ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា មន្ត្រី​សេដ្ឋកិច្ច​កំពូល​របស់​ខ្លួន​នឹង​ទៅ​ចរចា​ពាណិជ្ជកម្ម​ជុំ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក


លោក​អនុនាយករដ្ឋមន្ត្រី Liu He (​ស្តាំ) និង​លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​អាមេរិក ឈរ​ថត​រូប​ជាក្រុម​នៅ​សណ្ឋាគារ Diaoyutai ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក​អនុនាយករដ្ឋមន្ត្រី Liu He (​ស្តាំ) និង​លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​អាមេរិក ឈរ​ថត​រូប​ជាក្រុម​នៅ​សណ្ឋាគារ Diaoyutai ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រទេស​ចិន​បាន​បញ្ជាក់​ថា អ្នក​ចរចា​កំពូល​របស់​ខ្លួន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​ដើម្បី​ចូលរួម​ចរចា​ពាណិជ្ជកម្ម​ជុំ​ថ្មី​មួយ​ទៀត​នៅ​សប្ដាហ៍​នេះ ទោះបីជា​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​គំរាម​ថា​ នឹង​យក​ពន្ធ​គយ​ថ្មី​ខ្ពស់​ជាង​មុន​លើ​ទំនិញ​ចិន​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ បន្ទាប់ពី​លោក​បាន​ត្អូញត្អែរ​ថា ​ដំណើរការ​ចរចា​នេះ​ចំណាយ​ពេល​យូរ​ជ្រុល​ក៏​ដោយ។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចេញ​នូវ​សេចក្ដី​ប្រកាស​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​ឧបនាយករដ្ឋមន្ត្រី Liu He ដែល​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​កំពូល​របស់​លោក​ប្រធានាធិបតី Xi Jinping នឹង​ជួប​ជាមួយ​នឹង​អ្នក​តំណាង​ពិសេស​អាមេរិក​លោក Robert Lighthizer និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​លោក Steven Mnuchin ដើម្បី​ចរចា​រយៈពេល​ពីរ​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​ត​ទៅ។

ការ​លើក​ឡើង​របស់​លោក Trump នៅ​លើ Twitter អំពី​ពន្ធ​គយ​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​អាស៊ី និង​ទីផ្សារ​ទិញដូរ​ដែល​ប្រគល់​ទំនិញ​ពេល​ក្រោយ​របស់​សហរដ្ឋ​អាមេរិក​ធ្លាក់​ចុះ​ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ និង​បាន​បន្ថែម​ភាព​ស្រពិចស្រពិល​បន្ថែម​ទៀត​ដល់​អនាគត​នៃ​ការ​ចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Geng Shuang បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ប្រទេស​ចិន «ព្យាយាម​ដើម្បី​ឲ្យ​បាន​ព័ត៌មាន​បន្ថែម​ទៀត‍» អំពី​ការ​លើក​ឡើង​របស់​លោក Trump អំពី​ការ​គំរាម​យក​ពន្ធ​គយ​ថ្មី​នេះ។

លោក Trump បាន​សរសេរ​នៅ​លើ Twitter ថា លោក​នឹង​បង្កើន​ការ​យក​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​ចិន​ដែល​មាន​ទឹក​ប្រាក់ ២០០ ពាន់​លាន​ដុល្លារ ពី ១០ ភាគរយ ទៅ ២៥ ភាគរយ នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។

លោក Trump បាន​បន្ថែម​ថា ទំនិញ​ចិន ៣២៥ ពាន់​លាន​ដុល្លារ​ទៀត ដែល​មិន​ទាន់​យក​ពន្ធ នឹង​ត្រូវ​យក​ពន្ធ​ចំនួន ២៥ ភាគរយ។ លោក​មិន​បាន​បញ្ជាក់​ថា​ពេល​ណា​នឹង​យក​ពន្ធ​លើ​ទំនិញ​ទាំង​នេះ​ទេ៕

XS
SM
MD
LG