ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ចេញ​សារាចរ​ឲ្យ​ប្រមូល​លិខិត​ឆ្លងដែន​កម្ពុជា​ដែល​ចេញឲ្យ​ជន​បរទេស​គ្មាន​សញ្ជាតិ​ខ្មែរ​មក​វិញ


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​កម្មពិធី​បុណ្យ​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការនាយក​រដ្ឋមន្ត្រី)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​កម្មពិធី​បុណ្យ​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការនាយក​រដ្ឋមន្ត្រី)

ភ្លាមៗ​ក្រោយពី​មាន​សេចក្តីរាយការណ៍​ថា​ អតីត​នាយករដ្ឋ​មន្ត្រី​ថៃ​អ្នកស្រី​យីងឡាក់​ ស៊ីណាវ៉ាត​ (Yingluck Shinawatra) បាន​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​របស់​កម្ពុជា​ដើម្បី​ធ្វើជំនួញ​ក្នុង​ទីក្រុង​ហុងកុងនោះ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ បានចេញ​បញ្ជា​ឲ្យ​មន្ត្រីលោក​ប្រមូល​មក​វិញ​នូវ​លិខិត​ឆ្លង​ដែន​របស់​កម្ពុជា​ ដែល​ចេញ​ជូន​ជនបរទេស​ដែលគ្មាន​សញ្ជាតិខ្មែរ។​

បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ទីក្រុង ហុងកុង​ ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ​អ្នក​ស្រី យីងឡាក់​ ស៊ីណាវ៉ាត​ (Yingluck Shinawatra) បាន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ចេញដោយ​អាជ្ញាធរ​របស់​ប្រទេស​កម្ពុជា​នោះ រដ្ឋាភិបាល​ខ្មែរ​របស់​លោក​នាយករដ្ឋ មន្ត្រី​ហ៊ុន​ សែន បាន​ចេញ​សារាចរ​ណែនាំ​ថ្មី​មួយ​ដែល​មាន​ បញ្ជាក់​ពីលក្ខខណ្ឌ​ដែល​ជនបរទេស​មិន​អាច​ទទួល​បាន​លិខិត​ឆ្លងដែន​របស់​ប្រទេស​កម្ពុជា​។​

សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ចុះហត្ថ​លេខា​ដោយ​លោក​ ហ៊ុន​ សែននៅថ្ងៃ​ទី ៩​ ខែ មករា ​ឆ្នាំ ​២០១៩​ បាន​សរសេរ​ថា ការ​ចេញ​លិខិត​ឆ្លងដែន​ទៅ​ឲ្យ​ពលរដ្ឋ​បរទេស​ដែល​ជា​ទី​ប្រឹក្សា​និង​ជំនួយ​ការ​របស់​មន្ត្រី​កម្ពុជា​ គឺ​មិន​ចាំបាច់​និង​បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់ៗ​ជាច្រើន​ដើម្បី​ទប់ស្កាត់​ការ​ចេញ​លិខិត​ឆ្លងដែន​ឲ្យ​ជនបរទេស​នៅ​ថ្ងៃ​ខាង​មុខ។​

សារាចរ​ណែនាំ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«លិខិត​ឆ្លងដែន​ការទូត​នៃព្រះរាជាណា​ចក្រ​កម្ពុជា​ មិន​ត្រូវ​ផ្តល់​ជូន​ទីប្រឹក្សា​ ឬ​ជំនួយការ​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​របស់​ឥស្សរជន​ជាន់​ខ្ពស់​ ឬ​របស់​ក្រសួង​ស្ថាប័ន​នានាឡើយ​លើកលែង​តែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​យល់​ថាចាំបាច់​បំផុត។​ រាល់​ក្រសួង​ ស្ថាប័ន​ មានភារកិច្ច​ប្រមូល​លិខិត​ឆ្លង​ដែន​ការទូត​ដែលក្រសួង​ ស្ថាប័ន​នោះ​បានស្នើ​សុំ​ជូន​ទីប្រឹក្សា​ និងជំនួយ​ការ​របស់ខ្លួន​ដែល​ពុំមាន​សញ្ជាតិ​ខ្មែរ​ពីកំណើត ហើយ​ប្រគល់លិខិត​ឆ្លងដែន​ការទូត​ទាំង​នោះ​ជូនក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ មិន​ឲ្យ​ហួស​ពី​រយ:ពេល​មួយ​ខែ​ គិត​ចាប់​ពីថ្ងៃ​ចុះ​ហត្ថលេខា​លើ​សារាចរ​នេះ»។

សារាចរ​ណែនាំ​របស់​លោក ​ហ៊ុន សែន​ បន្តថា​ ក្រសួង​ការបរទេស​កម្ពុជា​ មាន​ភារកិច្ច​ពនិត្យ​ និង​ធ្វើ​មោឃ​ភាព​លិខិត​ឆ្លងដែន​ការទូត​ ដែល​កន្លង​មក​ត្រូវ​បាន​ផ្តល់​ជូន​បុគ្គល​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​។ ក្រសួង​មហាផ្ទៃ​ ក៏​មានភារកិច្ច​សហការ​ទប់ស្កាត់​ការ​ប្រើប្រាស់​លិខិត​ឆ្លងដែន​ទាំង​នោះ​ សម្រាប់​ការ​ចេញ​ចូល​នៅតាម​ច្រក​ទ្វារ​ព្រំដែន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទៅ​តាម​ការស្នើ​សុំ​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ។

សារាចរ​ណែនាំ​របស់​លោក ហ៊ុន​ សែន​ ដែល​គេ​ដឹង​ថា​មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​ក្រុម​គ្រួសារ​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត (Thaksin Shinawatra)​ បាន​ធ្វើឡើង​ ក្នុង​ថ្ងៃ​តែ​មួយ​នៃ​ការចេញ​សេចក្តី​របស់​កាសែត ​South China Morning Post ដែល​បាន​ឲ្យដឹង​ថា ​ប្អូនស្រី​លោក​ ថាក់​ស៊ីន​ មាន​លិខិត​ឆ្លងដែន​ខ្មែរ។

សេចក្តី​រាយការណ៍​ស៊ើប​អង្កេត​មួយរបស់​កាសែត​ South China Morning Post​ ដែល​មាន​មូលដ្ឋាន​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​ស្វ័យ​យ័ត​ហុង កុង​ ​បាន​ឲ្យដឹងថា​ ​អ្នកស្រី​យីងឡាក់​ ប្អូនស្រី​បង្កើត​របស់​លោក ​ថាក់​ស៊ីន​ ​ដែលជាអតីត​នាយករដ្ឋ​មន្ត្រី​ថៃ​ផងដែរ​នោះ​ បាន​ប្រើប្រាស់​លិខិត​ឆ្លងដែន​របស់​ប្រទេស​កម្ពុជាបើកជំនួញ​ក្នុង​ទីក្រុង​ហុង​កុង។

សេចក្តី​រាយការណ៍​នោះ​បានឲ្យដឹង​ថា​ អ្នកស្រី​យីងឡាក់​ ប្រហែល​ជា​បានប្រើប្រាស់​លិខិត​ឆ្លងដែន​ខ្មែរ​ដដែលនេះ ដើម្បីភៀស​ខ្លួន​ចេញ​ពីប្រទេស​ថៃ​ ទី​ដែល​អ្នកស្រី​យីងឡាក់​ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ប្រាំឆ្នាំ​ចំពោះ​ការណ៍​ដែលអ្នកស្រី​ចាត់​ចែង​មិនត្រឹម​ត្រូវ​ក្នុងការផ្តល់​ទុន​ឧបត្ថម្ភ​ក្នុង​ឧស្សាហកម្ម​ស្រូវអង្កររបស់​ប្រទេស​ដែល​មាន​ភូមិ​ផង​របង​ជាមួយ​កម្ពុជា។

មាន​ប្រតិកម្ម​ជាច្រើន​បាន​ធ្វើឡើង​ ដោយ​ក្រុម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ទៅនឹង​ការណ៍​ដែល​អ្នកស្រី​ យីងឡាក់ មាន​សញ្ជាតិ​ថៃ​តែ​អាច​ប្រើប្រាស់​លិខិត​ឆ្លងដែន​ខ្មែរ​បាន។

VOA​ ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​នាយឧត្តម​សេនីយ៍ គៀត ច័ន្ទថារិទ្ធ​ អគ្គនាយក​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ តែ​មិន​ទាន់​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ក៏ប៉ុន្តែ​លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​បាន​ប្រាប់​VOA​ ​នៅ​ថ្ងៃ​ចន្ទនេះ​ថា របាយការណ៍របស់​កាសែត​ South China Morning Post ​មិន​ពិត​នោះ​ទេ ហើយ​ថា​ សារាចរ​ណែនាំ​ចុងក្រោយ​ស្តីពី​ការ​ចេញ​លិខិត​ឆ្លងដែនកម្ពុជាឲ្យ​ជន​បរទេស​នេះ​ មិនមាន​ទំនាក់​ទំនង​ជា​មួយ​នឹង​សេចក្តី​រាយការណ៍​របស់​កាសែត​ក្នុង​ទីក្រុង​ ហុង កុង​នោះ​ទេ។

«សារាចរ​ណែនាំ​ហ្នឹង​ មិន​មែន​ពាក់​ព័ន្ធ​ជាមួយ​នឹង​ករណីរបស់​លោក​ជំទាវ​ យីងឡាក់ នោះទេ។ អាហ្នឹង​ជា​ការ​ងារ​រដ្ឋបាល​ ក្នុង​ការ​គ្រប់​គ្រង​ឲ្យបាន​ភាព​ប្រសើរឡើង​ ក្នុង​ករណី​passport ​ការងារ​ទូត»។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ​បានបន្ថែមថា​ លេខ​លិខិត​ឆ្លង​ដែន​របស់​អ្នកស្រី​យីងឡាក់ មិន​ស្ថិត​ក្នុង​គល់​បញ្ជី​នៃការ​ចេញ​លិខិត​ឆ្លងដែន​របស់ក្រសួងមហាផ្ទៃ​នោះ​ទេ។

នាយឧត្តមសេនីយ៍​ ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ក៏បាន​អះអាងថា​ សារាចរ​នេះ​គឺ​បាន​ធ្វើ​ឡើង​មុនពេល​ការ​ចេញ​សេចក្តី​រាយការណ៍​របស់​កាសែត​ South China Morning Post។

លោក​សុំ​មិនធ្វើ​អធិប្បាយ​ចំពោះ​ បញ្ហា​ដែល​អ្នកស្រី យីងឡាក់ មានលិខិត​ឆ្លង​ដែន​ចេញ​ដោយ​ប្រទេស​កម្ពុជា។​

«ខ្ញុំ​សុំ​មិន​ធ្វើ​ ធ្វើ​អត្ថាធិប្បាយ​ព្រោះ​ខ្ញុំ​បាន​និយាយ​រួចហើយ​ណារឿង​ហ្នឹង​ណា Ok»។ ​

កាល​ពីសប្តាហ៍​មុន​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ លិខិត​ឆ្លង​ដែន​កម្ពុជា​ដែល​កាន់​ដោយ​អ្នកស្រី យីងឡាក់ គឺ​ជា​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ។

សេចក្តីរាយការណ៍​របស់​កាសែត​ South China Morning Post ​បានឲ្យដឹង​ថា អ្នកស្រី យីងឡាក់​ វ័យ​៥១ ឆ្នាំ​ បាន​ប្រើ​លិខិត​ឆ្លង​ដែន​កម្ពុជា​ ចុះបញ្ជី​ធ្វើ​ជា​នាយក​ក្រុមហ៊ុន​តែ​មួយ​គត់​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ P.T.​ Corporation ​ជា​ក្រុមហ៊ុន​ដែល​បាន​សិទ្ធិ​ស្របច្បាប់​នៅ​ក្នុង​ទីក្រុង​ហុងកុង​ កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា​ឆ្នាំ​២០១៧​ គឺ​ជិត​មួយឆ្នាំ​នៃ​ថ្ងៃ​ដែល​អ្នកស្រី​បាន​និរទេស​ខ្លួន​ នៅមុនការ​កាត់​ទោស​ក្រោម​បទ​ឧក្រិដ្ឋ​នៃ​ការ​ចាត់​ចែង​មិនត្រឹមត្រូវ​ក្នុង​ឧស្សាហកម្ម​ស្រូវអង្ករ។

សេចក្តីរាយ​ការណ៍​ដដែល​បានឲ្យដឹង​ថា​ ក្រសួងមហាផ្ទៃ​កម្ពុជា​ក៏ធ្លាប់​លើកឡើង​ថា​ ខ្លួន​គ្មាន​របាយការណ៍ដែលថា​ អ្នកស្រី យីងឡាក់​ នាយករដ្ឋមន្ត្រី​ថៃ​ពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០១៤​ បាន​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហបុរី តាមរយៈ​ប្រទេស​កម្ពុជា៕

XS
SM
MD
LG