សហរដ្ឋអាមេរិកបានបង្កើនពន្ធគយពី ១០ ទៅ ២០ ភាគរយលើទំនិញនាំចូលរបស់ចិនដែលមានតម្លៃ ២រយពាន់ ដុល្លារ។
នៅថ្ងៃសុក្រនេះ ចិនបាននិយាយថា ខ្លួនមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបង្កើនពន្ធគយនេះហើយថា ចិននឹងចាត់វិធានការចាំបាច់តបតវិញ។ ក៏ប៉ុន្តែ ចិនមិនបានផ្តល់សេចក្តីលម្អិតលើវិធានការនេះទេ។
ការបង្កើនពន្ធគយនេះនឹងចូលជាធរមាន ខណៈមានការការចរចារវាងលោក Liu He ឧបនាយករដ្ឋមន្រ្តីចិន និងលោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនិងលោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ ក្រុមអ្នកចរចាសហរដ្ឋអាមេរិកនិងចិន បានបញ្ចប់ការចរចាលើកទីមួយ ដែលមានគោលបំណងជួយស្រោចស្រង់កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ នៅពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថានឹងមានការការបង្កើនពន្ធគយជាថ្មីលើទំនិញរបស់ចិន។
សេតវិមានបានឲ្យដឹង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា លោកឯកអគ្គរដ្ឋទូត Lightizer និងរដ្ឋមន្រ្តីហរិញ្ញវត្ថុលោក Mnuchin បានជួបជាមួយនឹងលោកប្រធានាធិបតី Trump ដើម្បីពិភាក្សាអំពីការបន្តការចរចាពាណិជ្ជកម្មជាមួយនឹងចិន។ បន្ទាប់មកលោកឯកអគ្គរដ្ឋទូតនិងលោករដ្ឋមន្រ្តីបានទទួលទានអាហារល្ងាចជាមួយនឹងលោក Liu He និងបានយល់ព្រមថានឹងបន្តកិច្ចចរចានៅព្រឹកថ្ងៃស្អែក។
ប្រធានាធិបតី ត្រាំ និយាយកាលពីថ្ងៃព្រហស្បត៍ក្នុងបន្ទប់ Roosevelt នៅសេតវិមានថា៖ «យើងកំពុងខិតកាន់តែជិតទៅនឹងកិច្ចព្រមព្រៀងមួយ បន្ទាប់មក ពួកគេបានចាប់ផ្តើមការចរចាឡើងវិញ»។
ប្រធានាធិបតី ត្រាំ និយាយថា វាជាគំនិតរបស់ពួកគេវិលត្រឡប់មកកន្លែងដើមវិញ ហើយបន្តការចរចាមុនពេលកំណត់នៅថ្ងៃសុក្រនេះ ដើម្បីយកពន្ធគយបន្ថែម។
ប្រធានាធិបតី ត្រាំ និយាយបន្តទៀតថា លោកបានទទួលលិខិតដ៏សំខាន់មួយមកពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលបានសម្តែងនូវមនោសញ្ចេតនានៃការធ្វើការជាមួយគ្នា។ លោកបានប្រាប់អ្នកយកព័ត៌មានថា លោកគិតថា ការយកពន្ធគយសម្រាប់ប្រទេសរបស់យើងមានអានុភាពណាស់។ លោកបាននិយាយថា ការបង្កើនពន្ធគយនេះជាការល្អសម្រាប់សេដ្ឋកិច្ចអាមេរិក។
ទោះយ៉ាងណាក៏ដោយ សេដ្ឋវិទូខ្លះព្យាករណ៍ថា ការយកពន្ធគយបែបនេះនឹងកាត់បន្ថយការរីកលូតលាស់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកចំនួនពាក់កណ្តាលដែលបានឃើញនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ៕