ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​គ្រប់គ្រង​ថ្មី​មួយ​របស់​ប្រទេស​តួកគី ដាក់​គោលដៅ​ទៅ​លើ​ព័ត៌មាន​តាម​អ៊ីនធឺណិត និង​ព័ត៌មាន​កម្សាន្ត


លោក​ប្រធានាធិបតី​តួកគី Tayyip Erdogan ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ក្នុង​ក្រុង​ស៊ីស្តង់ប៊ុល ប្រទេស​តួកគី កាលពី​ថ្ងៃទី៤ ខែមិថុនា​ ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​តួកគី Tayyip Erdogan ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ក្នុង​ក្រុង​ស៊ីស្តង់ប៊ុល ប្រទេស​តួកគី កាលពី​ថ្ងៃទី៤ ខែមិថុនា​ ឆ្នាំ២០១៩។

អ្នកផ្សព្វផ្សាយព័ត៌មានក្នុង​ប្រទេស​តួកគី​ស្ថិត​នៅ​ក្រោមការ​ត្រួតត្រា​ខ្លឹមសារ​យ៉ាងតឹងរឹង ដែល​ធ្វើឲ្យ​ការរិះគន់​រដ្ឋាភិបាល មាន​លក្ខណៈ​ពិបាក ឬមិន​អាច​ធ្វើ​បាន។

នៅក្នុង​ប្រទេស​តួកគី ការប្រមូល​ក្តោប​យក​អំណាច បាន​កើត​ឡើង​ដោយ​មាន​ការគ្រប់គ្រង​ក្នុង​លក្ខណៈ​បង្ខំ​ឲ្យ​ការផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត ការបង្ហាញ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ដែល​ទើបតែ​បង្កើត​ឡើង និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូរទស្សន៍​ តាម​អ៊ីនធឺណិត ដូចជា Netflix ស្ថិតនៅ​ក្រោម​ការត្រួតពិនិត្យ​របស់​រដ្ឋាភិបាល។

នៅ​ក្រោម​ច្បាប់​ថ្មី ដែល​ចូល​ជាធរមាន​នៅ​សប្តាហ៍​ទីមួយ​នៃ​ខែកញ្ញា ឆ្នាំ ២០១៩ នេះ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​អ៊ីនធឺណិត នឹង​ត្រូវ​បាន​រឹតបន្តឹង​ដោយ​ក្រុម​ឃ្លាំមើល​ការផ្សព្វផ្សាយ​របស់​រដ្ឋ ហៅ​កាត់​ថា RTUK ដែល​ត្រូវ​បាន​ត្រួតត្រា​ដោយ​សម្ព័ន្ធមិត្ត​របស់​លោក​ប្រធានាធិបតី​អភិរក្ស​និយម​លោក Recep Tayyip Erdogan។

ក្រុមអ្នករិះគន់ បាន​ទស្សន៍ទាយ​ថា ការត្រួតពិនិត្យ​ពី​សំណាក់​រដ្ឋាភិបាល​នឹង​មាន​បន្ថែម​ទៀត​នៅ​ក្រោម​ច្បាប់​ថ្មី​នេះ ដើម្បី​តាម​ឲ្យ​ទាន់​ការកើនឡើង​នៃ​ចំនួន​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ប្តូរ​ទិសដៅ​ប្រត្តិបត្តិការ​ទៅ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត។

លោក​សាស្រ្តាចារ្យ Yaman Akdeniz នៃ​សាកល​វិទ្យាល័យBilgi ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​បាន​ថ្លែង​ថា៖

«ពួកគេ​ដាក់គោលដៅ​ទៅ​លើ​ការផ្សព្វផ្សាយ​តាម​វិទ្យុ​និង​ទូរទស្សន៍​តាម​អ៊ីនធឺណិត និង​សេវាកម្ម​វីដេអូ​ដែល​អាច​មើល​ពេល​ណា​ក៏បាន ដោយ​ឲ្យ​ពួកគេ​សុំ​អាជ្ញាប័ណ្ណ​ដែល​គួរឲ្យ​សង្ស័យ​ពី​របប​នេះ ដែល​នៅក្នុង​ស្ថានភាព​ជាក់ស្តែង វា​នឹង​ក្លាយ​ទៅ​ជា​ឧបករណ៍​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល»។

ក្រុមឃ្លាំមើល​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ថ្លែង​ថា លោកErdogan បាន​ប្រើ​កណ្តាប់ដៃ​ដែក​ទៅ​លើ​ការផ្សព្វផ្សាយ​តាម​រលក​ធាតុអាកាស​រួច​ទៅ​ហើយ។ ជា​ការឆ្លើយតប ការផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​តាម​អ៊ីនធឺណិត​នៅ​ប្រទេស​តួកគី ក៏​បាន​ចាប់ផ្តើម​កើន​ឡើង ដោយ​អ្នកយកព័ត៌មាន​ជនជាតិ​តួកគី​ជាច្រើន បាន​ចាកចេញ​ពី​បណ្តាញ​ទូរទស្សន៍ និង​កាសែត​ធំៗ ទៅ​ចូលរួម​បណ្តាញ​ព័ត៌មាន​តាម​អ៊ីនធឺណិត។

លោក Atilla Yesilada ជា​អ្នកវិភាគ​នៅ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Global Source Partners ថ្លែងថា៖

«លោក Erdogan បាន​ដឹង​ថា បណ្តាញ​ព័ត៌មាន​ដែល​លោក​ត្រួតត្រា លែង​មាន​គេ​មើល ឬ អាន​ទៀត​ហើយ​នៅក្នុង​ប្រទេស​តួកគី។ នៅ​តាម​ផ្ទះ​នៅក្នុង​ប្រទេស​តួកគី ប្រមាណជា ៨០ភាគរយ មាន​ភ្ជាប់​អ៊ីនធឺណិត ហើយ​៧០ភាគរយ​ទៀត​នៃ​យុវជន ទទួល​ព័ត៌មាន​ទាំងស្រុង​ពី​បណ្តាញ​សង្គម និង​តាម​អ៊ីនធឺណិត»។

ការគ្រប់គ្រងលើខ្លឹមសារ

ឥឡូវ​នេះ បណ្តាញ​ផ្សព្វផ្សាយ​តាមអ៊ីនធឺណិត​ត្រូវ​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រុមឃ្លាំមើល​ការផ្សព្វផ្សាយ​របស់​រដ្ឋតួកគី RTUK ដែល​តម្លៃ​ប្រចាំឆ្នាំ​សម្រាប់​ការផ្សាយ​វិទ្យុ​គឺ ១០.០០០ លៀរ៉ា​តួកគី ដែល​គិតជា​ប្រាក់​អាមេរិក​ប្រមាណជា ២ពាន់ដុល្លារ និង​សម្រាប់​ទូរទស្សន៍ គឺ​១សែន​លៀរ៉ា ដែល​គិតជា​ប្រាក់​អាមេរិក​ប្រមាណជា ២ម៉ឺន​ដុល្លារ។

អ្នកផ្សព្វផ្សាយ ក៏​ស្ថិត​នៅ​ក្រោមការ​ត្រួតត្រា​ខ្លឹមសារ​យ៉ាងតឹងរឹង​ផងដែរ ដែល​ធ្វើឲ្យ​ការរិះគន់​រដ្ឋាភិបាល មាន​លក្ខណៈ​ពិបាក ឬ មិន​អាច​ធ្វើ​បាន។

បរាជ័យ​ក្នុងការ​អនុវត្តតាម​គោលការណ៍​របស់​ក្រុមឃ្លាំមើល​ការផ្សព្វផ្សាយ​របស់​រដ្ឋតួកគី RTUK ការផ្សព្វផ្សាយ​នឹង​ត្រូវបាន​រាំងខ្ទប់។ ដោយ​អាជ្ញាធរ​តួកគី បាន​រាំងខ្ទប់​គេហទំព័រ​ប្រមាណ​ជា ២សែន​ហើយ​នោះ ប្រទេស​នេះ បាន​ចាត់ចូល​ចំណាត់​ថ្នាក់​ដូច​ប្រទេស​ចិន និង​អ៊ីរ៉ង់​ដែរ ក្នុងការ​ត្រួតពិនិត្យ​យ៉ាងខ្លាំងក្លា​ទៅ​លើ​ការប្រើប្រាស់​អ៊ីនធឺណិត។

មាន​មនុស្ស​ខ្លះ​ចោទ​សួរ​ថា តើ​វិធានការ​ថ្មី​នេះ នឹង​មាន​ប្រសិទ្ធភាព​ដែរ ឬ​យ៉ាងណា។

លោក Yesilada បាន​ថ្លែង​ថា៖

«តាម​លក្ខណៈ​បច្ចេកទេស វា​មិន​អាច​ទៅរួច​ទេ។ វា​មិន​អាច​ទៅ​រួច​ទេ ក្នុង​ការបិទ​ប្រភព​ព័ត៌មាន​ទាំងនេះ។ គេ​មិន​អាច​បិទ​គេហទំព័រ ឬ ទំព័រ YouTube ដែល​មាន​និន្នាការ​ប្រឆាំង​ឲ្យ​បាន​អស់​នោះ​ទេ។ អ្នកទាំងនោះ នឹង​ទៅ​បើក​គេហទំព័រ ឬ ទំព័រ YouTube»​ថ្មី ឬ គេ​នឹង​សរសេរ​ប្រកាស​នៅ​លើ Twitter។ រដ្ឋាភិបាល​ត្រូវ​បិទ​បណ្តាញ​សង្គម​ទាំងមូល​ចោល​តែម្តង ហើយ​ការធ្វើ​ដូចនេះ គឺ​មិន​អាច​ទទួល​យក​បាន​ទេ ដោយ​រួបបញ្ចូល​ទាំង​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​របស់​តួកគី​ផងដែរ»។

អ្នកប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​តួកគី មាន​កេរ្តិ៍ឈ្មោះ​ថា ជាអ្នក​ពូកែ​ខាង​បច្ចេកវិទ្យា និង​ពូកែ​រកវិធី​ដើម្បី​ចូល​ទៅ​គេហទំព័រ​ដែល​ត្រូវ​បាន​គេ​ហាមប្រាម​បាន។

គេហទំព័រអន្តរជាតិ

វា​មិនមាន​ភាពច្បាស់លាស់​ទេ​ថា ការរឹតបន្តឹង​ថ្មី​នេះ នឹង​ប៉ះពាល់​ដល់​គេហទំព័រ​ព័ត៌មាន​អន្តរជាតិ ដែល​ផ្សព្វផ្សាយ​តាមអ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​តួកគី ឬ យ៉ាងណា​នោះ។

ទីភ្នាក់​ងារព័ត៌មាន ដូចជា BBC របស់​ប្រទេស​អង់គ្លេស Deutsche Welleរបស់​ប្រទេស​អាល្លឺម៉ង់ France24 និង​សំឡេង​សហរដ្ឋ​អាមេរិក បាន​បន្ថែម​ការផ្សាយ​របស់​ខ្លួន ដើម្បី​ជា​ការឆ្លើយតប​ទៅនឹង​ការកើនឡើង​នូវ​តម្រូវ​ការព័ត៌មាន​នៅក្នុង​តំបន់​នោះ។ កាលពី​ខែមេសា ទីភ្នាក់ងារ​ព័ត៌មាន​ទាំងបួន​ខាង​លើ​នេះ បាន​បង្កើត​ទំព័រ YouTube រួមគ្នា​មួយ ដើម្បី​ផ្តល់​ព័ត៌មាន និង​នយោបាយ​សង្គម ដែល​មិន​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​រដ្ឋាភិបាល។

លោកសាស្រ្តាចារ្យ Yaman Akdeniz ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំងនឹង​ការត្រួតត្រា​លើ​ការប្រើប្រាស់​អ៊ីនធឺណិត​ជាច្រើន​ករណី​ទៅ​តុលាការ​អន្តរជាតិ​នោះ បាន​ថ្លែង​ថា៖

«វា​មិន​មាន​ភាពច្បាស់លាស់​ទេ ពី​ការរឹតបន្តឹង​នេះ ថាតើ​រដ្ឋាភិបាល​នឹង​ប្រើ​អំណាច​ថ្មី​នេះ​ដោយ​របៀបណា។ ដូច្នេះ ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ នឹង​អាច​ត្រូវ​ប៉ះពាល់ ក៏ប៉ុន្តែ យើង​នឹង​ចាំមើល នៅ​ពេល​ដែល​វា​កើត​ឡើង»។

ការរឹតបន្តឹង​នេះ ក៏​មាន​ទៅ​លើ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​តាមអ៊ីនធឺណិត​ដែរ។

ប្រធាន​ក្រុមឃ្លាំមើល​ការផ្សព្វផ្សាយ​របស់​រដ្ឋ​តួកគី RTUK លោក Ebubekir Sahin បាន​សរសេរ​នៅ​លើ Twitterកាលពី​ថ្ងៃអង្គារ​ទី ៣ ខែកញ្ញា​កន្លង​ទៅ​នេះ​ថា ក្រុមហ៊ុន​ Netflix និង​ស្ថាប័ន ៦០០ ទៀត​ដែល​រួមមាន​ក្រុមហ៊ុន​ផ្តល់​សេវកម្ម​តាម​អ៊ីនធឺណិត​បាន​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​ផ្សព្វផ្សាយ។

ប្រទេស​តួកគី ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ទីផ្សារ​របស់​ក្រុមហ៊ុន Netflix រីកលូតលាស់​លឿន​បំផុត។ នៅក្នុង​រយៈពេល​៣ ឆ្នាំ ក្រុមហ៊ុនNetflixបាន​ទទួល​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​ចំនួន ១លាន ៥សែន​នាក់ ឬ ស្មើនឹង​ចំនួន ១០ ភាគរយ នៃ​ចំនួន​គ្រួសារ​នៅក្នុង​ប្រទេស​នេះ ដែល​នេះ មួយ​ផ្នែក​ដោយសារតែ​ក្រុមហ៊ុន​នេះ បាន​គេច​ផុត​ពី​ការត្រួតពិនិត្យ​ខ្លឹមសារ ដែល​គេ​អនុវត្ត​ទៅ​លើ​បណ្តាញ​ព័ត៌មាន​ធំៗ។

ការត្រួតពិនិត្យ​ទៅ​លើ​ភាពមិន​សមរម្យ

អ្នកគាំទ្រ​លោក Erdogan​ជាប្រចាំ គឺ​ក្រុម​អ្នកអភិរក្ស​សាសនា ហើយ​អ្នកវិភាគ​ លោក Yesilada បាន​ថ្លែង​ថា ឥឡូវ​នេះ រដ្ឋាភិបាល ចង់​ពង្រីក​និន្នាការ​អភិរក្ស​និយម​របស់​ខ្លួន​តាម​អ៊ីនធឺណិត។

លោក Yesilada បាន​ថ្លែង​ទៀត​ថា៖

«ខ្ញុំ​បាន​សន្ទនា​ជាមួយ​អ្នក​ដែល​ធ្វើការ​នៅក្នុង​វិស័យ​កម្សាន្ត​នេះ។ ហើយ​អ្នក​ដែល​នាំ​ឲ្យ​មាន​ការធ្វើកំណែទម្រង់​នេះ គឺ​ក្រុម​អ្នក​ដែល​រស់នៅ​របៀប​សេរី​និយម។ យើង​ត្រូវ​ចាំ​ថា យើង​និយាយ​អំពី​ក្រុម​ដែល​ត្រួតពិនិត្យ​តាមដាន ដែល​បើសិនជា​ពួកគេ​រក​ឃើញ​ថា មាន​ភាពមិនសមរម្យ​នៅក្នុង​តន្ត្រីវីដេអូ​តែ​បន្តិច​នោះ ពួកគេ នឹង​ហាម​មិន​ឲ្យ​ចាក់​បញ្ចាំង​តន្ត្រី​វីដេអូ​នោះ​ទេ»។

នៅដើម​ឆ្នាំនេះ ​ក្រុមឃ្លាំមើល​ការផ្សព្វផ្សាយ​របស់​រដ្ឋតួកគី RTUK បាន​ធ្វើ​ឲ្យ​មាន​ការងើប​ឡើង​ប្រឆាំង នៅ​ពេល​ដែល​ខ្លួន​ទាមទារ​ឲ្យ​ដក​ចេញ​ឈុតឆាក​មួយ​ទាំងស្រុង​នៅក្នុង​ភាពយន្ត​រឿង La La Land ដែល​បាន​ទទួល​ពាន​រង្វាន់​អូស្ការ ដោយសារតែ​ឈុតឆាក​នោះ​ត្រូវ​បាន​ថត​នៅក្នុង​បារ។ ក្រុមឃ្លាំមើល​ការផ្សព្វផ្សាយ​របស់​រដ្ឋតួកគី RTUK នេះ មិនទាន់​ចេញ​គោលការណ៍​ណែនាំ​សម្រាប់​វិស័យ​កម្សាន្ត​តាមអ៊ីនធឺណិត​នៅ​ឡើយ​ទេ។

លោក Akdeniz បាន​និយាយ​ថា ការត្រួតត្រា​នេះ សំដៅ​ទៅលើ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​តាម​អ៊ីនធឺណិត​ដូចជា Netflix ជាដើម។

លោក Akdeniz បាន​ថ្លែង​ទៀត​ថា៖

«បើសិនជា ក្រុមហ៊ុន​ត្រូវ​អនុវត្តតាម​អាជ្ញាប័ណ្ណ​ដែល​ត្រួតត្រា​ដោយ​របប​នេះ ហើយ​ត្រូវ​ធ្វើ​រូបភាព​ឲ្យព្រិល​ដូចជា ឈុតឆាក​ជក់បារី ផឹកគ្រឿងស្រវឹង និង​ការថើបគ្នា​នោះ នោះ​វា​មិនមែន​ជា មូលដ្ឋានគ្រឹះ​របស់​ក្រុមហ៊ុន Netflix ទេ។ ខ្ញុំ​គិត​ថា គ្មាន​ក្រុមហ៊ុន​ណា ប្រើ​វីដេអូ​បែប​នោះ​ទេ»។

ក្រុមហ៊ុន Netflix បាន​បញ្ជាក់​ថា ខ្លួន​កំពុងតែ​ចរចា​ជាមួយ​ក្រុមឃ្លាំមើល​ការផ្សព្វផ្សាយ​របស់​រដ្ឋ​តួកគី RTUK ចំពោះ​ការត្រួតពិនិត្យ​មើល​ពី​សំណាក់​ឪពុកម្តាយ​ជាមុនសិន មុន​នឹង​អនុញ្ញាតិ​ឲ្យ​កូនៗ​របស់​ខ្លួន​មើល​ភាពយន្ត​ណាមួយ។ ក៏ប៉ុន្តែ ដោយសារតែ​ការផ្សព្វផ្សាយ​តាមទូរទស្សន៍​ លែង​សូវ​មាន​អ្នកមើល​ច្រើន ដូច​ Netflix​ នោះ ពួកគេ​ទំនងជា​នឹង​ទាមទារ​ឲ្យ​មាន​ការរឹតបន្តឹង​ទៅ​លើ​ខ្លឹមសារ​របស់​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​តាម​អ៊ីនធឺណិត​ផងដែរ៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG