ហើយនឹងទំនាក់ទំនងលម្អិតបន្ថែមទៀតដែលពួកគេមានជាមួយសហការីផ្នែកនយោបាយរបស់លោកនៅពេលដែលលោកបានស្វះស្វែងរក្សាអំណាចដោយបដិសេធការរាប់សន្លឹកឆ្នោតជាផ្លូវការម្តងមួយរដ្ឋៗដែល បង្ហាញថា លោក Biden បានឈ្នះនោះ។
ចំណុចស្នួលនៃសវនាការគឺសារតាមTwitter ដែលលោកTrump ផ្ញើទៅកាន់អ្នកគាំទ្រលោករាប់លាននាក់នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០ ដោយនិយាយថា «តាមស្ថិតិមិនអាចចាញ់ការបោះឆ្នោតឆ្នាំ២០២០បានទេ។ មានការតវ៉ាដ៏ធំនៅរដ្ឋធានីនៅថ្ងៃទី៦ខែមករា។ សូមទៅនៅទីនោះ ហើយក្លាហានឡើង!"
សមាជិករដ្ឋសភាលោក Jamie Raskin សមាជិកគណៈកម្មាធិការដែលនឹងដោះស្រាយចម្ងល់ជាច្រើននៅថ្ងៃអង្គារនេះបានប្រាប់បណ្តាញព័ត៌មានCBS Newsថា «ជាការណ៍ពិតណាស់ លោក Donald Trump គឺជាមនុស្សស្នូលដែលបានកំណត់សកម្មភាពគ្រប់យ៉ាង។ លោកគឺជាមនុស្ស ... ដែលបានកំណត់យកថ្ងៃទី ៦ ខែមករាជាកាលបរិច្ឆេទសម្រាប់ការតវ៉ាដ៏ធំ ហើយលោកបានប្រកាសដូច្នេះនៅក្នុង Twitter របស់ លោកនៅពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៩ខែធ្នូ បន្ទាប់ពីការប្រជុំឆ្កួតមួយ(ជាមួយជំនួយការនយោបាយ) ដែលត្រូវបានពិពណ៌នាថា ជាការប្រជុំដ៏ឆ្កួតបំផុតនៅក្នុងតំណែងប្រធានាធិបតីរបស់លោកTrumpទាំងមូល៕