ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ពាក្យ​ថា «ព័ត៌មានក្លែងក្លាយ»​ ក្លាយ​ជា​លេស​ដើម្បី​រឹតត្បិត​ព័ត៌មាន​នៅ​អាស៊ី​អាគ្នេយ៍


រូបថត​ពីអេក្រង់​កុំព្យូទ័រ​នៃគេហទំព័រ​ក្រសួងការ​បទេស​រុស្ស៊ី (mid.ru) បង្ហាញ​ពីគំរូ​នៃគេហទំព័រ​ដែល​រដ្ឋាភិបាល​ក្រុងម៉ូស្គូល​ចាត់ទុកថា​ជាព័ត៌មាន​ក្លែងក្លាយ។
រូបថត​ពីអេក្រង់​កុំព្យូទ័រ​នៃគេហទំព័រ​ក្រសួងការ​បទេស​រុស្ស៊ី (mid.ru) បង្ហាញ​ពីគំរូ​នៃគេហទំព័រ​ដែល​រដ្ឋាភិបាល​ក្រុងម៉ូស្គូល​ចាត់ទុកថា​ជាព័ត៌មាន​ក្លែងក្លាយ។

មួយ​ឆ្នាំ​ក្រោយ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​ភ្ញាក់ផ្អើល​ ដែល​ហ៊ុំព័ទ្ធ​ទៅ​ដោយ​ការ​រីករាល​ដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ​នោះ រដ្ឋាភិបាល​បានប្រើប្រាស់ពាក្យ​ថា ​«ព័ត៌មាន​ក្លែងក្លាយ»​ មក​រឹត​ត្បិត​សេរីភាព​សារព័ត៌មាន​ក្នុងតំបន់អាស៊ីអាគ្នេយ៍​ដែល​ជា​តំបន់​ដែល​មាន​កេរ្តិ៍ឈ្មោះ​មិន​ល្អ​ដោយសារ​តែ​​ការ​រឹតត្បិត​ព័ត៌មាន​​រួច​ស្រាប់​ទៅ​ហើយ។

នៅ​ក្រុង​ភ្នំពេញ​ ប្រមុខ​អ្នក​នាំ​ពាក្យ​កម្ពុជា​មួយ​រូប​បាន​ស្រង់​សំដី​របស់​លោក​ប្រធានាធិបតី​អាមេរិក​ ​Donald Trump​ ថា​ «ភ្នាក់​ងារ​ [ព័ត៌មាន]​ ​បរទេស» ​ត្រូវ​តែ ជួយ​លើកស្ទួយ​ផល​ប្រយោជន៍​ជាតិ ​បើមិន​ដូច្នេះ​ទេ​សូម​ចាក​ចេញពី​ប្រទេស​នេះ។ដូច​គ្នា​ដែរ​ អ្នក​នាំពាក្យ​មួយ​រូប​របស់​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte​ បាន​រិះគន់​សារព័ត៌​មាន​The New York Times ​ថាជា​ «ព័ត៌មាន​ក្លែង​ក្លាយ»។ ​អត្ថបទ​ព័ត៌មាន​ថ្មី​មួយ​ដែល​ផ្សាយ​ក្នុង​សារព័ត៌មាន​The Intercept​ អំពី​យោធា​ឥណ្ឌូនេស៊ី​ ត្រូវ​បាន​គេ​ហៅ​ភ្លាមៗ​ថា​ជា ​«ការ​បោក​បញ្ឆោត»​ មួយ។

​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ដ៏​ធំ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ គឺ​ទីក្រុង​ហ្សាការតា។ ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​UNESCO​នេះ​ ធ្វើឡើង​ដើម្បី​វាយ​តម្លៃ​កម្រិត​សេរីភាព​សារព័ត៌មាន​នៅ​ទូទាំង​ពិភពលោក​និង​ដើម្បី​គោរព​ដល់​អ្នក​សារព័ត៌​មាន​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ពេល​បំពេញការងារ​របស់​ខ្លួន។ ក្នុង​របាយការណ៍​មួយ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​កោត​សរសើរ​ដល់​ការ​រីកឡើង​នៃ​សារព័ត៌មាន​ឥណ្ឌូនេស៊ី​ ក្រោយ​របប​ផ្តាច់​ការ Suharto​ ក៏​ប៉ុន្តែ​បាន​ធ្វើ​ការ​ថ្កោល​ទោស​ទៅ​លើ​ពី​ការកើន​ឡើង​តិច​តួច​នៃ​អំពើ​ហិង្សា​លើ​អ្នក​យក​ព័ត៌មាន​ផង​ដែរ។​

​ការ​រីក​រាលដាល​លើស​លុប​នៃ​«ព័ត៌មាន​មិន​ពិត»

ពាក្យថា​«ព័ត៌មាន​ក្លែង​ក្លាយ» បាន​ផ្ទុះ​ប្រជា​ប្រិយភាព​ឡើង​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​ ក្រោយ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ ឆ្នាំ​២០១៦​ គឺនៅពេល​អ្នក​ធ្វើ​អត្ថាធិប្បាយ​នានាបាន​លើក​ឡើង​ថា​ ព័ត៌មាន​ក្លែង​ក្លាយ​ដែល​ត្រូវ​បានគេ​បង្កើត​ឡើង​ដើម្បី​ទាក់ទាញ​អ្នក​ចុច​មើល​និង​ត្រូវ​បាន​ចែក​រំលែក​ពាស​ពេញ​បណ្តាញ​សង្គម​ថា​ជា​ហេតុ​និង​ជាភ័ស្តុតាង​ដែល​នាំ​ឲ្យ​មាន​ការ​បែកបាក់​ក្នុង​ប្រទេស។​

​ប៉ុន្តែ​ដូច​គ្នា​ទៅ​នឹង​ផ្នត់​គំនិត​ដែល​មាន​ប្រយោជន៍​ភាគ​ច្រើន​ផ្សេង​ទៀត​ដែរ ពាក្យ​«ព័ត៌មាន​ក្លែង​ក្លាយ»នេះបាន​វិវត្ត​យ៉ាង​ឆាប់​រហ័ស​ហើយ​ត្រូវបានគេ​យកទៅ​ប្រើប្រាស់​គ្រប់​គោល​បំណង​ទាំងអស់​ដើម្បី​បញ្ចេញ​កំហឹង ជា​ពិសេស​សម្រាប់​ក្រុម​មេដឹកនាំ​ដែល​កំពុង​កាន់​អំណាច។ រដ្ឋាភិបាល​រុស្សី​ ក្រុម​បាល់ទាត់​Arsenal​ របស់​ចក្រភព​អង់គ្លេស​និង​លោក Donald Trump​ កាល​ពី​ប៉ុន្មានខែ​ថ្មីៗ​នេះ​បាន​ថ្កោលទោស​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​បង្ខូច​ឈ្មោះ​របស់​ពួក​គេ​ថា​ជា​ «ព័ត៌មាន​ក្លែង​ក្លាយ»។

នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ពាក្យ​នេះ​គឺ​រឹត​តែ​មាន​ឥទ្ធិពល​ថែម​ទៀត​ដោយសា​រតែ​ប្រជាធិបតេយ្យ​ក្នុង​តំបន់​នេះ​នៅ​ក្មេង​ខ្ចី ហើយ​សារព័ត៌មាន​ក្នុង​តំបន់នេះ​មិន​ទាន់​មាន​មូលដ្ឋាន​រឹងមាំ​នៅ​ឡើយ។ សូម្បី​តែ​ប្រទេស​ឥណ្ឌូ​ណេស៊ី​ ដែល​ជា​ប្រទេសប្រជា​ធិបតេយ្យក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ធំជាង​គេបង្អស់​ក៏​ដោយ​ ក៏​ប្រទេស​នេះ​នៅ​តែ​ដិត​ជាប់​ផ្នត់​គំនិត​ផ្តាច់ការ នេះ​បើ​យោង​តាម​លោក​ Andreas Harsonoអតីត​អ្នក​សារព័ត៌មាន​ដែល​សព្វ​ថ្ងៃ​ជា​អ្នក​ស្រាវជ្រាវ​នៅ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស។

លោក​ Harsonoបាន​ប្រាប់​វីអូអេ​ថា៖«នៅ​ក្នុង​អង្គភាព​ព័ត៌មាន​ជា​ច្រើន​មាន​បរិយាកាស​ភ័យ​ខ្លាច​និង​ត្រូវ​ដាក់​កំហិត​ទៅ​លើ​ខ្លួន​ឯង​ ដោយ​សារ​តែ​ការ​បំពាន​និង​ការ​គំរាម​កំហែង​ដោយកងកម្លាំង​សន្តិសុខ​និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​មិន​ត្រូវ​បាន​ដាក់​ទោស​ទណ្ឌអ្វី​ ហើយ​ដែល​ភាគ​ច្រើន​មិន​ទាំង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ដិត​ដល់​ណាមួយ​ផងដែរ»។​

សកម្មភាពរបស់​ឥណ្ឌូនេស៊ី​ដើម្បី​រក្សា​តុល្យភាព

អនុ​ប្រធានា​ធិបតី​ប្រទេស​ឥណ្ឌូនេស៊ី​ លោក Yusuf Kalla ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ UNESCO ​ក៏​ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយជា​ពិសេស​ទៅ​លើ​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ខេត្ត​Papua និង​Papua ខាងលិច។ តំបន់​នោះ​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ នេះ​បើ​យោង​តាម​ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ប៉ុន្តែ​ក្រុម​អ្នក​សារព័ត៌មាន​មិនអាច​រាយការណ៍​ពី​បញ្ហា​នេះ​ដោយ​សេរី​ពី​ទី​នោះ​បាន​នោះ​ទេ។​

​ប្រធាន​ក្រុមប្រឹក្សា​សារ​ព័ត៌មាន​របស់​ឥណ្ឌូនេស៊ី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ស្ថាន​ភាព​នៅ​ Papua មិន​ត្រូវ​បាន​ពិភាក្សា​នោះ​ទេ​ ព្រោះ​ថា​វា​ជា​បញ្ហា​ក្នុង​ស្រុក ​មិន​មែន​ជាបញ្ហា​អន្តរជាតិ​នោះ​ឡើយ។

លោក​ថ្លែង​ថា៖«នេះ​គឺ​ជា​វេទិការ​អន្តរជាតិ។ អ្វី​ដែល​យើង​កំពុង​តែ​លើក​យក​មក​ពិភាក្សា​នេះ​គឺ​ទំនាក់ទំនង​រវាង​បញ្ហា​របស់​ឥណ្ឌូនេស៊ី​និង​បញ្ហា​របស់​អន្តរជាតិ»។

​សេរីភាព​សារ​ព័ត៌មាន​ក្នុង​តំបន់​ Papua​ត្រូវ​បាន​គេ​ពិភាក្សា​រួចរាល់​ហើយ។ ប៉ុន្តែ​របាយការណ៍​របស់ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ដែល​អង្កេត​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​បាន​ដាក់​ឥណ្ឌូនេស៊ី​ក្នុង​ចំណាត់​ថ្នាក់​ទី១២៤ ក្នុង​ចំណោម​១៨០​ប្រទេស​នៅ​លើ​តារាង​របស់​ក្រុម​អ្នក​សារព័ត៌មាន​ឥត​ព្រំដែន​នៃ​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក។

​ផ្នែក​ដែល​ពិបាក​យល់​នៃ​ទំនាក់​ទំនង​រវាងឥណ្ឌូនេស៊ី​ជា​មួយ​និង​«ព័ត៌មាន​ក្លែងក្លាយ»​ គឺ​ថា​ព័ត៌មាន​ទាំង​នោះវា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​នយោបាយ​នា​ពេល​ថ្មីៗ​នេះ។ រឿង​ចចាមរ៉ាម​និង​សេចក្តី​រាយការណ៍​ព័ត៌មាន​ក្លែងក្លាយ​អំពី​អតីត​អភិបាល​ក្រុង​Jakarta​ ហៅ​លោក​ Ahok​ ដែល​ជនជាតិ​ចិន​កាន់​សាសនា​គ្រិស្ត បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​បោះឆ្នោត​មាន​ការ​ខឹង​សម្បារ​នៅប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ហើយ​បញ្ហា​នេះ​ទំនង​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​ លោកAhok​ ​ចាញ់​បេក្ខជនកាន់​សាសនា​ឥស្លាម​ដែល​ទទួល​ជ័យ​ជំនះ​ដោយ​សារ​តែ​ភាព​តានតឹង​នេះ។​ ព័ត៌មានក្លែងក្លាយ​ជា​ច្រើន​ត្រូវ​បាន​ចែក​ចាយ​តាម​បណ្តាញ​សង្គម WhatsApp​ ដែលមាន​ប្រជា​ប្រិយភាព​នៅ​ឥណ្ឌូនេស៊ី​ ហើយ​ពិបាក​ក្នុង​ស្វែង​រក​ការ​ពិត​ដោយ​សារ​តែ​វា​ជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ឯករាជ្យ​មួយ។

«ប្រជាជន​ភាគច្រើន​នៅ​ទីនេះ​ មិនអាច​បែងចែក​ឱ្យ​ដាច់​រវាង​ព័ត៌មាន​និង​បណ្តាញ​សង្គម​នោះ​ទេ។ ​ពួក​គេ​គិត​ថា​អ្វី​ក៏​ដោយ​ដែល​ផ្សាយតាម​បណ្តាញ​សង្គម​គឺ​ជា​ព័ត៌មាន»។​ នេះបើតាមការ​លើក​ឡើង​របស់​លោក Arfi Bambani​ អគ្គ​លេខា​ធិការ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៃ​ប្រទេសឥណ្ឌូនេស៊ី។​

យ៉ាងណា​ក៏​ដោយ​ ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ ព័ត៌មានក្លែងក្លាយ​ មិនគួរ​យក​មក​ប្រើប្រាស់​ក្នុង​គ្រប់​គោល​ដៅដើម្បី​បំបិទ​សេរីភាព​សារព័ត៌មាន​នោះ​ទេ។​

«ក្រុម​ប៉ូលិសជាតិ​គួរតែ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើជន​ណា​ដែល​ចែកចាយ​ពាក្យ​ពេចន៍​បង្កឲ្យ​មាន​ការ​ស្អប់​ខ្ពើម​និង​ការបោក​បញ្ឆោត​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ គឺមិនមែន​តម្រូវ​ឲ្យប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើការ​រឹតត្បិត​ព័ត៌មាន​ខ្លួនឯង​ឡើយ»។​

​ជំហាន​ឆ្ពោះ​ទៅ​មុខ

​ប្រសិនបើ​រដ្ឋាភិបាល​នា​នា​ប្រើ​ប្រាស់​ព័ត៌មាន​ក្លែង​ក្លាយ​ជា​អាវុធ​របស់​ខ្លួនបាន​ ដូចគ្នា​នេះ​ដែរ​រដ្ឋាភិបាល​ទាំង​នោះ​ ក៏​អាច​ប្រើ​ប្រាស់​អំណាច​របស់ខ្លួន​ដើម្បី​ប្រឆំាង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​ផង​ដែរ។​ មាន​ការ​ផ្តួចផ្តើម​ព្យាយាម​ជា​ច្រើនក្នុង​ការ​ប្រឆំាង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន។ ​ប្រទេស​សិង្ហបុរី​និង​ប្រទេស​ម៉ាឡេស៊ី​បានបង្កើត​គេហទំព័រ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ដើម្បី «ផ្ទៀងផ្ទាត់​ការពិត»​ ក្នុងនោះ​ គេហទំព័រ​របស់​ប្រទេស​ម៉ាឡេស៊ីមានឈ្មោះថា​ sebenarnya.my​ និង​គេហទំព័រ​របស់​ប្រទេស​សិង្ហបុរីដែល​មាន​ឈោ្មះ​ថា Factually។​

ប្រទេស​ទាំង​ពីរ​នេះ​ មិនមែន​ជា​សសរ​ស្តម្ភ​នៃ​សេរីភាព​សារព័ត៌មាន​នោះ​ទេ​ ហើយ​ប្រទេស​ម៉ាឡេស៊ី​កំពុង​វាយប្រហារ​ដោយ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ធ្ងន់ៗ​ជាច្រើន​តាម​រយៈ​ការ​ព្រមាន​ចាប់​ដាក់​គុក​ចំពោះ​ជនណា​ដែល​ចែក​ចាយ​ព័ត៌មាន​ក្លែងក្លាយ​តាម​បណ្តាញ​សង្គម WhatsApp។

​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រទេស​មាន​ប្រជា​ធិបតេយ្យ​ទូលំទូលាយ​និង​មាន​លំនឹង​គួរសម​នោះ​គឺ​ជា​ប្រទេស​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​សេរីភាព​សារព័ត៌មាន​បាន​ល្អ​ជាងប្រទេស​ជិត​ខាងក្នុង​តំបន់។​ កាល​ពី​ខែ​មករា​ រដ្ឋា​ភិបាល​បាន​ប្រកាស​ពី​គម្រោង​នានា​សម្រាប់​ទីភ្នាក់ងារ​របស់​ខ្លួន​ដើម្បី​តប​ត​ទៅ​នឹង​ព័ត៌មានក្លែងក្លាយ។​

«ខ្ញុំ​យល់​ថា​ មន្រ្តី​សាធារណៈ​ដែល​តវ៉ា​រឿង​ព័ត៌មានក្លែងក្លាយ​គឺ​ខ្លួន​ពួក​គេ​ផ្ទាល់​ក៏​មិន​ដឹងថា​ ត្រូវធ្វើ​បែបណា​ដែរ​ ដូច្នេះ​ហើយ​ពួក​គេ​បាន​ងាក​មក​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោះ​ស្រាយ​បញ្ហា​នេះ​ទៅ​វិញ»។​នេះបើ​យោង​តាម​ប្រសាសន៍​របស់​លោក​ Bambani។​ លោក​បាន​បន្ត​ថា ​វិធី​តែ​ម្យ៉ាង​គត់​ដែល​អ្នក​សារព័ត៌​មាន​អាច​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​នោះ​ គឺ​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ពិត៕

ប្រែ​សម្រួល​ដោយ ​នៅ​ វណ្ណារិន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG