លោកឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងថាកិច្ចការពិសេសរបស់លោកសម្រាប់បេសកម្មនៅក្នុងប្រទេសកម្ពុជា គឺជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកឲ្យកាន់តែប្រសើរឡើង។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ VOA កាលពីថ្ងៃពុធនេះ លោកឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក William Heidt (វិល្លាម ហែដ) បានឲ្យដឹងថា មានឱកាសជាច្រើនសម្រាប់កម្ពុជានិងសហរដ្ឋអាមេរិកក្នុងការរឹតចំណងមេត្រីភាពឲ្យកាន់តែប្រសើឡើង ជាពិសេសគឺផ្នែកពាណិជ្ជកម្ម។
លោក William Heidt បានថ្លែងថា៖
«ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានសំណាងណាស់ដែលបានមកកាន់ទីនេះ នៅកម្ពុជានេះ ចំពេលដែល មានឱកាសជាច្រើនសម្រាប់ឲ្យយើងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងរឿងជាច្រើន។ ដូច្នេះហើយ ខ្ញុំរំភើបណាស់ថានឹងអាចជួយឲ្យមានការជឿនលឿនទៅមុខលើផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ច។ ខ្ញុំក៏បានកត់សម្គាល់ផងដែរអំពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជននិងប្រជាជននៃប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក»។
លោក William Heidt ធ្លាប់បានធ្វើការជាមន្ត្រីសេដ្ឋកិច្ចនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩។ លោកអាចនិយាយភាសាខ្មែរនិងបានរៀបការជាមួយភរិយាដែលមានដើមកំណើតជាខ្មែរផងដែរ។ លោកថា លោកក៏នឹងធ្វើការផ្តោតលើបញ្ហាមួយចំនួនរួមទាំងសន្តិសុខស្បៀងក្នុងប្រទេសកម្ពុជា និងការការពារបរិស្ថានជាដើម។
លោក Heidt ថ្លែងថា លោកនឹងជួយជំរុញឲ្យមានកិច្ចព្រមព្រៀងនៃការបណ្តាក់ទុនទ្វេភាគីរវាងប្រទេសកម្ពុជានិងអាមេរិក ដើម្បីជំរុញឲ្យការវិនិយោគទុននៅរវាងប្រទេសទាំងពីរកាន់តែច្រើន។
«យើងគិតថា វានឹងអាចជួយប្រទេសកម្ពុជាទទួលបានការវិនិយោគផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ដែលអាចជួយដល់កម្ពុជាក្នុងការផលិតនិងនាំចេញទំនិញកម្រិតខ្ពស់ជាច្រើន ស្របតាមអ្វីដែលគេហៅថាក្របខ័ណ្ឌសង្វាក់ផលិតកម្មពិភពលោក (global value chains)»។
លោកបានបន្តថា នាពេលបច្ចុប្បន្នផលិតផលមួយអាចផលិតដោយមានកិច្ចសហប្រតិបត្តិការពីប្រទេសជាច្រើនលើពិភពលោក។
កម្ពុជាបាននាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកក្នុងតម្លៃជាង២.៨០០លានដុល្លារនាឆ្នាំ២០១៤ដែលធ្វើឲ្យអាមេរិកក្លាយជាប្រទេសដ៏បំផុតលើលោកដែលទទួលទិញផលិតផលពីកម្ពុជា។ ស្របគ្នានោះដែរ សហរដ្ឋអាមេរិកនាំចូលផលិតផលមកកម្ពុជាត្រឹមតែ៣២៨លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
លោក Heidt ថ្លែងថា កម្ពុជាគួរតែគិតគូរពីការចូលរួមជាសមាជិក កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ Trans-Pacific Partnership (TPP) ដែលមានសហរដ្ឋអាមេរិកជាអ្នកផ្តួចផ្តើមនោះ ដើម្បីបើកឲ្យមានទីផ្សារធំទូលាយបន្ថែមទៀតនាពេលអនាគត។
លោកឯកអគ្គរដ្ឋទូតពន្យល់ថា៖
«ការពិតទៅ យើងសង្ឃឹមថាក្រុមប្រទេសប្រជាជាតិអាស៊ាននឹងចូលរួម [TPP] នៅពេលណាមួយនាពេលអនាគត។ ខ្ញុំគិតថា វានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានឥទ្ធិពលមួយ។ វានឹងអាចជួយប្រទេសនានាឲ្យអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ ជាពិសេសប្រទេសកម្ពុជាដែលបានក្លាយជាប្រទេសដែលមានចំណូលមធ្យមនាពេលនេះ ហើយដែលប្រាថ្នាចង់នាំចេញផលិតផលដែលមានគុណភាពខ្ពស់ជាងមុនទៅកាន់ប្រទេសដទៃៗទៀតក្នុងពិភពលោក។ ខ្ញុំគិតថា វា [TPP] នឹងអាចជួយបានយ៉ាងច្រើន»។
កិច្ចសម្ភាសន៍ផ្តាច់មុខរវាងលោក Heidt និង VOA បានធ្វើឡើងជិតមួយសប្តាហ៍មុនពេលដែលថ្នាក់ដឹកនំានៃក្រុមប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងធ្វើដំណើរទៅជួបលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងធ្វើឡើងនាទីក្រុងលំហែកាយ Sunnylands នៃរដ្ឋកាលីហ្វ័រញ៉ា។ កិច្ចប្រជុំនេះនឹងផ្តោតលើទំនាក់ទំនងរវាងប្រទេសអាមេរិកនិងក្រុមប្រជាជាតិអាស៊ានដោយរួមទាំងបញ្ហាសន្តិសុខមួយចំនួនផងដែរ។
លោកឯកអគ្គរដ្ឋទូត Heidt មានប្រសាសន៍ថា នៅពេលនោះ កិច្ចប្រជុំផ្សេងទៀតដែលទាក់ទងនឹងការពង្រីកសេដ្ឋកិច្ចនិងការច្នៃប្រឌិតរបស់ធុរជនក៏នឹងត្រូវបានគេធ្វើឡើងផងដែរ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជាក៏បញ្ជាក់ពីភាពរីករាយដែលកម្ពុជានឹងចូលរួមជាមួយក្រុមប្រទេសអាស៊ានផ្សេងទៀតក្នុងកិច្ចប្រជុំកំពូលនៅ Sunnylandsនេះ ក៏ប៉ុន្តែកម្ពុជាក៏ចង់បានផងដែរនូវកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីមួយជាមួយសហរដ្ឋអាមេរិក។
«នេះគឺជាគោលបំណងនិងជាអ្វីដែលកម្ពុជាចង់បានផងដែរ។ យើងចង់បានការពង្រីងទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសជាមួយសហរដ្ឋអាមេរិក។ ហើយយើងក៏កំពុងតែពិចារណាថា តើត្រូវចូលរួមជាមួយ TPP ឬយ៉ាងណា»។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានងាកមករកនយោបាយការបរទេសមួយជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីប្រទេសចិនមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងតំបន់នេះ។ យ៉ាងណាក៏ដោយ លោក Heidt ថា សហរដ្ឋអាមេរិកមិនចង់ឲ្យប្រទេសកម្ពុជា«ជ្រើសរើសរវាងអាមេរិកឬចិននោះទេ» តែចង់ឲ្យកម្ពុជាទទួលបានសេដ្ឋកិច្ចដ៏រឹងមាំមួយ។
«ក្នុងនាមជាសេដ្ឋវិទូមួយរូប ខ្ញុំគិតថា នៅក្នុងជំហានបន្ទាប់ទៀតនៃការអភិវឌ្ឍរបស់កម្ពុជា សហរដ្ឋអាមេរិកនឹងជាដៃគូដ៏សំខាន់ណាស់សម្រាប់កម្ពុជា។ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច អាចជួយកម្ពុជាដើម្បីឈានទៅអភិវឌ្ឍវិស័យឧស្សាហកម្ម។ ដូច្នេះហើយបានជាសហរដ្ឋអាមេរិកជាភាពចាំបាច់សម្រាប់កម្ពុជា អញ្ចឹងវាជាកិច្ចការរបស់កម្ពុជាក្នុងការប្រើប្រាស់ចំណងការទូតជាមួយប្រទេសទាំងពីរ(ចិននិងអាមេរិក)ឲ្យមានប្រសិទ្ធភាព»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានទទួលស្គាល់ថា កម្ពុជាក៏កំពុងរកមើលប្រទេសដែលមានសក្ដានុពលខ្ពស់ខាងបច្ចេកវិទ្យានិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាលើសាកលលោក។
«ដូចអ្វីដែលយើងបានបញ្ជាក់ ទោះបីជាប្រទេសកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសចិន ក៏ប៉ុន្តែកម្ពុជាក៏ត្រូវការបង្កើនទំនាក់ទំនងល្អថែមទៀតជាមួយប្រទេសនានាលើសាកលលោកផងដែរ រួមទាំងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំសម្រាប់វិស័យវាយនភណ្ឌកាត់ដេររបស់ប្រទេសកម្ពុជា អញ្ចឹងវាជាការចាំបាច់ក្នុងការពង្រីងទំនាក់ទំនងសេដ្ឋកិច្ចថែមទៀតជាមួយសហរដ្ឋអាមេរិក។ វាគឺជាបំណងនិងក្តីសង្ឃឹមរបស់យើង»។
លោក គង់ ភោគ ប្រធានវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រកម្ពុជា បានប្រាប់ VOA ថា លោកមើលឃើញពីឱកាសនៃការពង្រីងទំនាក់ទំនងដ៏ល្អបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកក្នុងប្រទេសកម្ពុជានាចុងខែមករាកន្លងទៅនេះ។ ហើយវាគឺជាសញ្ញាមួយដែលបង្ហាញពីភាពប្រសើរឡើងនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដែលបង្កើតឲ្យមានភាពជឿជាក់រវាងគ្នានឹងគ្នានោះ។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ចន ឃែរី ក្នុងប្រទេសកម្ពុជា ប្រមុខការទូតអាមេរិករូបនោះក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកក៏ចង់ឃើញពីការីកចម្រើននៅក្នុងផ្នែកលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អផងដែរ។
លោកឯកអគ្គរដ្ឋទូត Heidt បានបញ្ចាក់ប្រាប VOA ក្នុងកិច្ចសម្ភាសកាលពីថ្ងៃពុធនេះថា វិស័យខាងលើនៅតែជាកិច្ចការចម្បងក្នុងបេសកម្មរបស់លោកនៅកម្ពុជា ក៏ប៉ុន្តែលោកជឿជាក់ថា វិស័យទាំងនោះនឹងមានភាពប្រសើរឡើងស្របពេលដែលសេដ្ឋកិច្ចកម្ពុជារីកចម្រើនឡើង។ លើសពីនេះទៀត អង្គការមិនមែនរដ្ឋភិបាលនៃប្រទេសកម្ពុជាកំពុងតែធ្វើការយ៉ាងល្អនៅក្នុងប្រទេសនេះ។
លោក William Heidt បានពន្យល់យ៉ាងដូច្នេះថា៖
«យើងសង្ឃឹមថា មួយជំហ៊ានម្តងៗ វានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាប្រសើឡើង។ ដូចគ្នានឹងសេដ្ឋកិច្ចកម្ពុជាដែរដែលនឹងអភិវឌ្ឍទៅមុខ យើងក៏សង្ឃឹមផងដែរថា ប្រជាធិបតេយ្យក៏នឹងអភិវឌ្ឍដូចសេដ្ឋកិច្ចផងដែរ។ ដូចគ្នានោះដែរ កម្ពុជាក៏ត្រូវតែព្យាយាមបន្តពង្រឹងប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ ខ្ញុំយល់ថា អង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាគឺបានធ្វើការងារយ៉ាងល្អរៀងៗខ្លួនរបស់ពួកគេក្នុងប្រទេសនេះ»៕